ជាតិ
កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​បណ្តាញ​ម៉ាហ្វីយ៉ា​បរទេស
15, Mar 2015 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ



ភ្នំពេញ៖ អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បាន​និយាយថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ជន​ម៉ា​ស្យា​បរទេស​ចូលមក​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ នៅក្នុង​ទឹកដី​កម្ពុជា​ឡើយ ដោយ​លោក​បាន​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវខិតខំ​ទប់ស្កាត់ និង​ស្រាវជ្រាវ​រក​ជន​ទាំងនោះ មក​ផ្តន្ទាទោស​ទៅតាម​ផ្លួ​វ​ច្បាប់​ជាដាច់ខាត។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។


 
យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ការរៀបចំ​សេចក្តីព្រាង​ផែន ការ ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​អ្នក​វិនិយោគិន ភ្ញៀវទេសច​ណ៍ និង​តំណាង​បណ្តា​ស្ថាន ទូត​បរទេស​ចំនួន ២៧ប្រទេស កាលពី​ថ្ងៃ ១៣ មិនា​កន្លងមក លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា កម្ពុជា​ទទួល​ស្វាគមន៍​តែ​ភ្ញៀវ​បរទេស ដែល​មក​ធ្វើ​ទេសចរណ៍ និង​អាជីវកម្ម​ស្របច្បាប់​ត្រឹមត្រូវ​តែប៉ុណ្ណោះ។  លោក​បញ្ជាក់ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ម៉ា​ស្យា​បរទេស មក​ប្រព្រឹត្ត​បទល្មើស​នោះទេ។

ការលើកឡើង​របស់​អគ្គ​ស្នងការ​នគ​បាល​ជាតិ​នោះ បានធ្វើ​ឡើង បន្ទាប់ពី​នៅ​រយៈពេល​ចុងក្រោយ​នេះ លោក​បាន​ពិនិត្យឃើញថា ជនបរទេស​ភាគច្រើន បាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ។
 
បើតាម​ប្រភព​ខាងលើ លោក នេ​ត សាវឿន បាន​បញ្ជាក់ថា បទល្មើស​ដែល​កើតឡើង​ច្រើន ដោយ​ជនបរទេស គឺ​ភាព​ច្រើន​មានការ​គុំ​កួ​ន តាម​បាញ់សំលាប់ បទល្មើស​ដ​ណើ្ត​ម​ស្រី​កំណាន់ បទល្មើស​ក្នុង​ជំលោះ​ការធ្វើ​អាជីវកម្ម​ជាដើម ។ ក្រៅពីនេះ លោក​បន្តថា ជនបរទេស​មួយចំនួន​ទៀត បាន​ប្រ​ពឹ​ត្ត​បទល្មើស​នានា ដែលជា​ទង្វើ​ខុសច្បាប់ និង​ប្រពៃណី​ទាំងស្រុង នៅ​កម្ពុជា ដូចជា ការ​ជិះ​ម៉ូតូ​អាក្រាតកាយ នៅ​ខេត្តកណ្តាល ជិះ​ម៉ូតូ​ស្លៀក​ស្លី​ប នៅ​ខេត្ត​ព្រះសីហនុ និង​ការថតរូប​អាក្រាតកាយ នៅ​សៀមរាប​ជាដើម។

ទន្ទឹមគ្នា​នោះដែរ លោក នេ​ត សាវឿន បាន​អះអាង សមត្ថកិច្ច​នឹង​បង្កើត​ប៉ុស្តិ៍នគរបាល​ចល័ត សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ថែម សំដៅ​ធ្វើ​យ៉ាង​ធនារ​ក្សា​ការពារ​សន្តិសុខ សុវត្ថិភាព ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន នៅ​ថ្ងៃ​ខាងមុខ។

បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការរង​នគរបាលជាតិ នៅក្នុង​ឆ្នាំ២០១៤ កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​ណ៍​បរទេស​ជាង ៤លាន​នាក់ និង​អ្នកវិនិយោគទុន​ជាង ២០ម៉ឺន​នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com