ជាតិ
បទវិភាគ
ភស្តុតាង​នៃ​ការស្រុតចុះ​នៃ​វប្បធម៌​ខ្មែរក្រោម​ឥទ្ធិពល​វប្បធម៌​បរទេស
15, Feb 2015 , 7:00 pm        
រូបភាព
ដោយ:
ពី​ធី​បុណ្យមាឃបូជា​ដែលជា​បុណ្យប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​សំខាន់ មួយ​បាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃទី៣ ខែកុម្ភៈ។ មាឃបូជា ក៏​ដូច​វិសាខបូជា​ដែរ​សុទ្ធតែ​ជាប់​ពាក់​ព​ន្ធ័​ទៅនឹង​ពុទ្ធប្រវត្តិ​ស្រដៀង នឹង​បុណ្យ​ណូអែល (Christmas) របស់​សាសនា​គ្រឹ​ស្ត។ ប៉ុន្តែ យុវជន​ខ្មែរ​ជាទូទៅ​មិនបាន​ស្គាល់​និង​មិនបាន​ចាប់អារម្មណ៍​ទៅលើ ពិធីបុណ្យ​ដែល​តំណាង​ឲ្យ​ដួងព្រលឹង​របស់ខ្លួន​តាំងពី​ដូនតា​មក​នោះឡើយ។ ផ្ទុយទៅវិញ​គ្រាន់តែ​ថ្ងៃ១៤កុម្ភៈ ចូល​មកដល់​យុវវ័យ​ខ្មែរ​បែរជា នាំគ្នា​ជ្រួលជ្រើម​ជាស្រេច ដើម្បី​ទទួល​អំណរ​បុណ្យ “សង្សារ”ដែល​ពួកគេ​នាំគ្នា​ហៅ​ជំនួស​ឲ្យ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​របស់ បស្ចិមប្រទេស​ទៅវិញ។ តើ​នេះ​មិនមែនជា​ភស្តុតាង​នៃ​ការស្រុតចុះ​យ៉ាងខ្លាំង​នៃ​ប្រពៃណី​ខ្មែរ ទេ​ឬ?


  យុវជន​ខ្មែរ​រង​ឥទ្ធិពល​វប្បធម៌ ដោយ​អបអរ​នឹង​បុណ្យ​Saint Valentin ដូច​ប្រជាជន​អឺរ៉ុប

នៅ​ថ្ងៃទី៣ កុម្ភៈ កន្លងមក គឺជា​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ សិស្ស និស្សិត ឬ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយចំនួន។ គឺ​ឈប់សម្រាក ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ដែលជា​បុណ្យប្រពៃណី​ព្រះពុទ្ធសាសនា ដ៏​សំខាន់។ ប៉ុន្តែ យុវវ័យ​ខ្មែរ​ជាច្រើន​បានដឹង​ត្រឹម​ថា​ជា​ថ្ងៃ​ឈប់សម្រាក ឬ​មួយចំនួនទៀត​ដឹង​ត្រឹម​ថា​ថ្ងៃ​មាឃបូជា តែ​ពួកគេ​មិនបាន​ចាប់អារម្មណ៍​លើ​ពិធី​នេះឡើយ។ ផ្ទុយទៅវិញ គ្រាន់តែ​ថ្ងៃ១៤កុម្ភៈ​ឈានចូល​មកដល់ ពួកគេ​បាន​ផ្តើម​នាំគ្នា​ជ្រួលជ្រើម គិតគូរ​រៀបចំ​ជាស្រេច​ដល់​ពិធីបុណ្យ«សង្សារ» ដែល​គេ​នាំគ្នា​ហៅ​យ៉ាង​ពេញនិយម​ជំនួស​ពាក្យ«បុណ្យ​នៃ​ក្តី​ស្រឡាញ់» (Valentine’s Day ឬ Saint-Valantin) តាមបែប​បស្ចិមប្រទេស​ទៅវិញ។

តាំងពី​ច្រើន​ឆ្នាំ​មកហើយ យុវវ័យ​ខ្មែរ​កាន់តែ​ច្រើនឡើង​បាន​ទទួលយក​វប្បធម៌​បែប​បស្ចិមប្រទេស កាន់តែ​ច្រើនឡើង និង​យ៉ាង​ងប់​ង​ល់។ ពិធីបុណ្យ​ដែល​យុវវ័យ​ខ្មែរ​និយម​ចូលចិត្ត​ជាងគេ​មានដូចជា បុណ្យ Christmas, Valentine’s Day ដែល​គេ​ហៅថា«បុណ្យ​សង្សារ» ឬ Birthdayតាមបែប​បស្ចិមប្រទេស។ វា​មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​ក្រីក្រ​ដែល​កំពុង​អភិវឌ្ឍ និង​កំពុង​បើកចំហ​ទៅកាន់​ពិភពលោក ដែល​ត្រូវ​ទទួលរង​ឥទ្ធិពល​ពី​ប្រទេស​ដែលមាន​អរិយធម៌​ជឿនលឿន​នោះ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​គឺ​ភាព​ងប់​ង​ល់​របស់​យុវជន​ដែលមាន​គ្រឹះ​នៃ អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន​នៅ​ទន់ជ្រាយ​នៅឡើយ។

