ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកលក់«ស្លាបមាន់​អាំង»ពេល​រាត្រី​ទទួលបាន​ប្រាក់ចំណេញ​ស្មើនឹង​ប្រាក់ខែ​រដ្ឋមន្ត្រី!
17, Apr 2015 , 7:00 pm        
រូបភាព
ភ្នំពេញ៖ លោក ជុំ សុ​ភ័ស្ស ក្មេង​កំព្រាម្តាយ​តាំងពី​អាយុ៧ឆ្នាំ បច្ចុប្បន្ន​ស្ថិតក្នុង​វ័យ៣១ឆ្នាំ មានកូន​ស្រី​ពីរ​នាក់ ធ្លាប់បាន​ឆ្លងកាត់​ខ្សែជីវិត​ដ៏​សែន​លំបាក​ក្នុងនាម​ជា​ក្មេង​កំព្រាម្តាយ ហើយ​ឪពុក​មាន​ប្រពន្ធចុង។ រស់នៅ​ជាមួយ​យាយ​តាំងពី​អាយុ៧ឆ្នាំ​មក លោក សុ​ភ័ស្ស ធ្លាប់​លក់​នំ​ប៉ាវ​អស់​រយៈពេល​ជិត១០ឆ្នាំ មុននឹង​ក្លាយជា​អ្នកលក់​ស្លាបមាន់​អាំង​ពេល​រាត្រី​នៅពេលនេះ។





ក្នុងអំឡុង​ពេលដែល​លោក​លក់​នំ​ប៉ាវ លោក​បាន​រុញ​រទេះ​ដើរ​ជាច្រើន​គីឡូម៉ែត្រ​ក្នុងមួយថ្ងៃ។ ពេលខ្លះ រូបលោក​ត្រូវបាន​ក្រុម​ក្មេង​ជើងកាង​វាយតប់​សំឡុត​យកប្រាក់​អស់​ក៏មានដែរ។ ដើរចេញ​ពីមុខ​របរ​លក់​នំ​ប៉ាវ ឪពុក​កូនស្រី​ពីរ​នាក់​រូបនេះ បាន​បោះទុន​វិនិយោគ​ទិញ​ម៉ូតូ និង​រទេះ​អស់ប្រាក់​ប្រមាណ​ជា៧០០ដុល្លារ​ដើម្បី​បង្កើត​មុខរបរ​លក់​ស្លាបមាន់​អាំង​ពេលយប់​នៅ​ទីក្រុង​ភ្នំពេញ។ ជាមួយ​មុខរបរ​ចុងក្រោយ​នេះ លោក​មិន​ដើរ​ថ្មើរជើង​ទៀតឡើយ។ ប៉ុន្តែ​លោក​ត្រូវ​បង្ខំចិត្ត​អត់ងងុយ​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​គួរសម។

ថ្លែងប្រាប់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗនា​វេលា​ម៉ោង​ជិត១០យប់ លោក សុ​ភ័ស្ស បាន​បញ្ជាក់ថា មុខរបរ​នេះ​លំបាក​បន្តិច​មែន។ តែ​វា​ជា​មុខរបរ​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង​បុគ្គលិក​ក្រុមហ៊ុន​ទៅទៀត ឬ​គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា មុខរបរ​នេះ​ទទួលបាន​ប្រាក់ចំណេញ​ស្មើរ​នឹង​ប្រាក់ខែ​រដ្ឋមន្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា។ ក្នុង​មួយខែ លោក សុ​ភ័ស្ស អាច​រកប្រាក់​ចំណេញ​បាន​ប្រមាណ​ជា៦០០ដុល្លារ​អាមេរិក។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក ជុំ សុ​ភ័ស្ស អាជីវ​ករលក់​ស្លាបមាន់​ពេលយប់៕

© រក្សាសិទ្ធិដោយ thmeythmey.com