ជាតិ
AFD បារាំង​ផ្តល់ជំនួយ​ដល់​កម្ពុជា​ច្រើនជាងគេ​ក្នុងចំណោម​ស្ថាប័ន​មកពី​អឺរ៉ុប
14, Mar 2015 , 8:30 pm        
រូបភាព
                          

ភ្នំពេញ៖ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​កំពុង​ក្លាយជា​ដៃគូ​ផ្តល់ជំនួយ​ទ្វេភាគី​ធំជាងគេ​ដល់​កម្ពុជា ក្នុងចំណោម​បណ្តា​ស្ថាប័ន​មកពី​អឺរ៉ុប។ ចាប់តាំងពី​ឆ្នាំ១៩៩៣រហូតមកដល់​ពេលនេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង AFD បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ជិត៤០០លាន​ដុល្លារ ក្នុងនោះ AFD បានផ្តល់​ជូន​ដល់​កម្ពុជា​រួចហើយ​ចំនួន១៧០លាន​ដុល្លារ។



សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ឆ្នាំ២០១៤កន្លងមក បានក្លាយ​ទៅជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ទីភ្នាក់ងារ AFD ដែល​បាន​សន្យា​ផ្តល់ជំនួយ​ជាង១០០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា។ ស្ថានភាព​នេះ​នឹង​បន្ត​នៅ​ឆ្នាំ២០១៥ទៀត ដោយហេតុថា AFD មាន​គម្រោង​បង្កើន​ការផ្តល់​កម្ចី​ទ្វេដង​នៅ​ឆ្នាំ២០១៥នេះ។ ជារួម ចាប់តាំងពី​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ១៩៩៣មក ទីភ្នាក់ងារ AFD បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ជិត៤០០លាន​ដុល្លារ ក្នុង​នោះបាន​ផ្តល់ជូន​រួចហើយ​ចំនួន១៧០លាន​ដុល្លារ។

កាលពី​ឆ្នាំ​កន្លងទៅ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ក៏បាន​បង្កើន​ការផ្តល់ប្រាក់​កម្ចី​គ្មាន​ការធានា​ពីរ​ដ្ឋ​ផងដែរ ពោល​គឺជា​កម្ចី​ដែល​ផ្តល់អោយ​ផ្នែក​ឯកជន ស្ថាប័ន​សាធារណ: ឬ​ពាក់កណ្តាល​សាធារណ:ជាដើម។  ជាក់ស្តែង​នៅ​ឆ្នាំ២០១៤ ទីភ្នាក់ងារ AFD បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ជាច្រើន​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ពាណិជ្ជកម្ម ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​ទទួលបាន​ទឹកស្អាត និង​អគ្គិសនី​នៅតាម​ទីជនបទ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន២១លាន​ដុល្លារ (ក្នុងនោះ​ឥណទាន១៥លាន​ដុល្លារ​ត្រូវបាន​ផ្តល់អោយ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា និង៦លាន​ដុល្លារ​ទៀត​អោយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ធនាគារ​ភូមិ និង​វី​សិន​ហ្វា​ន់)។ គម្រោង​ទាំងនេះ​មាន​លក្ខណ:ថ្មី​សម្រាប់​កម្ពុជា ដោយសារ​វា​ផ្សំ​បញ្ចូល​គ្នា​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ​ជាច្រើន មានដូចជា​កម្ចី ហិរញ្ញប្បទាន​សម្បទាន និង​ការធានា) ព្រមទាំង​មានការ​ចូលរួម​ទាំងពី​ផ្នែក​ឯកជន និង​សាធារណ:ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com