ម្យ៉ាងទៀត ការរៀបចំ​អបអរ​បុណ្យ​បស្ចិមប្រទេស​ទាំងនោះ​ក៏​គ្មានអ្វី​ខុស​ទាស់​ដែរ ប្រសិនបើ​ពួកគេ​មាន​ចេតនា​ត្រឹមតែ​ចូលរួម​អបអរ​ជាមួយ​មិត្ត​ភ័ក្តិ​បរទេស ដើម្បី​កម្សាន្ត​សប្បាយ​នោះ ប៉ុន្តែ គ្រោះថ្នាក់​នៅត្រង់ថា ពិធីបុណ្យ​ទាំងនោះ​ត្រូវបាន​គេ​ចាត់ទុកជា​ទំនៀមទម្លាប់​របស់ខ្លួន និង​ថែមទាំង​បាន​កាឡៃ​អត្ថន័យ​របស់​វា​ទៅរក​ផ្លូវខុស ដើម្បី​គោលដៅ​ផ្សេង​ទៅវិញ។ ជាក់ស្តែង អ្វីដែល​ធ្ងន់ធ្ងរ​បំផុត គឺ Valentine’s Dayនេះ​តែម្តង។ ក្នុង​អារម្មណ៍​ដែល​ប្រកបដោយ​ភាព​ស្រើបស្រាល​របស់​យុវវ័យ​ខ្មែរ Valentine’s Dayដែល​ពួកគេ​កាឡៃ​ទៅជា «បុណ្យ​សង្សារ»នោះ គឺជា​ថ្ងៃ​ដែល​ពួកគេ​ត្រូវធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​គូសង្សារ​របស់ខ្លួន ដែលជា​ទូទៅ គឺ​សំដៅលើ​ការ​រួមភេទ​នេះឯង។ និន្នាការ​នេះ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរទៅៗជា​លំដាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ក្រុមអ្នកតាមដាន​ការ​វិវឌ្ឍន៍​សង្គម​កម្ពុ​ជា​បាន​មើលឃើញ​ចំណុច គ្រោះថ្នាក់​សម្រាប់​យុវវ័យ​ខ្មែរ ដែល​កំពុងតែ​ងប់​ង​ល់​ទៅនឹង​ភាព​ភ្លើតភ្លើន​គ្មាន​ព្រំដែន និង​គ្មាន​មូលដ្ឋាន​ទាំងនេះ។ ការសិក្សា​ដ៏​ដូចជា​តាម​ការដឹង និង​ការមើលឃើញ​ជាទូទៅ​ដែរ មាន​យុវវ័យ​ជាច្រើន និង​ពេលខ្លះ​សិស្សសាលា​ដែល​មិនទាន់​គ្រប់​អាយុ​ផង​បាន​ប្រឡូក​យ៉ាងសកម្ម និង​តាមបែប​អនាធិបតេយ្យ​ទៅក្នុង​សកម្មភាព​អសីលធម៌ និង​ខុស​ប្រពៃណី​នេះ។ ការជូន​អំណោយ​ឲ្យ​គ្នា ការ​ណាត់​ជួបគ្នា ដើម្បី​សម្តែង​អារម្មណ៍​ស្នេហា​នៅតាម​ទីសាធារណៈ រមណីយដ្ឋាន ឬ​នៅតាម​ផ្ទះសំណាក់ គឺជា​និន្នាការ​កំពុង​ពេញនិយម។ នៅពេលដែល​យុវវ័យ​ងប់​ង​ល់ និង​វក់វី​នឹង​រឿង​ស្ន​ហា​ដ៏​ស្រើបស្រាល​នេះ ពួកគេ​ប្រាកដ​ណាស់​ថា នឹង​ភ្លេច​ការសិក្សា។ តើ​នេះ​មិនមែនជា​គ្រោះថ្នាក់​សម្រាប់​សង្គម​ខ្មែរ​ទេ​ឬ?

ប្រឈមមុខ​ទៅនឹង​បញ្ហា​អស់ទាំង​នេះ អ្នក​តម្រង់ទិស​សង្គម​ទាំងឡាយ រួមទាំង​ឪពុកម្តាយ ឬ​អាណាព្យាបាល​ទាំងឡាយ​ត្រូវតែមាន​វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់ ឬ​តម្រែតម្រង់​យុវវ័យ ឬ​កូនចៅ​របស់ខ្លួន​ឲ្យ​ចៀស​ផុតពី​គ្រោះថ្នាក់។ ការហូរចូល​នៃ​វប្បធម៌​បរទេស​ជា​រឿង​ដែល​មិនអាច​ចៀសវាង​បាន ប៉ុន្តែ ការ​បណ្តែតបណ្តោយ​ឲ្យ​កូន​ខ្មែរ​ទទួលយក​វប្បធម៌​ទាំងនោះ​ទាំង​ងងឹតងងល់​ដោយ គ្មាន​ប្រទីប​បំភ្លឺ​ផ្លូវ គឺជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​អនាគត​សង្គម​កម្ពុជា។ បច្ចុប្បន្ននេះ អ្វីដែល​ច្បាស់លាស់​គឺ សីលធម៌ វប្បធម៌ និង​ប្រពៃណី​ខ្មែរ​កំពុងតែ​ស្រុតចុះ​ដុនដាប ដែល​ទាមទារ​ឲ្យ​ទាំងអស់គ្នា​ជួយ​ជ្រោមជ្រែង ដើម្បី​សង្គ្រោះ​ចេញពី​គ្រោះថ្នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com