ជាតិ
សង្គមជាតិ
វត្ត​ព្រះព្រហ្ម​រ័ត្នប្រែ​មុខមាត់​ក្លាយជា​កន្លែង​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ
01, Mar 2015 , 2:44 pm        
រូបភាព
សៀមរាប៖ វត្ត​ព្រះព្រហ្ម​រ័ត្ន ត្រូវ​មហាជន​ស្គាល់​ថា ជាទី​វត្ត​អារាមមាន​ដែល​ភាពស្រស់ស្អាត​ជាងគេ​នៅ​ទីក្រុង​សៀមរាប។ សព្វថ្ងៃ​វត្ត​អារាម​នេះ គឺជា​គោលដៅ​មួយ ដែល​អ្នកទេសចរ​ចូលទៅ​ទស្សនា និង​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា។



សួនច្បារ និង​បរិស្ថាន​ស្រស់ស្អាត គួរ​ផ្សំ​នឹង រូបសំណាក់​ជាច្រើន បានធ្វើ​ឲ្យ​វត្ត​ព្រះព្រហ្ម​រ័ត្ន បង្កើន​សម្រស់ ទាក់ទាញ​ភ្ញៀវទេសចរ មិន​លោះ​ថ្ងៃ​ឡើយ។ មាន​ទីតាំង​នៅជាប់​ផ្លូវ​មាត់​ស្ទឹង​សៀមរាប ក្បែរ​ផ្សារ​ចាស់ ក្រុង​សៀមរាប វត្ត​នេះ​មាន​អាយុកាល​ជាង៥០០ឆ្នាំ​មកហើយ គឺ​បាន​កសាងឡើង​ក្នុងរ​ដ្ជ​កាល​ព្រះ​អង្គចន្ទរាជា នៅ​សតវត្ស​ទី១៥ ។


ព្រះគ្រូ តង់ ទឿ​ម គង់នៅ​វត្ត​ព្រះព្រហ្ម​រតន៍ មាន​ថេរ​ដិ​កា​ថា វត្ត​នេះ​ដើមឡើយ​ឈ្មោះ តា​ព្រំ​យាយ​រ័ត្ន ក្រោយមក​ក៏បាន​ក្លាយជា​ព្រះព្រហ្ម​រ័ត្ន។ លោកគ្រូ តង់ ទឿ​ម ដែលមាន​ព្រះជន្ម ៦៣វស្សា រៀបរាប់​ដំណើរ​ប្រវត្តិ​រឿង​វត្ត​នេះ​ថា៖« កាល​ដើម​មាន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ចង្ហាន់​ហ៊ុយ​នៅ​បន្ទាយលង្វែក បាន​ជិះទូក​បិណ្ឌបាត តែ​ជួប​គ្រោះអាសន្ន ដោយសារ​មាន​ត្រី​ឆ្លាម បាន​ពុះ​ទូក​ព្រះ​អង្គជា២ ប៉ុន្តែ​ព្រះអង្គ​មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ ហើយក៏​អណ្តែត​មកដល់​ទីវ​ត្ត​អារាម​នេះ។ ក្រោយមក ក៏មាន​ការ​ផ្តើ​ច​ផ្តើមកសាង​វត្ត​ក្នុងរ​ដ្ជ​កាល​ព្រះ​អង្គចន្ទរាជា ដោយ​ព្រះអង្គ​សុំ​ទិញ​ដី​តា​ព្រំ​យាយ​រតន៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គោរព​សក្ការៈ។ តា​ព្រំ​យាយ​រ័ត្ន បានប្រគល់​ដី​សម្រាប់​កសាង​វត្ត​អារាម​ដោយ​ភាព​ជ្រះថ្លា ដោយ​មិន​យកលុយ​កាក់​អ្វី​នោះទេ ដោយ​សុំ​ត្រឹម​ដាក់ឈ្មោះ​ពួកគេ ភ្ជាប់​នឹង​វត្ត​នោះ​ផង។ ក្រោយមក​វត្ត​នោះ គេ​ក៏​ហៅ​វត្ត​តា​ព្រំ​យាយ​រ័ត្នជាប់​ជា​រហូតមក»។

ដើមឡើយ​វត្ត​នេះ កសាង​ពី​ឈើ។ ជា​បន្តបន្ទាប់ និង​ក្រោយ​សង្គ្រាម​ឆ្នាំ១៩៧៩ វត្ត​ព្រះព្រហ្ម​រ័ត្ន មាន​សភាព​ចាស់​ទ្រុឌទ្រោម។  ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ចាប់ផ្តើម​ប្រមូលគ្នា និង​បង្កើត​សម​ទិ្ធ​ផល ដូច​សព្វថ្ងៃ។ សព្វថ្ងៃ​អាគារចាស់ៗ ត្រូវបាន​ជួលជុល និង​អាគារ​ខ្លះ ត្រូវបាន​កសាង​ថ្មី។


យ៉ាងណាមិញ សម​ទិ្ធ​ផល​នានា ដែល​កកើត​នៅក្នុង​ទី​វត្ត​អារាម​នេះ សុទ្ធសឹង​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក។ សាលា​ពុទ្ធិកសិក្សា បាន​ជួសជុល​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ៣ម៉ឺន​ដុល្លារ ឆ្នាំ១៩៩៧ មានការ​កសាង​ស្ពាន​វត្ត​ព្រះព្រហ្ម​រ័ត្ន ហើយ​ឆ្នាំ២០០៣ មហា​កុ​ដ្ឋិ ត្រូវបាន​កសាងឡើង ដោយ​ចំណាយ​ថវិកា​អស់ ៤៨ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

ក្រៅពី​សួនច្បារ​ដែលមាន​ភាព​ទាក់ទាញ គំនូរ​នៅ​រោងទង ដែល​បង្ហាញ​ពី​ប្រវត្តិ​ព្រះពុទ្ធសាសនា ពុទ្ធបដិមា​នៅក្នុង​វត្ត រចនាបថ និង​ការរៀបចំ​គួរឲ្យចាប់អារម្មណ៍ ស័ក្ក​សម​នឹង​ទីសក្ការៈ​សម្រាប់​បូជា។ នៅ​ម៉ោង៥ល្ងាច ពេលវេលា​ដែល​ព្រះសង្ឃ​ប្រមូលគ្នា សូត្រ​ព្រះធម៌ គេ​ឃើញ​មាន​ភ្ញៀវទេសចរ​បរទេសមួយ​ចំនួន បាន​អង្គុយ​ពីក្រោយ​ដោយ​ភាព​ស្ងៀមស្ងាត់ ទំនងជា​បិទ​ភ្នែក​តាំងសមាធិ​យ៉ាង​ដូច្នោះ​ដែរ។

បើតាម​ស​ង្ឍ​ដីការ​ព្រះគ្រូ តង់ ទឿ​ម ក្នុង​មួយថ្ងៃ​មាន​ទេសចរ​មិន​ក្រោម​រយ​នាក់​ទេ ដែល​ចូល​ទស្សនា​វត្ត​ព្រះព្រហ្ម​រ័ត្ន។ ពួកគេ​បាន​បរិច្ចាគ​តាម​សណ្តាន​ចិត្ត ដើម្បី​រៀបចំ​សួនច្បារ អនាម័យ​វត្ត និង​ការសាងសង់​សម​ទិ្ធ​ផល​ផ្សេងទៀត៕












© រក្សាសិទ្ធិដោយ thmeythmey.com