ជាតិ
សេដ្ឋកិច្ច
គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង​ក្រុងព្រះសីហនុ​ចំណាយ​ប្រា​ក់ជាង៧៤លាន​ដុល្លារ
16, Apr 2015 , 12:00 pm        
រូបភាព
ជប៉ុន​ផ្ដល់​ប្រាក់កម្ចី​ជាង ៧៤ លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​ប្រតិបត្តិ​ការលើកដាក់​ទំនិញ​រាយ និង​ទំនិញ​ទូទៅ និង​ការសាងសង់​មូលដ្ឋាន​ផ្គត់ផ្គង់​ការរុករក​រ៉ែ​ក្នុង​ដែនសមុទ្រ។



នាយករង​នៃ​នាយកដ្ឋាន​បច្ចេកទេស​សំភារៈ​សំណង់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លោក ទី សុ​គុណ បញ្ជាក់ថា គោលបំណង​ក្នុងការ​បង្កើត​ចំណត​ផែ​ពហុ​បំណង​បន្ថែម​នេះ គឺ​ដើម្បី​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ក្នុងការ​នាំចេញ​ផលិតផល​កសិកម្ម ជាពិសេស​ឆ្លើយតប​នឹង​ការពង្រីក​យុទ្ធសាស្ត្រ​នាំ​អង្ករ​ចេញ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ការរុករក​ប្រេង​ក្នុង​សមុទ្រ។

បើតាម​លោក ទី សុ​គុណ ចំណូល​អាជីវកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅក្នុង​ឆ្នាំ២០១៤មាន​ចំនួន ៤២.៥៣៨.៩៨៨លាន​ដុល្លារ កើនឡើង១៣ភាគរយ បើ​ធៀប ៣៦.៧៣៣.៣០៨ លាន​ដុល្លារ។ ចំណែក​បរិមាណ​ទំនិញ​សរុប​ក្នុង​ឆ្នាំ២០១៤ មាន​ចំនួន៣.៤២៣.៩១៩តោន កើនឡើង​ជាង៣០ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ២០១៣ មាន​ចំនួន​ជាង៣លាន​តោន។

នាយករង​នៃ​នាយកដ្ឋាន​បច្ចេកទេស​រូប​នេះ​បញ្ជាក់ថា៖ « សមិទ្ធិផល​ទាំងនេះ គឺ​ដោយសារ​រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ប្រាក់កម្ចី​សម្បទាន ការផ្ដល់​ជំនួយឥតសំណង សម្រាប់​អភិវឌ្ឃន៍​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ ឲ្យ​មានគុណ​ភាពល្អ ប្រែក្លាយជា​កំពង់ផែ​អន្តរជាតិ»។

ចាប់តាំងពី​ឆ្នាំ១៩៩៩មក ជប៉ុន​បានផ្ដល់​ប្រាក់កម្ចី​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ ជាង១៧៨លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍន៍​គម្រោង​នានា​ក្នុង​កំពង់ផែ​នេះ។ គួរ​បញ្ជាក់ថា ប្រទេស​ជប៉ុន​បាន​ចូលរួម​ស្ដារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ១៩៩១មក។ ជប៉ុន​បានកំណត់​គោលការណ៍​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អទិភាព​ចំនួន៣ក្នុងនោះ​រួមមាន ការពង្រឹង​មូលដ្ឋាន​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សង្គម និង​ការពង្រឹង​អភិបាលកិច្ច​ល្អ៕



© រក្សាសិទ្ធិដោយ thmeythmey.com