ជាតិ
សង្គមជាតិ
លោក អា​ឡិច ភ័យខ្លាច​ថា ខ្លួន​នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​នៅមុន​ថ្ងៃទី២០ ខែកុម្ភៈ
15, Feb 2015 , 11:40 am        
រូបភាព
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេច​ចិត្ត​មិន​បន្ត​ទិដ្ឋាការ​អោយ​លោក អា​ឡិច ហ្គ​ន់​សា​ឡេស ប្រធាន​ចលនា​មាតា​ធម្មជាតិ បន្ដ​រស់នៅ​ប្រទេស​កម្ពុជា​ទៀត​ទេ។ ហើយ​រូបលោក​ក៏ត្រូវ​ប្រឈមមុខ នឹង​ការចាប់ខ្លួន​បណ្ដេញចេញ​ពី​ប្រទេស​កម្ពុ​ជាមុន​ថ្ងៃទី២០កុម្ភៈ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​ជនបរទេស​រូបនេះ ។ ជាមួយគ្នានេះ​លោក អា​ឡិច អះអាង​ទៀតថា ការមិន​បន្ដ​ទិដ្ឋាការ​ឲ្យ​រូបលោក ដោយសារតែ​កន្លងមក​លោក​បាន​ចូលរួម​សកម្មភាព​យ៉ាងខ្លាំង​ក្លា ក្នុងការ​ទប់ស្កាត់​ទំនប់​វា​រី​អគ្គិសនី​តំបន់​អា​រ៉ែ​ង។



តាមរយៈឃ្លីបវីដេអូ​ជិត​២នាទី​ដែល​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន លោក អា​ឡិច ហ្គ​ន់​សា​ឡេស ដែល​បានរស់នៅ​ប្រទេស​កម្ពុ​ជាជាង១០ឆ្នាំ​មកហើយ បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បានសម្រេច​មិន​បន្ដ​ទិដ្ឋាការ ( វី​សា ) អោយ​រូបលោក​រស់នៅ​ប្រទេស​កម្ពុជា​ទៀត​ទេ។ លោក អា​ឡិច បន្ដទៀតថា នាយកដ្ឋាន​អន្តោប្រវេសន៍ និង​កោះហៅ​រូបលោក​ឲ្យ​ទៅ​ជួបប្រជុំ ដើម្បី​ចាប់បញ្ជូន​រូបលោក​ចេញពី​ប្រទេស​កម្ពុជា នៅមុន​ថ្ងៃទី២០កុម្ភៈ​នេះ។

បុរស​ជនជាតិ​បរទេស ដែលជា​អ្នកតស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា ប្រឆាំងនឹង​ការសាងសង់​ទំ​បន់​អគ្គិសនី​តំបន់​អា​រ៉ែ​ង អះអាងថា ក្នុងករណី​ក្រសួងមហាផ្ទៃ  សម្រេច​មិន​បន្ដ​ទិដ្ឋាការ​ជូន​រូបលោក​នេះ​ដោយសារតែ​កន្លងមក​លោក​បាន​ចូលរួម​សកម្មភាព​យ៉ាងខ្លាំង​ក្លា ក្នុងការ​ទប់ស្កាត់​ទំនប់​វា​រី​អគ្គីសនី​អា​រ៉ែ​ង។

ប្រធាន​ចលនា​មាតា​ធម្មជាតិ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ថ្មីៗនេះ​រដ្ឋាភិបាល ជាពិសេស​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ចិត្ត​មិន​បន្ត​ទិដ្ឋាការ ( វី​សា ) ចំពោះ​ខ្ញុំ ឬក៏​គេ​កោះហៅ​ខ្ញុំ​ទៅ​ប្រជុំ​ក្នុង​អង្គភាព​អន្តោប្រវេសន៍ ដើម្បី​ចាប់​ខ្ញុំ​និង​ដេញ​ខ្ញុំ​ចេញពី​ប្រទេស​ខ្មែរ​មុន​ថ្ងៃទី២០កុម្ភៈ»។ សកម្មភាព​ដែល​យើង​បានធ្វើ​កន្លងមក​ការពារ​ព្រៃឈើ​នៅ​អា​រ៉ែ​ង​ជា​ព្រៃឈើ​ចុងក្រោយ ជា​ឆ្អឹង​ទទឹង​ក របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ហើយ​នេះ​ដូចជា​រដ្ឋាភិបាល​កំពុង​មាន​គោលបំណង​ដេញ​អា​ឡិច ដើម្បី​អាចមាន​ឱកាស​បំផ្លាញ​តំបន់​អា​រ៉ែ​ង និង​សាង​សង់វា​រី​អគ្គីសនី» ។

