ជាតិ
សង្គមជាតិ
ប្រឹង​ធ្វើជា«កូនកាត់​ចិន»នឹង​គេ កុំឱ្យខុសគេ ឬ​ខ្មាស​គេ​នៅក្នុង​សង្គម​ខ្មែរ!
01, Feb 2022 , 2:00 pm        
រូបភាព
ភ្នំពេញ៖ ទម្លាប់​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន និង​វៀតណាម​នៅក្នុង​សង្គម​ខ្មែរ អាច​នឹង​ក្លាយទៅជា​ប្រពៃណី ដែល​មិនអាច​កែ​ឡើងវិញ​បានឡើយ។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​អ្នក​ប្រារព្ធ​ពិធីបុណ្យ​មួយ​នេះ​នៅ​កម្ពុជា ចេះតែ​បន្ត​កើនច្រើនឡើងៗគ្មាន​ទីបញ្ចប់។ តើ​មូល​ហេតុអ្វី​បានជា​កូន​ខ្មែរ​សុទ្ធ​ចង់​ក្លាយជា​កូនកាត់​ចិន​នឹង​គេ​ដែរ?



ក្នុង​ទសវត្សរ៍៨០ កូន​ខ្មែរ​កាត់​ចិន ឬ​កូន​ចិន​កាត់​ខ្មែរ​ភាគច្រើន មិនសូវ​ហ៊ាន​បង្ហាញ​វត្តមាន​ពេញលេញ​នៅក្នុង​សង្គម​ខ្មែរ​ឡើយ។ មូលហេតុ គឺ​ដោយសារ កាលនោះ ប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​ការចង្អុលបង្ហាញ​មួយផ្នែក​ពី​ប្រទេស​វៀតណាម ហើយ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នយោបាយ មិនសូវ​ត្រូវរ៉ូវ​គ្នា​ទេ។

ក្នុងអំឡុង​ឆ្នាំ៨០ ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម ត្រូវបាន​គេ​ធ្វើឡើង​ដែរ។ តែ​ស្ថិតក្នុង​រូបភាព​តូចតាច។ ក្នុង​ទសវត្សរ៍៩០ នៅពេលដែល​ប្រទេស​កម្ពុជា​បើកចំហរ​សេដ្ឋកិច្ច​ទីផ្សារ បើកចំហរ​នយោបាយ​ពហុបក្ស ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន និង​វៀតណាម កាន់តែ​ត្រូវ​បើកចំហរ​ខ្លាំងឡើងៗនៅក្នុង​សង្គម​ខ្មែរ។ ក្នុង​ទសវត្សរ៍២០០០ និន្នាការ​ចេះតែ​បន្ត​កើនឡើង និង​កាន់តែ​កើនឡើង​ខ្លាំង​ថែមទៀត​នៅពេល​បច្ចុប្បន្ននេះ។ មិន​ថា​កូន​ខ្មែរ​កាត់​វៀតណាម ឬ​កូន​វៀតណាម​កាត់​ខ្មែរ កូន​ខ្មែរ​កាត់​ចិន ឬ​កូន​ចិន​កាត់​ខ្មែរ ឬ​កូន​ខ្មែរ​សុទ្ធ​ទេ ពួកគេ​សុទ្ធតែ​ចង់​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម​ទាំងអស់។ មិន​ថា​នៅក្នុង​ក្រុង ឬ​ជនបទ​ទេ។ ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវបាន​គេ​អបអរសាទរ​ដោយ​បង្ហាញ​ទង្វើ​ជាក់ស្តែង​តាមរយៈ​ការ​សែនព្រេន ឬ​អបអរ​ដោយ​ធ្វើឡើង​តាមរយៈ​ការចូលរួម​សប្បាយ​ជា​ផ្នែក​អារម្មណ៍។

ដោយសារតែ​ឥទ្ធិពល​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​ចិន​កំពុងតែ​គ្របដណ្តប់​លើ​សង្គម​ខ្មែរ​ខ្លាំងពេក អ្នកណា​ដែល​មិន​តាំងខ្លួន​ធ្វើជា«កូនកាត់​ចិន»ហាក់បីដូចជា​ចម្លែក​ទៅវិញ។ ដូច្នេះ ចង់​មិន​ចង់ សូម្បីតែ​កូន​ខ្មែរ​សុទ្ធសាធ ក៏ត្រូវ​តាំងខ្លួន​ធ្វើជា«កូនកាត់​កូន​ចិន»ដើម្បី​សម្រប​ខ្លួន​ទៅនឹង​គេ​ដែរ៕ 




© រក្សាសិទ្ធិដោយ thmeythmey.com