ជាតិ
អ្នកគ្រូ នាង ផល្លា៖ « នៅពេលដែល​គេ​ឮឈ្មោះ​ខ្ញុំ មិនចាំបាច់​ប្រាប់​គេ​ថា មកពី​កម្ពុជា​ទេ »
18, Mar 2015 , 11:58 am        
រូបភាព

 
គ្រាន់តែ​ចុះ​ពី​យន្តហោះ​ភ្លាម អ្នកគ្រូ នាង ផល្លា បាន​ថ្លែងថា ខ្លួន​មាន​មោទកភាព​ក្រៃលែង ដែល​បាន​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែច្រើន​ឡើយ បើទោះបីជា​អ្នកគ្រូ មិនបាន​ជាប់​ជ័យលាភី​Global Teacher prize ក៏ដោយ។


អ្នក​គ្រូ នាង ផល្លា បានបញ្ជាក់​ដូច្នេះ​ថា៖« អ្វីដែល​ខ្ញុំ​មាន​មោទកភាព​បំផុត គឺ​នៅក្នុង​វេទិកា​Global Education and Skills Forum នៅ​ទីក្រុង​ឌូ​បៃ នៅពេលដែល​គេ​ឃើញ​ខ្ញំ់ និង​ឮឈ្មោះ​ខ្ញុំ ខ្ញុំ​មិនបាច់​ណែនាំ​ខ្លួន​ថា ខ្ញុំ​មកពី​កម្ពុជា​ទេ ព្រោះ​គេ​ស្គាល់​រួចទៅហើយ» ។

ដំណើរ​ត្រឡប់មក​កម្ពុជា​របស់​អ្នកគ្រូ នាង ផល្លា នៅ​ព្រឹក​នេះ បានទទួល​ការស្វាគមន៍​ពី​មនុស្ស​ជាច្រើន​រយ​នាក់ ក្នុងនោះ​មាន​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួន ណា​រ៉ុ​ន និង​លោក ហ៊ុន ម៉ា​នី នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។ អ្នកចូលរួម​ភាគច្រើន បាន​លើក​បដា ដែល​សរសេរ​សរសើរ​អ្នកគ្រូ នាង ផល្លា ថា ជា​គ្រាប់ពេជ្រ​នៃ​ស្ត្រី​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​កិត្តិយស​នៅលើ​ឆាក​អន្តរជាតិ។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ប្រាប់​អ្នកកាសែត​យ៉ាងខ្លី​ថា៖ «ក្នុងនាម​លោក​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក មាន​មោទកភាព​ណាស់​ចំពោះ​អ្នកគ្រូ នាង ផល្លា »។

បើទោះបីជា​ប្រាក់រង្វាន់១លាន​ដុល្លារ​អាមេរិក​នៃ​កម្មវិធី Global Teacher Prize បាន​ធ្លាក់​ទៅ​អ្នកស្រី Nancie Atwell គ្រូបង្រៀន​មកពី​សហរដ្ឋអាមេរិក​ក៏ដោយ ប៉ុន្តែ​អ្នកស្រី នាង ផល្លា គ្រូបង្រៀន​របស់​កម្ពុជា​នៅមាន​ឱកាស​ឈ្នះ​រង្វាន់​គ្រូ​មាន​ប្រជាប្រិយភាព​ជាងគេ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Most Popular Teacher on Facebook)។ ការបោះឆ្នោត​ដំណើរការ​រហូតដល់​វេលា​ម៉ោង១២ និង៥៩នាទី យប់​ថ្ងៃ​អង្គារ ទី១៧ ខែមីនា។

ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្តល់​ប្រាក់រង្វាន់១០០លាន​រៀល ព្រមទាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​គ្រូ​ឆ្នើម​រូបនេះ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com