ជាតិ
សេដ្ឋកិច្ច
ផលិតផល​ខ្មែរ​នឹងត្រូវ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​អន្តរជាតិ​នៅ​បារាំង និង​ចិន
21, Feb 2015 , 4:00 pm        
រូបភាព
ភ្នំពេញ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សមាគម​លើកកម្ពស់​ម្រេច​កំពត និង​ពាណិជ្ជករ​ខ្មែរ​ដទៃទៀត​ត្រូវបាន​ជំរុញ​អោយចូល​រួមការ​តាំងពិព័រណ៍​អន្តរជាតិ​នៅក្នុង​ខេត្ត Bordeaux នៃ​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃទី៨ដល់​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៥ខាងមុខនេះ និង​នៅក្នុង​ប្រទេស​ចិន​នៅក្នុង​ខែមិថុនា។



សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ខ្មែរ បាន​រាយការណ៍​បន្តថា អ្នកចូលរួម​ទស្សនា​ពិព័រណ៍​អន្តរជាតិ​លើក​ទី៩៣នៅក្នុង​ប្រទេស​បារាំង​នេះ អាចមាន​ចំនួន​ប្រមាណ​ជា៣០ម៉ឺន​នាក់។ នេះ​គឺជា​ពិព័រណ៍​កសិកម្ម និង​ពហុ​វិស័យ​ផ្សេងទៀត។

ក្រោយពី​ពិព័រណ៍​នៅក្នុង​ប្រទេស​បារាំង ក្រុមហ៊ុន​ខ្មែរ​ក៏ត្រូវ​បាន​គេ​អញ្ជើញ​អោយចូល​រួម​ពិព័រណ៍​ខ្នាត​អន្តរជាតិ​នៅក្នុង​ខេត្ត​យូ​ណាន់​នៃ​ប្រទេស​ចិន​ដែរ​ចាប់ពី​ថ្ងៃទី៦ដល់​ថ្ងៃទី១០ខែមិថុនា​ឆ្នាំ២០១៥ ។ ពិព័រណ៍​នៅក្នុង​ខេត្ត​យូ​ណាន់​មាន​ឈ្មោះថា«ពិព័រណ៍​ពាណិជ្ជកម្ម​នាំចេញ-ចូល គុន​មិញ​ចិន​លើក​ទី២៣ និង​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ី​ខាងត្បូង​លើក​ទី៣» ។

ក្រុមហ៊ុន​មកពី​អាស៊ីអាគ្នេយ៍ និង​ពី​ភូមិភាគ​អាស៊ី​ខាងត្បូង​ត្រូវបាន​គេ​អញ្ជើញ​អោយចូល​រួម​ដាក់​បង្ហាញ​ផលិតផល​នៅ​ទីនោះ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ផលិតផល​ខ្មែរ​បានបង្ហាញ​វត្តមាន​ច្រើន​នៅលើ​ទីផ្សារ​របស់ខ្លួន។ ប៉ុន្តែ​គុណភាព និង​សិល្បៈ​នៃ​ការ​វេច​ខ្ចប់​នៅ​ចោទ​ជា​បញ្ហា​នៅឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com