ពីនេះ ពីនោះ
រដ្ឋមន្ត្រី ចៅហ្វាយខេត្ត៖ ចុះ​ទឹក​ក្រពើ ឡើងលើ​ខ្លា!
10, Mar 2015 , 8:50 am        
រូបភាព
ក្នុង​អាណត្តិ​ទី៥នេះ ក្រោយពី​ការប្រកាស​ធ្វើកំណែទម្រង់​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ភ្លាម គ្រប់​ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី​ទាំងអស់​ចាប់ផ្តើម​មាន​អារម្មណ៍​ចង់​ធ្វើកំណែទម្រង់​ផ្ទៃក្នុងភ្លាម។



ពួកគេ មិនដឹង​ជា​ធ្វើកំណែទម្រង់​យ៉ាងដូចម្តេច​ទេ ពីព្រោះ បញ្ហា​ស្មុគស្មាញ​ចាក់​ស្រែះ​កើតមាន​ច្រើនពេក​តាំងពី​យូរ​មកហើយ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ចៅហ្វាយខេត្ត រដ្ឋមន្ត្រី​ខ្លះ និង​ស្ថាប័ន​រដ្ឋសភា ចាប់ផ្តើម​ធ្វើកំណែទម្រង់​ដោយ​អំពាវនាវ​ដាក់​គំនាប​អោយ​មន្ត្រី​របស់ខ្លួន​មក​ធ្វើការ​ទាន់ពេល និង​ពេញ​ម៉ោង។ នេះ​ជា​វិធាន​ការដែល​ចៅហ្វាយខេត្ត រដ្ឋមន្ត្រី និង​រដ្ឋសភា ចង់​ធ្វើកំណែទម្រង់​អោយមាន​ការផ្លាស់ប្តូរ​មុនគេ។

តើ​កំណែទម្រង់​នេះ​ទទួលបាន​ផល​ឬទេ?

ចម្លើយ គឺថា ចៅហ្វាយខេត្ត រដ្ឋមន្ត្រី និង​រដ្ឋសភា​កំពុង​ប្រឈម​នឹង​បញ្ហា៖ ទឹក​ចុះ​ក្រពើ ឡើងលើ​ខ្លា។ សុភាសិត​នេះ ចង់​មានន័យថា ប្រសិនបើ​ចៅហ្វាយខេត្ត រដ្ឋមន្ត្រី និង​រដ្ឋសភា​រឹត​តឹង​ពេក មន្ត្រី​សក្តានុពល​ដែល​ធ្វើការ​ក្រៅ​ផង និង​រដ្ឋ​ផង​ត្រូវ​បង្ខំចិត្ត​ឈប់​ធ្វើការ​បម្រើ​រដ្ឋ ហើយ​ទៅ​បម្រើការ​នៅក្នុង​វិស័យ​ឯកជន និង​អង្គការ​តែម្តង។ តែ​បើសិនជា​ចៅហ្វាយខេត្ត រដ្ឋមន្ត្រី និង​រដ្ឋសភា មិន​ចាត់វិធានការ​អ្វី​ទាំងអស់ មន្ត្រី​សក្តានុពល​ទាំងអស់​នៅ​បន្ត​ធ្វើការ​ខាងក្រៅ​ច្រើនជាង​ខាងក្នុង(បម្រើ​រដ្ឋ)។ ចំណុច​ចុង​ក្រោយនេះ រដ្ឋ​នៅតែ​បន្ត​ខាតបង់​ថវិកា ហើយ​ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី​នៅតែ​ខ្វះ​ធនធានមនុស្ស​ដើម្បី​ធ្វើការ​បម្រើ​រដ្ឋ។ តែបើ​គៀប​គេ​ខ្លាំងពេក ធនធានមនុស្ស​ល្អ​រត់​ចេញពី​វិស័យ​រដ្ឋ​ទាំងអស់ ពីព្រោះ​ប្រាក់ខែ​រដ្ឋ​មិនអាច​ចិញ្ចឹម​ក្រពះ​បាន។ នេះហើយ​គឺជា​ស្ថាន​ភាពចុះ​ទឹក​ក្រពើ ឡើងលើ​ខ្លា របស់​ចៅហ្វាយខេត្ត រដ្ឋមន្ត្រី និង​រដ្ឋសភា៕


© រក្សាសិទ្ធិដោយ thmeythmey.com