ជាតិ
សង្គមជាតិ
អ្នកគ្រូ នាង ផល្លា៖ ជោគជ័យ​ណាមួយ​ដែល​ខ្ញុំ​ទទួលបាន គឺជា​​ជោគ​ជ័យ​របស់​អង្គការ
15, Feb 2015 , 8:00 pm        
រូបភាព
អ្នកស្រី នាង ផល្លា ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម១០នាក់​ចុងក្រោយ​ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី​បេក្ខជន​រាប់ពាន់នាក់​ទូទាំង​ពិភពលោក​សម្រាប់​ប្រជែង​យក​រង្វាន់​គ្រូ​ឆ្នើម​សកល Global Teacher Prize ដែលមាន​ទឹកប្រាក់១លាន​ដុល្លា​អាមេរិក ក្រោម​ការរៀបចំ​របស់​មូលនិធិ​អប់រំ Varkey Foundation នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត។ អ្នកគ្រូ​ដែលមាន​បទពិសោធន៍​ជាង២០ឆ្នាំ​លើ​ការបង្រៀន​កុមារ​ពិការភ្នែក​នៅ​កម្ពុជា​រូបនេះ បាន​សម្តែង​នូវ​ការរីករាយ​ដែល​ការងារ​របស់ខ្លួន​មានការ​ទទួលស្គាល់​ជាស​កល ហើយ​លោកស្រី​បាន​បញ្ជាក់ថា ជោគជ័យ​ណាមួយ​ដែល​លោកស្រី​ទទួលបាន​គឺជា​ជោគជ័យ​រួម​របស់​អង្គការ មិនមែន​សម្រាប់តែ​គាត់​ម្នាក់​នោះឡើយ។




យោងតាម​ការប្រកាសរ​បស់​មូល​និ​ធី Varkey Foundation កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ អ្នកស្រី នាង ផល្លា និង​បេក្ខជន៩នាក់​ទៀត​ត្រូវបាន​ជ្រើសរើស​ចេញពី​បញ្ជី៥០នាក់​ចុងក្រោយ​សម្រាប់​កម្មវិធី Global Teacher Prize។ បេក្ខជន៩នាក់​ទៀត មាន លោក Azizullah Royesh (អា​ហ្វ​ហ្គា​នី​ស្ថាន) លោកស្រី Kiran Bir Sethi (ឥណ្ឌា) លោក Guy Etienne (ហៃ​ទី) លោកស្រី Jacqueline Jumbekahura (កេ​ន​យ៉ា) លោកស្រី Nancie Atwell (អាមេរិក) លោក Richard Spencer (អង់គ្លេស) លោក Stephen Ritz (អាមេរិក) លោកស្រី Naomi Volain (អាមេរិក) និង​លោក Madenjit Singh (ម៉ាឡេស៊ី)។

 អ្នកស្រី នាង ផល្លា បានចាប់ផ្តើម​ធ្វើការ​ជាមួយ​កុមារ​ពិការភ្នែក​នា​ឆ្នាំ១៩៨៦ ក្នុងតួនាទី​ជា​នាយិកា​សាលា​មួយ​របស់​អង្គការសហប្រជាជាតិ​នៅ​ជំរុំ​ភៀសខ្លួន លើទឹក​ដី​ថៃ។ អ្នកស្រី បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៩៣ ហើយ​បាន​ក្លាយជា​គ្រូបង្រៀន​អក្សរ​ប្រាយ (សម្រាប់​កុមារ​ពិការភ្នែក) ជា​លើកដំបូង​នៅ​កម្ពុជា។

អ្នកស្រី ផល្លា បានរួម​ចំណែក​យ៉ាង​ផុសផុល​ក្នុង​ការបើក​ឲ្យ​មាន​សាលា​កុមារ​ពិការភ្នែក នៅក្នុង​ប្រទេស និង​ការបង្កើត​អក្សរ​ប្រាយ​ជា​ភាសា​ខ្មែរ។ ក្រៅពីនេះ អ្នកគ្រូ​ដ៏​ឆ្នើម​រូបនេះ បាន​បង្រៀន​ជំនាញ​យ៉ាងច្រើន​ដល់​កុមារ​ពិការភ្នែក​ដូចជា​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​ជាដើម។

