កីឡាជាតិ
ជាតិ
ស្ដេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់​មិនទាន់​ត្រៀមខ្លួន​សម្រាប់​ប្រកួត​ឆ្នាំ​ថ្មី​នេះ​ទេ
23, Feb 2015 , 11:33 am        
រូបភាព
ដោយ:
លោក ឈាវ បូរ៉ា ម្ចាស់​ជើងឯក​អុកចត្រង្គ​កាលពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់ នៅ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ទេ​ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ​នៅ​ឆ្នាំ​ថ្មី​នេះ​ ដែល​នឹង​ចាប់ផ្ដើម​ដើមខែ​មីនា ខាងមុខនេះទេ​ ព្រោះលោក​ជាប់រវល់​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន។



យោងតាម​លិខិត​លេខ ០១៨ គ.ជ.អ.ក របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ការប្រកួត​ធ្វើឡើង​ចំនួន ២ លើក ដោយ​លើក​ទី១ ជម្រុះ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ៤ ដល់ ៧ ខែ មីនា ឆ្នាំ ២០១៥ ហើយ​ជើង​ខ្លាំង​ចំនួន ៨ នាក់​នឹងមាន​ឈ្មោះ​ទៅលេង​ជុំ​ទី២ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០១៥ ។

លោក ឈាវ ប៉ូ​រ៉ា លើកឡើងថា លោក​ជាប់​បើកហាង​កាហ្វេ​មួយកន្លែង​នៅ​ម្ដុំ​បុរី​កីឡា ហើយ​មិនសូវមាន​ពេល​សម​ដៃ​លើ​សមរភូមិ​អុកចត្រង្គ ប៉ុន្ដែ​លោក​នឹង​ប្រើពេល ៣ ថ្ងៃ​ប៉ុណ្ណោះ​មុន​ការប្រកួត គឺ​គ្រប់គ្រាន់ ក្នុង​រំលឹក​ពី​បច្ចេកទេសខ្លះៗ ដើម្បី​ការត្រៀម​ការពារ​តំណែង​ជើង​ខ្លាំង ៨ នាក់​ចុងក្រោយ​ធ្វើដំណើរ​ទៅ​ប្រកួត​នៅ​ខេត្តសៀមរាប។

បុរស​វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​កាលពី​ថ្ងៃទី ៨ កុម្ភៈ កន្លងទៅ នៅ​មិន​ហ៊ាន​អះអាងថា​ខ្លួន​អាច​ការពារ​តំណែង​ជើងឯក​បានសម្រេច​នោះទេ ព្រោះ​បេក្ខជន​ចូលរួម​នៅ​ឆ្នាំនេះ​សុទ្ធតែ​វ័យក្មេង​ដែលមាន​សមត្ថភាព​ខ្ពស់។

«ខ្ញុំ​រំពឹង​ត្រឹម ៥០% ទេ​ដើម្បី​ការពារ​ជើងឯក ព្រោះ​គូប្រជែង​សុទ្ធតែ​ខ្លាំង ជាពិសេសក្មេងៗ ដែល​គាត់​មាន​វ័យ​ស្រករ​ខ្ញុំ គាត់​ចេះ​ស្រាវជ្រាវ​បន្ថែម​តាម​អ៊ីនធឺណិត។ ចំណែកចាស់ៗ ខ្ញុំ​មិនសូវ​បារម្ភ​នោះទេ​ព្រោះ​កម្រិត​សមត្ថភាព​របស់គាត់​មិន​កើនឡើង​ខ្លាំង​ប៉ុន្មាន​ទេ»។ លោក បូរ៉ា បញ្ជាក់។

ក្នុងចំណោម​បេក្ខភាព​ដែល​បាន​ចុះឈ្មោះ​គិត​ត្រឹម​ពេលនេះ​លោក បូរ៉ា នៅ​បារម្ភ​តែ​មនុស្ស​ម្នាក់​ទេ​គឺ​លោក សុខ ភា​រ៉ា មកពី​ខេត្តបាត់ដំបង និង​ជា​ជើងឯក​រង​អុកចត្រង្គ​ឆ្នាំ ២០១០ ព្រោះ​ខ្លួន​ធ្លាប់​ចាញ់​ក្នុងការ​សាកល្បង​នាពេល​កន្លងមក។

វិស្វករ​មាន​ប្រភព​មកពី​ខេត្តកោះកុង រូបនេះ​បាន​យកឈ្នះ​លោក គ្រួច ចន្ថា​រិ​ទ្ធ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ប្រើ​ថេរវេលា​តិចជាង ក្នុងពេល​កំណត់​តែ ៦០ នាទី នៅ​អង្គរ​សង្ក្រាន្ត​ឆ្នាំមមី កន្លងទៅ អមដោយ​ប្រាករង្វាន់​សរុប ៤៨០០ ដុល្លារ ហើយ​លោក ចន្ថា​រិ​ទ្ធ ជា​ជើងឯក​រង​ទទួលបាន ៣៣០០ ដុល្លារ។ ចំណែក​លោក សូ សំភី ជាប់​ចំណាត់ថ្នាក់​លេខ ៣ ទទួលបាន ១៨០០ ដុល្លារ​និង លោក កែវ វ​ឌ្ឍ​នា ជាប់​ចំណាត់ថ្នាក់​លេខ ៤ អមដោយ​ទឹកប្រាក់ ១៤០០ ដុល្លារ។

បើ​យោងតាម​ទិន្នន័យ​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត គិត​ត្រឹម​ថ្ងៃទី ២៣ កុម្ភៈ​ម្សិលមិញ មាន​បេក្ខជន​ចុះឈ្មោះ​ចំនួន ១២៣ នាក់​ហើយ ខណៈ​ការចុះឈ្មោះ​ចូលរួម​ប្រកួត​នឹង​បន្ត​រហូតដល់​ថ្ងៃទី ០២ មីនា ឆ្នាំ ២០១៥ វេលា​ម៉ោង ១១:០០ នាទី​ព្រឹក​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ឬ ទាក់ទង​ព័ត៌មាន​លំអិត​តាម​លេខ​ទូរ​សព្ទ ០១៩៧២៥៨ / ០៧៨ ៦៦៨ ៣៦៦៕


© រក្សាសិទ្ធិដោយ thmeythmey.com