ជាតិ
បទវិភាគ
តើ​កម្ពុជា​គ្មាន​មធ្យោបាយ​ដោះស្រាយ​រឿង​ថៃ​បាញ់​ពលករ​ខ្មែរ​ទេ​ឬ?
14, Feb 2015 , 10:20 pm        
រូបភាព
ដោយ:
កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ថា​ឈប់​បាញ់​ពលករ​ខ្មែរ​មិនទាន់​ទាំង​ស្ងួត​ទឹកប៊ិច​ស្រួលបួល​ផង ពលរដ្ឋ​ខ្មែរ​បីនាក់​ទៀត​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់​និង​ម្នាក់​រងរបួស​ធ្ងន់​កាលពី​ថ្ងៃទី៥កុម្ភៈ ។ ក្រសួងការបរទេស​ក​ម្ពុ​ជា​បានចេញ​កំណត់​ទូត​តវ៉ា​និង​ថ្កោលទោស​ថៃ​ជាថ្មី។ តើ​កម្ពុជា​ពិតជា​គ្មាន​មធ្យោបាយ​ដោះស្រាយ​ការបាញ់សម្លាប់​ពលរដ្ឋ​របស់ខ្លួន​មែនឬ?



នេះ​មិនមែនជា​លើក​ទី១ទេ ដែល​ភាគី​ថៃ​បាន​បំពាន​កិច្ចសន្យា​ជាមួយ​កម្ពុជា​ជាពិសេស​កិច្ច​សន្យាថា​ឈប់​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​របស់ខ្លួន។ កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​មិនទាន់​ស្ងួត​ទឹកប៊ិច​ស្រួលបួល​ផង ករណី​បាញ់សម្លាប់​ថ្មី​ទៀត​បាន​កើតឡើង។

គួររម្លឹកថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ទឹកដី​ថៃ​ដើម្បី​រក​អនុផល​ព្រៃឈើ ឬ​អ្នក​ខ្លះទៅ​ស៊ីឈ្នួល​គេ​អូស​ឈើ​ក្រញូង​ក្នុងព្រៃ និង​អ្នក​ខ្លះទៀត​គ្រាន់តែ​គេ​សង្ស័យថា​ចោរលួច​ម៉ូតូ​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់​ដូច​សត្វ​ធាតុ។ នេះ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ព្រឺ​ខ្លាច​និង​មិនគួរ​ឲ្យ​ជឿ​ពីព្រោះថា ប្រទេសមួយ​ដែលមាន​អា​រិ​យ​ធម៌​គួរសម​ដែរ​នៅ​អាស៊ី​បែរជា​ក្លាយជា​ប្រទេស​ប្រើ​ច្បាប់​ព្រៃ​សម្លាប់​មនុស្ស​គ្មាន​ច្បាប់ទម្លាប់​បែបនេះ​ទៅវិញ។

ម្តង​ហើយ​ម្តងទៀត ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ស្ទើរតែ​រាប់​ភ្លេច​ទៅហើយ​ទៅកាន់​ក្រសួងការបរទេស​ថៃ​ដើម្បី​សម្តែង​ការ​ថ្កោលទោស និង​ទាមទារ​ឲ្យ​ទាហាន​ថៃ​បញ្ឈប់​អំពើ​អមនុស្សធម៌​នេះ។ កំណត់​ទូត​ទាំង​នោះបាន​ធ្វើឡើង​ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​សកម្មភាព​ដ៏​អមនុស្សធម៌​របស់​ទាហាន​ថៃ​តាម​ព្រំដែន​ដែល​បាន​បាញ់ប្រហារ​មកលើ​ពលរដ្ឋ​ខ្មែរ។ ប៉ុន្តែ កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​មិន​បានធ្វើ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​អំពើ​ឃោរឃៅ​នៃ​កង​ទាហាន​របស់ខ្លួន​ឡើយ។

ជាការ​ពិតណាស់ ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាននាំគ្នា​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ។ ពលរដ្ឋ​ក្រីក្រ​ទាំងនោះ​មានបំណង​ត្រឹម​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹម​គ្រួសារ​តែប៉ុណ្ណោះ។ ដើម្បី​អាច​ចូលក្នុង​ប្រទេស​ថៃ​បាន មាន​អ្នកខ្លះ​បាន​ឆ្លងដែន​ដោយ​ស្របច្បាប់ អ្នកខ្លះ​ទៀត​ដោយ​ខុសច្បាប់​តាម​ច្រករបៀងផ្សេង។ ការឆ្លង​ដែន​ទៅរក​ការងារ​ធ្វើជា​រឿង​មួយ តែ​អ្នកខ្លះ​បាន​ប្រថុយ​ជីវិត​ឆ្លងដែន​ទៅ​ស៊ីឈ្នួល​កាប់​ឈើ​ឲ្យ​គេ​ក្នុងព្រៃ​ក្នុង​ទឹកដី​ថៃ​ដើម្បី​ប្រាក់​បន្តិចបន្តួច។