កន្លងមក​ជនបរទេស​រូបនេះ ធ្លាប់បាន​រង​ការ​គំរាម​ពី​សំណាក់ លោក ឈាង វុន មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់បាន​គំរាម​បណ្ដេញ​លោក អា​ឡិច ដែលជា​សកម្មជន​អ្នកការពារ​ព្រៃឈើ​តំបន់​អា​រ៉ែ​ង​ខេត្តកោះកុង ចេញពី​ប្រទេស​កម្ពុជា ដោយ​កាលនោះ​លោក ឈាង វុន ចោទ​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ថា បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​រដ្ឋាភិបាល​កម្ពុជា ។
តែ​យ៉ាងណាក៏ដោយ​បញ្ហា​នេះ​ត្រូវបាន​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា  ការបន្ដ​ទិដ្ឋាការ ឬ មិន​បន្ដ​ទិដ្ឋាការ​ជូន​ជនបរទេស​ណាមួយ នោះ​គឺ​សិទ្ធិ​របស់​សាមី​ប្រទេស ក្នុងការ​សម្រេច​ទៅលើ​ជនបរទេស ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា៖«ជនជាតិ​អេស្បាញ​នេះ​អស់​ទិដ្ឋាការ ដូចនេះ​ការសុំ​បន្ដ មិនមែន​ចេះតែ​បន្ដ​ឲ្យ​ទេ គឺ​អាស្រ័យ​លើ​សាមី​ប្រទេស​កម្ពុជា ដែល​សម្រេច»។
ទន្ទឹមនឹងនេះ​លោក ខៀវ សុភ័គ បាន​វាយតម្លៃ​សកម្មភាព​របស់លោក អា​ឡិច​កន្លងមក ដោយ​លោក​បាន​ផ្លែផ្កា​ដូច្នេះ​ថា «យើង​ឃើញថា​សកម្មភាព​ជនបរទេស​នេះ ស្រលាញ់​ខ្មែរ​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត។ ស្ដេច​ខ្មែរ​ច្រើនណាស់ ដែល​សុគត​ដោយសារ​ជនបរទេស»។

ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក លោក នី ចរិយា យល់ឃើញថា ក្នុងករណី​ដែល​នាយកដ្ឋាន​អន្តោប្រវេសន៍  មិន​បន្ត​ទិដ្ឋាការ​ឲ្យ​ជនជាតិ​អេស្បាញ​នោះ គឺអាច​បណ្ដាលមកពីរ​ដ្ឋា​ភិ​បាល​កម្ពុជា មិន​ពេញចិត្ត​និង​សកម្មភាព​របស់លោក អា​ឡិច ដែល​តែងតែ​ចូលរួម​សកម្មភាព​នានា ក្នុងការ​ការពារ​តំបន់​អា​រ៉ែ​ង​កន្លងមក។ ហើយ​លោក​ថា ការមិន​ផ្ដល់​ទិដ្ឋាការ​ជូន​លោក អា​ឡិច​នេះ អាចជា​ការរើសអើង​ជាតិ​សាសន៍ ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ផងដែរ។

លោក​បន្ថែមថា៖«យើង​ឃើញថា ប្រធាន​ចលនា​មាតា​ធម្មជាតិ​រូបនេះ កន្លងមក​រូបគេ​បាន​ចូលរួម​ការពារ​បរិស្ថាន និង​ការចូលរួម​អភិវឌ្ឍ​ន៏​ប្រទេស ដូចនេះ​រដ្ឋាភិបាល​គួរតែ​ផ្ដល់​ទិដ្ឋាការ​រស់នៅ​កម្ពុជា​បន្ដ​ជូន​ជនបរទេស​នេះ។ តែ​បើសិនជា​នាយកដ្ឋាន​អន្តោប្រវេសន៍ មិន​ផ្ដល់​ទិដ្ឋាការ​ជូន​លោក​អា​ឡិច នេះ​អាចជា​ការរើសអើង​ជាតិ​សាសន៍ ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។ ហើយ​នេះ​អាចជា​រឿង​នយោបាយ ដោយសារ​រដ្ឋាភិបាល​មិន​ពេញចិត្ត​ចំពោះ​អា​ឡិច ព្រោះ​យើង​ឃើញថា​លោក អា​ឡិច​ជនជាតិ​អេស្បាញ​នេះ បាន​ចូលរួម​សកម្មភាព​នានា​ការពារ​តំបន់​អា​រ៉ែ​ង​ដែល​ប្រឆាំង​និង​រដ្ឋាភិបាល​កន្លងមក»។

បើតាម​មន្ត្រី​ការពារ​សិទ្ធមនុស្ស​រូបនេះ ក្នុងករណី​រដ្ឋាភិបាល ក៏ដូចជា​នាយកដ្ឋាន​អន្តោប្រវេសន៍ មិនអាច​ផ្ដល់​ទិដ្ឋាការ​បន្ដ​ជូន​លោក អា​ឡិច លុះត្រាតែ​ជនបរទេស​រូបនេះ បាន​ប្រព្រឹត្តិ​បទល្មើស​ដែល​បានចែង​នៅក្នុង​ច្បាប់​អន្តោប្រវេសន៍ ៕





© រក្សាសិទ្ធិដោយ thmeythmey.com