ជាតិ
អង្គរ​សង្ក្រាន្ត៖ អន្សម​យក្ស​ជាង ២ម៉ឺន​ដុល្លារ ចង់​បំបែក​កំណត់ត្រា​ពិភពលោក
15, Feb 2015 , 5:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សមាគម​ចុងភៅ​កម្ពុជា (Cambodia Chefs’ Association) គ្រោង​នឹងធ្វើ​នំអន្សម​យក្ស​ជា លើក​ទី២ សម្រាប់​តាំង​បង្ហាញ​នៅក្នុង​កម្មវិធី​អង្គ​សង្ក្រាន្ត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះ។ បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​សារព័ត៌មាន​កម្ពុជា (AKP) នំអន្សម​យក្ស​ឆ្នាំ ២០១៥នេះ នឹងធ្វើ​ទំហំ​ធំ​ជាង​ឆ្នាំមុន គ្រោង​នឹង​ចំណាយ​ជាង ២ម៉ឺន​ដុល្លារ ដើម្បី​មានឱកាស​ចុះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ប្រចាំឆ្នាំ ២០១៥ ផងដែរ។



បើ​យោងតាម​ការផ្សាយ AKP លោក ចាន់ សុភា អ្នកចាត់ការ​ទូទៅ​នៃ​សមាគម​ចុងភៅ​កម្ពុជា បាន​និយាយថា ការផលិត​នំអន្សម​យក្ស​នេះ ដើម្បី​បង្ហាញ​នូវ​អ្វីប្លែកៗ ដែលជា​ផលិតផល​ប្រពៃ ណី​របស់​ខ្មែរ ជាពិសេស​គឺ​ចង់​បង្ហាញថា កូន​ខ្មែរ​ក៏មាន​សមត្ថភាព​ធ្វើ​អ្វី​បាន​ដូច​ប្រទេស​ដទៃ ដែរ។

លោក ចាន់ សុភា បាន​បន្ត​ឱ្យដឹងទៀតថា នំអន្សម​យក្ស​លើក​ទី២នេះ គ្រោង​នឹង​ចំណាយ ថវិកា​ជាង ២ម៉ឺន​ដុល្លារ​អាមេរិក ដោយមាន​គោលបំណង​ចាប់យក​ឱកាស​ជាប់​នៅក្នុង​សៀវភៅ កំណត់ត្រា​ពិភពលោក​ប្រចាំឆ្នាំ ២០១៥នេះ។

បើតាម​ប្រភព​ដដែល អ្នកចាត់ការ​ទូទៅ​នៃ​សមាគម​ចុងភៅ​កម្ពុជា​ខាងលើ បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទូទាំងប្រទេស ចូលរួម​ជួយ​ថវិកា​ជ្រោមជ្រែង ដើម្បី​ឲ្យ​នំអន្សម​យក្ស​នេះ​ជាប់ កំណត់ត្រា​ពិភពលោក​ផងដែរ។ លោក​ថា មកទល់ពេលនេះ សមាគម​មិនទាន់មាន​ថវិកា គ្រប់គ្រាន់​ក្នុងការ​ផលិត​នំអន្សម​យក្ស​នៅឡើយ។

គួររម្លឹកថា កាលពី​ប្រព្រឹត្ត​អង្គ​សង្ក្រាន្ត​ឆ្នាំ ២០១៤ កន្លងមក ចុងភៅ និង​បុគ្គលិក​ជាង ៥០នាក់ សមាគម​ចុងភៅ​កម្ពុជា (Cambodia Chefs’ Association) បាន​ផលិត​នំអន្សមជ្រូក​យក្ស​ធ្វើ​ពី អង្ករដំណើប​ទម្ងន់​ជាង ៣០០ គីឡូក្រាម ដោយបាន​ចំណាយ​ថវិកា​ជាង ៧ពាន់​ដុល្លារ​អាមេរិក ដាក់​ដង្ហែ និង​តាំង​បង្ហាញ​នៅខាងមុខ​រមណី​ដ្ឋា​ន​អង្គ​វត្ត៕



© រក្សាសិទ្ធិដោយ thmeythmey.com