ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណៈមេធាវី៖ ជនបរទេស​ភាគច្រើន​កំពុង​លួច​ប្រកប​វិជ្ជាជីវៈ​មេធាវី ដោយ​មិន​ចុះបញ្ជី
04, Mar 2015 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ គណៈមេធាវី​កម្ពុជា​សង្កេតឃើញថា ជនបរទេស​ភាគច្រើន​កំពុង​លួច​ប្រកប​វិជ្ជាជីវៈ មេធាវី ដោយ​មិនបាន​ចុះបញ្ជី​ស្របច្បាប់​ពី​គណៈមេធាវី។ សកម្មភាព​លួច​ប្រកប​វិជ្ជាជីវៈ​ទាំងនោះ​រួមមាន ការបើក​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ច្បាប់ ការយក​ការិយាល័យ​មេធាវី​ខ្មែរ​បិទបាំង និង​មិន​ចុះបញ្ជី​ជា​ក្រុមហ៊ុន ជាដើម។



នៅក្នុង​លិខិត​ស្នើសុំ​ការអន្តរាគមន៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (Council for the Development of Cambodia) ពាក់ព័ន្ធ​នឹង​ករណី​ប្រកប​វិជ្ជាជីវៈ​មេធាវី​ខុសច្បាប់​របស់​ជន បរទេស​នៅក្នុង​ប្រទេស​កម្ពុជា គណៈមេធាវី​កម្ពុជា​បានសរសេរថា ការប្រកប​វិជ្ជាជីវៈ​មេធាវី ដោយ​មិនបាន​ចុះបញ្ជី​នោះ បានធ្វើ​មេធាវី​ខ្មែរ​ភាគច្រើន​ខកចិត្ត​ជាខ្លាំង ដោយសារ​ជនបរទេស ទាំង​នោះបាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ដើម្បី​ជា​ខ្នងបង្អែក។

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី១៧ ខែកុម្ភៈ ដែល​ទើបតែ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធាន​គណៈមេធាវី លោក ប៊ុន ហ៊ុន បាន​សរសេរ បញ្ជាក់ថា ក្នុងចំណោម​ជនបរទេស​ទាំងអស់ ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្នុងប្រទេស កម្ពុជា​នោះ មានតែ​មេធាវី​ការពារ​ក្តី​នៅ​អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ប៉ុណ្ណោះ ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ស្របតាម​នីតិវិធី។

បើតាម​លិខិត​ខាងលើ បច្ចុប្បន្ននេះ ការិយាល័យ និង​ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​ជាង ១២កន្លែង កំពុង​ដំណើការ​នៅ​រាជធានី​ភ្នំពេញ ហើយ​ក្នុង​មួយ​ការិយាល័យ ឬ​ក្រុមហ៊ុន​ទាំងនោះ​មាន​ជន បរទេស​ពី ១ ទៅ ១០នាក់។ ជនបរទេស​ទាំងនោះ រួមមាន សញ្ជាតិ អាមេរិកកាំង បារាំង ជប៉ុន ចិន កូរ៉េ និង​សិង្ហ​បុរី៕


© រក្សាសិទ្ធិដោយ thmeythmey.com