ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នារី​សម័យថ្មី​ប្រើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ពិសោធន៍​ចិត្ត​គូស្នេហ៍
21, Mar 2015 , 10:20 am        
រូបភាព
ដោយ:
ភ្នំពេញ៖ បច្ចុប្បន្ននេះ ហ្វេ​ស​ប៊ុ​ក គឺជា​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ដែលមាន​ឥទ្ធិពល​ខ្លាំង បំផុត​ចំពោះ​យុវជន យុវ​វ​តី​សម័យថ្មី។ ពួកគេ​ប្រើ​វា​ដើម្បី ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពីមុខ​ជំនួញ បង្ហោះ​ព័ត៌មានផ្សេងៗ វីដេអូ​កម្សាន្ត បង្ហោះ​រូបភាពស្អាតៗដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ ឬ​សរសេរ​រៀបរាប់​ពី​អារម្មណ៍​ប្រចាំថ្ងៃ​ប្រាប់​ទៅកាន់​មិត្តភក្តិ​ជាដើម។ លើសពីនេះ​ទៀត​បណ្តាញ​សង្គម​មួយ​នេះ​ក៏​ជា​មធ្យោបាយ​ដែល​ជួយ​អោយ​គូសង្សារ​រឹតចំណង​ស្នេហ៍​អោយ​កាន់តែ​ស្អិតល្មួត និង​ពិសោធន៍​ចិត្ត​គ្នា​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ផងដែរ។



តើ​នារី​សម័យថ្មី​ពិសោធន៍​ចិត្ត​គូស្នេហ៍​តាមរយៈ​ហ្វេ​ស​ប៊ុ​កដោយ​វិធី​ណា?


កញ្ញា ដា​រី វ័យ២០ឆ្នាំ បាន​សារភាពថា​នាង​មាន​សង្សារ​ម្នាក់​ស្រឡាញ់គ្នា​បាន​ជាង​ពីរ​ឆ្នាំ​មកហើយ។ នាង​បាន​បង្កើត​អនុស្សាវរីយ៍​យ៉ាង​ស្អិតល្មួត​ជាមួយគ្នា​ជាច្រើន ជាពិសេស​គឺ​ការ​សាសង​ពាក្យពេចន៍​ផ្អែមល្ហែម​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រៀងរាល់ថ្ងៃ។ ប៉ុន្តែ ដា​រី បាន​បង្ហើប​អោយដឹងថា នាង​នៅ​មិនទាន់​ទុកចិត្ត​ថា​គូស្នេហ៍​របស់​នាង ស្រឡាញ់​ស្មោះ ឬ​យ៉ាងណា​នោះទេ។

ថ្ងៃមួយ​យុវតី​សម្បុរ​ស សក់​ពណ៌​ទង់ដែង​រូបនេះ បាន​សាកល្បង​ពិសោធន៍​ចិត្ត​គូស្នេហ៍​របស់ខ្លួន​សាកល​មើល..! ។ នាង​បាន​រៀបរាប់​ពី​ដំណើររឿង​ថា ដំបូង​នាង និង​គូសង្សារ​របស់​នាង មាន​គណនី​ហ្វេ​ស​ប៊ុ​កម្នា​ក់មួយ ក្រោយមក​នាង​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ថ្មី​មួយទៀត ដោយ​ដាក់​រូប​នារី​ស្រស់ស្អាត​ម្នាក់​ជា​រូប Profile ហើយ​ដាក់​ឈ្នោះ​ថ្មី​ថា លីន​ដា ក្រោយមក​នាង​បាន​ទំនាក់ទំនង​ទៅកាន់​សង្សារ​របស់​នាង​សុំ​ធ្វើជា​មិត្ត (Add  friend) ។ កញ្ញា ដា​រី ញ្ជា​ក់ថា«អ្វីដែល​គួរអោយ​ហួសចិត្ត​នោះ​គឺ ខ្ញុំ Add គាត់​មិនទាន់បាន​មួយ​នាទី​ផង គាត់​ក៏ Confirm ខ្ញុំ​ភ្លាម ដោយ​មិនដឹងថា​អ្នក​កំពុង​លេង​ជាមួយ​គាត់​នោះ​គឺជា​ខ្ញុំ​នោះទេ»។

ក្រោយពី​បានក្លាយ​ជា​មិត្ត​គ្នា​ហើយ បុរស​ជា​គូស្នេហ៍​របស់ ដា​រី មិន​បង្អង់​យូរ​ឡើង រូបគេ  ចាប់ផ្តើម​ផ្ញើរ​សារ​ជា​បន្តបន្ទាប់​ទៅកាន់ កញ្ញា លីន​ដា សួរនាំ​ពី​អាយុ កន្លែង​រស់នៅ ការសិក្សា និង​សុំ​លេខ​ទូរ​សព្ទ​ផងដែរ។

មិនយូរប៉ុន្មាន បុរស​ដែលជា​សង្សារ​របស់ ដា​រី ដាច់ចិត្ត​សួរ​ទៅកាន់​កញ្ញា លីន​ដា ដែលជា​តួអង្គ​ក្លែងក្លាយ​ថា៖«តើ​មាន​សង្សារ​ហើយ​ឬ​នៅ?»។ ក្រោយពី៎​ឮ​សំនួរ​នេះហើយ លីន​ដា មិនបាន​ឆ្លើយតបភ្លាមៗនោះទេ នា​បាន​សួរ​សំនួរ​នេះ​ត្រឡប់​ទៅកាន់​បុរស​នោះ​វិញ។ គូស្នេហ៍​របស់​កញ្ញា ដា​រី បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ប្រាប់​ទៅកាន់ លីន​ដា វិញ​ថា៖«ខ្ញុំ​មិនទាន់មាន​សង្សារ​នោះទេ ហើយក៏​កំពុងតែ​រក​សង្សារ​ម្នាក់​ដែរ»។ កញ្ញា ដា​រី បន្តទៀតថា ក្រោយពីបានទទួលចំលើយនេះហើយ ​ទឹកភ្នែក​របស់​នាង​ហូរ​ស្រក់​ជា​បន្តបន្ទាប់​ទប់​មិន​ឈ្នះ ដោយ​បានដឹង​ច្បាស់​ថា គូស្នេហ៍​របស់​នាង​មិនបាន​ស្រឡាញ់​នាង​ស្មោះ​ឡើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កំពុងមាន​ឥទ្ធិពល​ខ្លាំង​លើ​ស្រទាប់​យុវវ័យ ក្នុងការ​បង្កើត​ទំនាក់ទំនង និង​ការបង្កើត​ចំណងស្នេហា​បាន​យ៉ាង​ងាយ​។ ភាព​ងាយ​ស្រួល​​នេះហើយ ដែល​ជម្រុញ​អោយ​គូស្នេហ៍​មួយចំនួន​មិន​ទុកចិត្ត​គ្នា និង​ឈានដល់​ការបែកបាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com