ជាតិ
វិស័យ​ទេសចរណ៍«ជា​មាស​បៃតង»ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម
11, Mar 2015 , 8:15 pm        
រូបភាព

 
វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព​ដែល​តួនាទី «ជា​មាស​បៃតង» រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម តាមរយៈ​ការបង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល ជំរុញ​ការនាំចេញ​នៅនឹងកន្លែង ទ្រទ្រង់​កំណើនសេដ្ឋកិច្ច បង្កើន​ចំណូល​ជាតិ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ពិសេស​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែលជា​ប្រឈម​ជា​សាកល។ នេះ​បើ​យោងតាម​សារលិខិត​របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​បុណ្យ​ទន្លេ​លើក​ទី១ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្តក្រចេះ ចាប់ពី​ថ្ងៃទី១៣-១៥មីនា​ខាងមុខនេះ។



នៅក្នុង​លិខិត​ដដែល​នោះ លោក ហ៊ុន សែន បាន​លើកឡើងថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ដែល​នឹង​រៀបចំ​ធ្វើជា​លើកដំបូង​នៅក្នុង​ខេត្តក្រចេះ ក្រោម​ប្រធានបទ«ទេសចរណ៍​តាម​ដង​ទ​ន្ល​សម្រាប់​ការអភិវឌ្ឍ​សហគមន៍» នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា។ ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ចូលរួមចំណែក​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ចូលរួម​គាំទ្រ នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ព្រមទាំង​ជំរុញ​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ។

លិខិត​ដដែល​បាន​បន្តថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម ការបង្កើត និង​ច្នៃប្រឌិត​ផលិតផល​ទេសចរណ៍ អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ  ព្រមទាំង​រួមចំណែក​ជំរុញ​ការតភ្ជាប់ រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ពិសេស​ពង្រឹង​ភាពជា​ដៃគូ ក្នុង​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ និង​មេគង្គ-ជប៉ុន​ជាដើម។

លោក ហ៊ុន សែន បានបញ្ជាក់​នៅ ក្នុង​លិខិត​នោះ​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​បុណ្យ​ទន្លេ​ជា​រៀងរាល់ឆ្នាំ​នាពេល​អនាគត នៅតាម​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា។ ជាមួយគ្នា​នោះដែរ លោក ក៏បាន​អំពាវនាវ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំង​ប្រដាប់ សាធារណជន​ចូលរួម​ឲ្យ​បាន​ផុសផុល នាឱកាស​បុណ្យ​ទន្លេ​នៅ​ឆ្នាំនេះ ព្រមទាំង​ចូលរួម​សហការ​ថែរក្សា​អនាម័យ សណ្តាប់ធ្នាប់ និង​បរិស្ថាន​នាឱកាស​នោះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com