ទាំងនេះ​ពិតជា​កំហុស​របស់​ពលរដ្ឋ​កម្ពុជា​ទាំងនោះ​ឬក៏​ជា​កំហុស​របស់​អាជ្ញាធរ​ដែ​ន​ដី​ដែល​មិនអាច​ទប់ស្កាត់​ពលរដ្ឋ​របស់ខ្លួន​មិន​ឲ្យ​ឆ្លងដែន​ខុសច្បាប់​ទៅក្នុង​ទឹកដី​គេ​បាន។ ប៉ុន្តែ ទោះជា​ក្នុង​លក្ខខណ្ឌ​ណាមួយ​ក៏ដោយចុះ ការបាញ់សម្លាប់​មនុស្ស​ជា​រឿង​ដែល​មិនអាច​ធ្វើ​បានឡើយ​នៅក្នុង​ប្រទេស​នីតិរដ្ឋ​ដែល​មិនមែនជា​ប្រទេស​ដែល​ប្រើ​ច្បាប់​ព្រៃ​នោះ។ អាជ្ញាធរ​ថៃ​មាន​សិទ្ធិ​ពេញទី​ក្នុងការ​ចាប់ខ្លួន​ពលរ​ដ្ឋ​ខ្មែរ​ទាំងនោះ​ទៅ​ផ្តន្ទាទោស​តាមច្បាប់​របស់ខ្លួន ប៉ុន្តែ មិនមែនជា​ការបាញ់សម្លាប់។

ប៉ុន្តែ ជីវិត​ពលរដ្ឋ​ខ្មែរ​ត្រូវបាន​ទាហាន​ថៃ​ប្រមាថ​ម្តង​ហើយ​ម្តងទៀត។ ចំណែក​ភាគី​កម្ពុជា​វិញ​បានត្រឹមតែ​ធ្វើ​កំណត់​ទូត​តវ៉ា​ដែល​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់​ទៅលើ​ភាគី​ថៃ។ ប្រឈម​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុងភ្នំពេញ​ត្រូវគេ​មើលឃើញថា ខ្វះ​ភាពម៉ឺងម៉ាត់​ក្នុងការ​ការពារ​តម្លៃ​ពលរដ្ឋ​របស់ខ្លួន។ យ៉ាងណាក៏ដោយ ការ​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំងពីរ​កាលពី​ខែ​មុន​អាច​ចាត់ទុកជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ។

ប៉ុន្តែ កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​នេះ​ត្រូវបាន​ថៃ​បំពាន​ជាថ្មី​ពោលគឺ​ជានិច្ចកាល ថៃ​តែង​ប្រើប្រាស់​យុទ្ធសាស្ត្រ ចាប់ដៃ​ជាន់​ជើង ជា​រៀងរហូត។ ក្នុង​បរិបទ​នេះ កម្ពុជា​គួរតែ​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាបន្ទាន់។ ការ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហាដដែលៗកើត​ឡើងជា​កំហុស​ធ្ងន់​ណាស់​របស់​អាជ្ញាធរ។ មធ្យោបាយ​ទី១គឺ អាជ្ញាធរ​កម្ពុជា​ត្រូវ​ពង្រឹង​ការងារ​របស់ខ្លួន​ដែរ​គឺ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​របស់គេ​ជាពិសេស​កុំ​ឲ្យ​មាន​អ្នក​អូសទាញ​ពលរដ្ឋ​ក្រីក្រ​ទៅ​ស៊ីឈ្នួល​អូស​ឈើ​ក្រញូង​តទៅទៀត។

ម្យ៉ាងទៀត ក្នុងរ​ណី​ដែលមាន​ការបាញ់​ប្រា​ហារ​ទៅលើ​ពលរដ្ឋ​ខ្មែរ​ជាថ្មី ការតវ៉ា​គួរតែ​ត្រូវបាន​ដំឡើង​ឲ្យ​ហួស​ពី​កំណត់​ទូត​ដែល​ធ្លាប់​បានធ្វើ។ អ្វីដែល​កម្ពុជា​ត្រូវ​បង្ហាញ​គឺ​មិនមែន​ភាព​អមិត្ត​ជាមួយ​ប្រទេសជិតខាង​ឡើយ​តែ​ជាការ​បង្ហាញ​ភាពម៉ឺងម៉ាត់​ក្នុងនាម​ជា​ប្រទេស​ដែលមាន​សិទ្ធិ​ស្មើមុខ​មាត់​គ្នា និង ជា​ប្រទេស​ដែល​យកចិត្តទុកដាក់​ចំពោះ​ជីវិត​និង​សេចក្តីថ្លៃថ្នូរ​នៃ​ពលរដ្ឋ​របស់ខ្លួន។ ការ​ស្ថិតនៅក្នុង​សភាព​ទ័លច្រក​ចំពោះ​បញ្ហា​នេះ ជាការ​មិនគួរ​គប្បី​សោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com