ជាតិ
ពិភពតារា៖ អ៊ុន អាលីហ្សានៅមិនទាន់ប្រាកដថា ពេលណានៅឡើយ 
×![]()
ភ្នំពេញ៖តារាសម្តែងស្រីទម្រង់មុខពងក្រពើចង្ការស្រួចនាងអ៊ុនអាលីហ្សាបានប្រាប់ឲ្យដឹងថាទោះបីជាពេលនេះអ្នករួមអាជីពរបស់នាងបានចូលរោងការជាបន្តបន្ទាប់ក៏ដោយតែនាងនិងសង្សារនៅមិនទាន់ប្រាកដក្នុងចិត្តនៅឡើយទេថាត្រូវដឹកដៃគ្នាចូលរោងការនៅពេលណានោះ។
បើទោះបីជាតារាប្រុសស្រីជាច្រើនបានសម្រេចចិត្តដឹកដៃមនុស្សជាទីស្រលាញ់ចូលរោងការសំពះផ្ទឹមដើម្បីចាប់កសាងសុភមង្គលក្នុងការរស់នៅជាលក្ខណៈជីវិតគូជាបន្តបន្ទាប់តែតារាស្រីដែលទស្សនិកជនស្គាល់នាងច្បាស់តាមរយៈការសម្តែងជាតួកាចឆ្នាសឆ្នើមកញ្ញាអាលីហ្សាបែរជាប្រាប់ឲ្យដឹងថាទោះជានាងបានចំណាយពេលក្នុងការមើលចិត្តជាមួយសង្សារច្រើនឆ្នាំក៏ដោយក៏ពេលនេះនាងនៅតែរក្សាចិត្តមិនទាន់ចង់រៀបការដដែលដោយមួយរយៈពេលនេះពួកនាងកំពុងតែមមាញឹកជាមួយការងាររៀងខ្លួនម្យ៉ាងនាងក៏មិនទាន់បានត្រៀមខ្លួនធ្វើជាប្រពន្ធឬក៏ម្តាយរបស់កូននៅឡើយទេព្រោះថារវល់ជាមួយការងារច្រើនពេកមិនទាន់បានគិតពីរឿងហ្នឹង។
តារាស្រីដែលធ្លាប់តែត្រូវបានទស្សនិកជនគ្រប់មជ្ឈដ្ឋានមានការខឹងសម្បារទៅលើនាងដោយសារតែការសម្តែងជាតួកាចឆ្នាសឆ្នើមឈ្នានីសគេរូបនេះបានប្រាប់ឲ្យដឹងថា“ទោះជាខ្ញុំនិងសង្សារបានចំណាយពេលជាច្រើនឆ្នាំមើលចិត្តថ្លើមគ្នាក៏ពិតមែនតែរហូតមកដល់ពេលនេះខ្ញុំនៅមិនទាន់ចងគិតពីរឿងនេះទេដោយសារចង់ទុកពេលសម្រាប់ការងារនិងកើបលុយតិចសិនម្យ៉ាងមុននិងរៀបការគឺត្រូវចំណាយពេលវេលាយ៉ាងតិចណាស់ក៏កន្លះឆ្នាំដែលដើម្បីរៀបចំតែរហូតមកដល់ពេលនេះពួកខ្ញុំនៅមិនទាន់អាចដកឃ្លាពីការងារបាននៅឡើយដូច្នេះហើយទើបមិនទាន់ចង់។
គួររំលឹកថានាពេលកន្លងមកតារាស្រីរូបនេះធ្លាប់លេចឮព័ត៌មានថាមានបញ្ហាប្រះស្រាំជាមួយគូស្នេហ៍រហូតដល់ត្រូវបង្ខំឲ្យនាងចេញទៅធ្វើចិត្តនៅក្រៅប្រទេសមិនតិចខែនោះទេទម្រាំតែត្រឡប់មកវិញនោះត្រូវបានកញ្ញាអាលីហ្សាបញ្ជាក់ឲ្យដឹងថាកាលដែលនាងចេញទៅក្រៅប្រទេសនោះមិនមែនដោយសារតែមូលហេតុដូចខាងលើទេគឺនាងចេញទៅសម្តែងដើម្បីរកប្រាក់ដូចអ្នកសិល្បៈដទៃដែរហើយបើនិយាយពីចំណងស្នេហារវាងនាងនិងគូស្នេហ៍នោះគឺនៅតែធម្មតាដូចកាលគ្រាមុនដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com