ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​ថា បញ្ញត្តិ​ថ្មី​មិន​ចូលប្រជុំ​សភា​ជាការ​បោះបង់​អាសនៈ​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ
05, Mar 2015 , 11:43 am        
រូបភាព
 
ភ្នំពេញ៖ សង្គម​ស៊ីវិល​ដែល​តាមដាន​ការបោះឆ្នោត​នៅ​កម្ពុជា យល់ឃើញថា បញ្ញត្តិ​ថ្មី ដែល​កំណត់ថា បើ​គណបក្សនយោបាយ​ណាមួយ មិន​ចូលប្រជុំ​សភា លើកដំបូង​តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ ចាត់ទុកថា ជាការ​បោះបង់​អាសនៈ នោះ គឺជា​បញ្ញត្តិ​ផ្ទុយ​ពី​ស្មារតី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ។



ខណៈ​បញ្ញត្តិ​ថ្មី ស្ដីពី​ការបោះបង់​អាសនៈ​បើ​គណបក្សនយោបាយ​ណាមួយ មិន​ចូលប្រជុំ​សភា លើកដំបូង​ដែល​ក្រុមការងារ​គណបក្សនយោបាយ​កំណែទម្រង់​ការបោះឆ្នោត កំពុង​សិក្សា និង​រៀបចំ​ស្នើច្បាប់​នៅពេលនេះ ត្រូវបាន​សង្គម​ស៊ីវិល​តាមដាន​ស្ថាន​ការបោះឆ្នោត​កម្ពុជា មើលឃើញថា បញ្ញត្តិ​ថ្មី​នេះ​ផ្ទុយ​ពី​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា។ នាយក​ប្រតិបត្តិ​ឃ្លាំមើល​ការបោះឆ្នោត​នៃ​អង្គការ​និ​ច​ហ្វិ​ច លោក ហង្ស ពុទ្ធា យល់ថា បញ្ញត្តិ​ថ្មី​នេះ​គឺជា​ចំណុច​មួយ​ល្អ ដែល​អាច​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​ក្រោយពេល​បោះឆ្នោត ។

ប៉ុន្ដែ​លោក​ថា បញ្ញត្តិ​នេះ គឺ​គ្រាន់តែ​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច ដើម្បី​ត្រៀម​ទប់ស្កាត់​គណបក្ស​ដទៃទៀត​នៅ​អាណត្តិ​ក្រោយ ។ បើតាម​លោក ហង្ស ពុទ្ធា បញ្ញត្តិ​នេះ គឺអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាសនៈ​គណបក្ស​នយោបាយ និង​រំលោភ​ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ទៀតផង ។

នាយក​ប្រតិបត្តិ​អង្គការ និ​ច​ហ្វិ​ច រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ « បញ្ញត្តិ​ថ្មី​នេះ គឺ​គណបក្សកាន់អំណាច​បាន​គិតគូរ​ពី​ភាព​ឈ្នះ​របស់ខ្លួន​នៅ​អាណត្តិ​ក្រោយ ដូច្នេះ​បញ្ញត្តិ​នេះ គឺ​ជំរុញ​ឲ្យ​គណបក្ស​ដទៃ​ត្រូវ​ធ្វើតាម​ទិសដៅ​របស់ខ្លួន ។ ហើយ​វា​ក៏​អាច​ប៉ះពាល់​គណបក្សនយោបាយ​ដទៃទៀត​ដែរ ដូចជា​ការរើសអើង ឬ​លុបចោល​អាសនៈ​ដែល​ប្រជាពលរដ្ឋ​រាប់លាន​នាក់​បោះឆ្នោត​ជូន​តំណាងរាស្ត្រ​គណបក្ស ដែល​ពួកគេ​ទុកចិត្ត»។

ទន្ទឹមនឹងនេះ នាយក​ប្រតិបត្តិ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល​លោក គល់ បញ្ញា មានប្រសាសន៍ថា បញ្ញត្តិ​ថ្មី​កំណត់​គណបក្សនយោបាយ​ណា​មិន​ចូលប្រជុំ​សភា​ចាត់ទុកជា​ការបោះបង់​អាសនៈ​នេះ មិនគួរ​គំណ​ត់​ក្នុង​ច្បាប់បោះឆ្នោត​អណ​ត្តិ​ក្រោយ​ឡើយ ។ លោក​បន្ថែមថា  ការចូល​ឬ​មិន​ចូល​សភា​គឺ​សិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​នោះ ព្រោះ​ពួកគេ​ជាប់ឆ្នោត​ដោយសារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ។

លោក​អត្ថាធិប្បាយ​បន្ថែមទៀតថា៖ « ការប្រជុំ​សភា​ដំបូង​នោះ គឺ​គ្រាន់តែ​ជាការ​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ដោយ​ព្រះមហាក្សត្រ​ប៉ុណ្ណោះ ដូចនេះ​បើ​តំណាងរាស្ត្រ​គណបក្ស​ណា​មិន​ចូល​គឺ​ពួកគេ​មិនបាន​ទទួល​ប្រាក់ខែ ឬ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ខ្លួន ។ ហើយ​មិនចាំបាច់​ចែងច្បាប់​បោះបង់​អាសនៈ បើ​មិន​ចូលប្រជុំ​នោះទេ ព្រោះ​ផ្ទុយ​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា» ។ លោក គល់ បញ្ញា បញ្ជាក់ថា៖ « ការលុបចោល​អាសនៈរ​បស់​គណបក្សនយោបាយ​បាន លុះត្រាតែ​គណបក្ស​នោះ​មិន​ព្រម​ទទួលស្គាល់​ពី​អាសនៈ​របស់​ពួកគេ​ក្នុង​រដ្ឋសភា »។

កាលពី​ថ្ងៃទី០២ មីនា លោក ប៊ិន ឈិន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ដាក់​បញ្ញត្តិ​ថ្មី​ក្នុង​ច្បាប់បោះឆ្នោត ដោយ​កំណត់ថា បើ​គណបក្សនយោបាយ​ណាមួយ មិន​ចូលប្រជុំ​សភា លើកដំបូង​តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ ចាត់ទុកជា​ការបោះបង់​អាសនៈ ។ ហើយ​លោក​ថា ច្បាប់​នេះ​គឺ​មិនមែន​ចាប់បង្ខំ​គណបក្ស​ណាមួយ​នោះទេ ។ តែ​គ្រាន់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀមលក្ខណៈ​សិក្សា​ចំពោះ​ចំណុច​នេះ​ប៉ុណ្ណោះ ព្រោះថា​ច្បាប់​នេះ​នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​សេចក្ដីព្រាង​ច្បាប់បោះឆ្នោត​ថ្មី​នេះ។

តែ​យ៉ាងណា​សំណើ​នេះ​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន មិនទាន់​ឯកភាព​ចំណុច ដែល​គណបក្ស​ប្រជាជន​បានស្នើ​នោះឡើយ ដោយ​លោក​ត្រូវ​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សិន ក្នុងការ​សិក្សា​លក្ខណៈ និង​ចំណុច​សំខាន់​ក្នុង​ប​ញ្ញ​តិ្ត​ថ្មី​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ឬ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ៕



© រក្សាសិទ្ធិដោយ thmeythmey.com