ជាតិ
អ្នករៀបចំ​កម្មវិធី អបអរ​អ្នកគ្រូ នាង ផល្លា ដែល​បានការ​គាំទ្រ​ច្រើនជាងគេពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​
19, Mar 2015 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
មូលនិធិ Varkey Foundation ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត បាន​ផ្ញើរ​សារ​អបអរសាទរ​អ្នកស្រី នាង ផល្លា និង​អង្គការ​គ្រួសារ​ថ្មី ខណៈ​គ្រូបង្រៀន​កុមារ​គរ​ថ្លង់​ដែលមាន​បទពិសោធន៍​ប្រមាណ២០ឆ្នាំ​រូប ទទួលបាន​សំឡេងគាំទ្រ​ដាច់​គេ​សម្រាប់​ការបោះឆ្នោត​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។



អ្នកគ្រូ នាង ផល្លា របស់​កម្ពុជា ទទួលបាន​នូវ​សំឡេងគាំទ្រ​សរុប​ចំនួន១២៧ ១៤៥សំឡេង ក្នុង​កម្មវិធី People’s Vote #TeacherPrize។ ក្នុង​កម្មវិធី​នេះ អ្នកបោះឆ្នោត​អាច​មើល​សកម្មភាព​ការងារ​របស់​គ្រូបង្រៀន​កំពូល១០នាក់​លើ​លោក​តាមរយៈ​សកម្មភាព​វីដេអូ​ឯកសារ។

អ្នករៀបចំ​កម្មវិធី​មិនបាន​បញ្ជាក់​ពី​ប្រាក់រង្វាន់​ទាក់ទង​នឹង​ការ​ឈ្នះ​ការបោះឆ្នោត​តាម​បណ្តាញ​សង្គម​នោះឡើយ។ លោក Azizullah Royesh គ្រូបង្រៀន​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ទទួលបាន​ការគាំទ្រ​លំដាប់​ទី​ពីរ (៤៥៦៩៩សំឡេង) គ្រូបង្រៀន​ម៉ាឡេស៊ី លោក Madenjit Singh ស្ថិតនៅ​លំដាប់​ទី​បី (១០១៥សំឡេង) ខណៈ​គ្រូ៧រូប​ផ្សេងទៀត​ទទួលបាន​ការគាំទ្រ​ក្រោម១០០០សំឡេង។

អ្នកស្រី Nancie Atwell គ្រូបង្រៀន​មកពី​សហរដ្ឋអាមេរិក ដែលជា​ម្ចាស់​ពានរង្វាន់ Global Teacher Prize ឆ្នាំ២០១៥ ជាមួយនឹង​ទឹកប្រាក់១លាន​រៀន​នោះ ទទួលបាន​ការគាំទ្រ៨២១សំឡេង​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

កន្លងមក អង្គការ​គ្រួសារ​ថ្មី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ទោះបីជា​អ្នកគ្រូ នាង ផល្លា​ដែល​បច្ចុប្បន្ន​ជា​នាយិកា​សាលា​កុមារ​ពិការភ្នែក​ភ្នំពេញ​ថ្មី និង​ជា​ប្រធាន​សម្របសម្រួល កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី មិនបាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក៏ដោយ ប៉ុន្តែ​អ្នកស្រី​បាន​ទាក់ទាញ​បេះដូង​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស៕





© រក្សាសិទ្ធិដោយ thmeythmey.com