អ្នកស្រី នាង ផល្លា ដែល​បច្ចុប្បន្ន​ជា​នាយិកា​សាលា​កុមារ​ពិការភ្នែក​ភ្នំពេញ​ថ្មី និង​ជា​ប្រធាន​សម្របសម្រួល កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី គឺជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​កម្ពុជា​ដែល​ត្រូវ​ប្រជែង​យកប្រាក់ រង្វាន់១លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី Global Teacher Prize។

ក្នុងចំណោម​បេក្ខជន​ទាំង៥០រូប មាន​មកពី២៦ប្រទេសផ្សេងៗគ្នា ដែល​ក្នុងនោះ​មាន​គ្រូបង្រៀន​ពី​សហរដ្ឋអាមេរិក​ចំនួន១៦នាក់ កាណាដា៣នាក់ ឥណ្ឌា៣នាក់ អង់គ្លេស២នាក់ អូស្ត្រាលី២ អ៊ីតាលី២ ហ្ស៊​កដា​នី២ រីឯ​បណ្តា​ប្រទេស​ដែលមាន​បេក្ខជន​មួយរូប​រួមមាន កម្ពុជា ចិន អា​ហ្វ​ហ្គា​នី​ស្ថាន អា​សៀ​បៃ​ហ្ស​ង់ អេ​ស្តូ​នី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ហៃ​ទី កេ​ន​យ៉ា ម៉ា​សេ​ដូ​នី ម៉ា​ដា​ហ្គា​ស្កា ម៉ាឡាវី ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក ម៉ា​រ៉ុ​ក អេ​ស្ប៉ា​ញ តង់​ហ្សា​នី ហូ​ឡង់ តួ​ក​គី និង​អ៊ូ​ហ្គ​ង់​ដា។

បេក្ខជន​ទាំង៥០រូប​បាន​ត្រូវ​ជ្រើស​ចេញពី​បេក្ខជន​ទាំង៥០០០នាក់ មកពី១២៧ប្រទេស​ទូទាំង​ពិភពលោក។ ១០នាក់​ត្រូវបាន​ជ្រើសរើស​ពី៥០នាក់ ខណៈ​ជ័យលាភី​ដែល​ត្រូវ​ឈ្នះ​ប្រាក់រង្វាន់១លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ប្រកាស​នា​វេទិកា Global Education and Skills Forum នៅក្នុង​ទីក្រុង​ឌូ​បៃ នា​ថ្ងៃទី១៦ ខែ​មិនា ឆ្នាំ២០១៥ ។

អ្នកគ្រូ ផល្លា បាន​លើកឡើងថា៖ «ជោគជ័យ​ណាមួយ​ដែល​ខ្ញុំ​ទទួលបាន គឺជា​ជោគជ័យ​រួម​របស់​អង្គការ មិនមែនជា​ស្នាដៃ​របស់ខ្ញុំ​តែម្នាក់ឯង​នោះឡើយ»។ អ្នកស្រី ក៏​មិន​បានដាក់​ក្តីសង្ឃឹម​ខ្ពស់​ដែរ​ថា ខ្លួន​អាចមាន​វាសនា​ឈ្នះ​ទឹកប្រាក់១លាន​ដុល្លារ ប៉ុន្តែ​គាត់​រីករាយ​ដែល​ខ្លួន​ឈានដល់​តំណាក់កាល១០នាក់​ចុងក្រោយ។

នា​រសៀល​ថ្ងៃ​ចន្ទ ទី១៦ ខែកុម្ភៈ អង្គការ​គ្រួសារ​ថ្មី​ដែលមាន​ទីស្នាក់ការ​នៅ​ភ្នំពេញ​ថ្មី នឹង​រៀបចំ​ពិធី​អបអរ​ជូន​ដល់​អ្នកគ្រូ​នាង ផល្លា ដោយមាន​ការចូលរួម​ផងដែរ​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា៕



© រក្សាសិទ្ធិដោយ thmeythmey.com