ជាតិ
​​​ន​យោ​បាយ​ជាតិ​
អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ច្រានចោល​របាយការណ៍​អង្គការ​លីកាដូ
17, Feb 2015 , 2:20 pm        
រូបភាព
លោក គុយ ប៊ុន​សន អគ្គ​នាយក​ពន្ធនាគារ ក្រសួងមហាផ្ទៃ
លោក គុយ ប៊ុន​សន អគ្គ​នាយក​ពន្ធនាគារ ក្រសួងមហាផ្ទៃ
មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក គុយ ប៊ុនសន បាន​បដិសេធ ចំពោះ​ការចេញផ្សាយ​នូវ​របាយការណ៍​របស់​អង្គការ​លីកាដូ កាលពីពេលថ្មីៗនេះ ដែល​បាន​ចោទប្រកាន់ មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រថា មិនបាន​បំពេញ​តួនាទី និង​ខ្វះ​ការទទួលខុសត្រូវ​នៅក្នុង​ភារកិច្ច​របស់ខ្លួន​នោះ គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ នេះ​បើតាម​ការចុះផ្សាយ​នៅ​ថ្ងៃទី១៧ កុម្ភៈ​នេះ របស់​ស្នងការដ្ឋាន​នគរបាល​ជាតិ ។



ស្នងការដ្ឋាន​នគរបាល​ជាតិ ស្រង់​សំដី​លោក គុយ ប៊ុនសន ប្រតិកម្ម​ច្រានចោល ចំពោះ​ការលើកឡើង​របស់​អង្គការ​លីកាដូ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា លោក​មិន​ទទួលស្គាល់​នូវ​របាយការណ៍​របស់​លីកាដូ​ឡើយ ហើយ​លោក​ចាត់ទុក​របាយការណ៍​នោះ​ថា គឺធ្វើឡើង​ដោយ​គ្មាន​ភាពជាក់លាក់។ ទន្ទឹមនឹងនេះ​លោក​បាន​បញ្ជាក់ថា ការលើកឡើង​នូវ​កំហុសឆ្គង​របស់​

អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ ក្នុងការ​បំពេញ​តួនាទី គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ពិតប្រាកដ​ឡើយ។
អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​រូបនេះ​បន្ថែម​ដូច្នេះ​ថា៖«ខ្ញុំ​បានឃើញ​រួចហើយ នូវ​របាយការណ៍១៧ទំព័រ​របស់​លីកាដូ​នោះ ហើយ​ការចេញផ្សាយ​របាយការណ៍​នេះ គឺ​គ្មាន​ការឆ្លុះ​នូវ​ការពិត និង​មិនជា​ក់លាក់​ពី​ទិដ្ឋភាព​ពិត​ក្នុង​ពន្ធនាគារ​ឡើយ»។

របាយការណ៍ លេខ​ទី២ ដែលមាន​កម្រាស់១៧ទំព័រ ចេញផ្សាយ​កាលពី​ថ្ងៃទី១៤កុម្ភៈ របស់​អង្គការ​លីកាដូ​នេះ មាន​ចំណងជើង​ថា «កុមារភាព នៅក្នុង​ពន្ធនាគារ ការ​ចម្រើន​វ័យ​ក្នុង​ពន្ធនាគារ​កម្ពុជា៖រឿងរ៉ាវ​របស់​ដា​រ៉ា»។ ដា​រ៉ា គឺជា​ឈ្មោះ​របស់​ក្មេងប្រុស​ម្នាក់​ដែល​បាន​រស់​ជាមួយ​ឪពុកម្តាយ ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឬ​ពន្ធនាគារ​តាខ្មៅ។

យោងតាម​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ​នេះ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែមករា​ឆ្នាំ២០១៥ មាន​កុមារ​ចំនួន៣៩នាក់ ដែលមាន​អាយុ​ចន្លោះ​ពី១ខែ​ដល់៤ឆ្នាំ កំពុង​រស់នៅ​ជាមួយ​ម្តាយ​ជាប់ពិរុទ្ធ​ក្នុង​ពន្ធនាគារ​ចំនួន១៨កន្លែង នៅ​កម្ពុជា ដែល​អង្គការ​លីកាដូ​បាន​សិក្សា​ស្រាវជ្រាវ។ ក្នុងចំណោម​ទាំង​កុមារ​ទាំង៣៩នាក់​នោះ មាន​កុមារ​ប្រមាណ​ជាង​ពាក់កណ្តាល បានចាប់កំណើត​នៅក្នុង​ពន្ធនាគារ កំពុងតែ​ខ្វះ​ការថែទាំ ខ្វះ​ការអប់រំ និង​មានការ​លូតលាស់​ផ្នែក​រាងកាយ​យឺតយ៉ាវ ដែល​កត្តា​នេះ​គឺជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​នៃ​បញ្ញា​ស្មារតី​របស់​ពួកគេ។ ហើយ​កុមារ​ស្ទើរតែ​ទាំងអស់ មិនបាន​ចងចាំ ឬ​មិន​ធ្លាប់​ស្គាល់​ជីវភាព​នៅក្រៅរ​បងពន្ធ​នាគារ​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com