អន្តរជាតិ
អាជ្ញាធរ​​ហាណូយ​​បោះ​បង់​ចោល​​គម្រោង​​កាប់​​ដើម​ឈើ ​ក្រោយ​​ឃើញ​ប្រជាជន​ខឹង​សម្បារ​ខ្លាំង​
22, Mar 2015 , 9:20 pm        
រូបភាព
រូបភាព៖ Google
រូបភាព៖ Google
ដោយ: ថ្មីៗ
នៅ​ទីបំផុត អាជ្ញាធរ​វៀតណាម​បានសម្រេច​ចិត្ត​លុបចោល​គម្រោង​កាប់​ដើមឈើ៦០០០ដើម នៅ​ទីក្រុង​ហាណូយ​វិញ ក្រោយ​មហាជន​តាម​បណ្តាញ​សង្គម​វៀតណាម​ជាច្រើន​នាក់​បាន​បញ្ចេញមតិ​ខឹងសម្បារ រហូត​នាំគ្នា​បង្កើត​ក្រុម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ប្រឆាំង​គម្រោង។



ប្រជាជន​វៀតណាម​ក៏បាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​តូច​មួយ​ដែរ ដើម្បី​ប្រឆាំង​គម្រោង​កាប់​ដើមឈើ​នៅ​ហាណូយ។ ក្រុម​តវ៉ា​ហ្វេ​ស​ប៊ុ​កបាន​បញ្ចេញ​កំហឹង និង​ទាមទារ​អោយជួយ​ការពារ​ដើមឈើ។ កាលពី​ថ្ងៃ​សុក្រ ក្រុម​តវ៉ា​ហ្វេ​ស​ប៊ុ​ក​នេះ​បានទទួល​ការ​ចុច​Like ដល់​ទៅ៣០ ០០០Like។ ចៅ​ហា្វ​យ​ក្រុង​ហាណូយ​បាន​សុំអោយ​បញ្ឈប់​គម្រោង​នេះ​ចោល​វិញ។

ដំបូង​ឡើយ អាជ្ញាធរ​ក្រុង​ហាណូយ​មាន​ផែនការ​កាប់​ដើមឈើ៦០០០ដើម ដើម្បី​រៀបចំ​ក្រុង ជាមួយ​ថវិកា ៣ ៤០០០ ០០០ ដុល្លារ។ គម្រោង​រៀបចំ​ក្រុងមាន​ទិសដៅ​កែលំអ​សុវត្ថិភាព​សន្តិសុខ តាម​ដងផ្លូវ​អោយ​កាន់តែ​ប្រសើរ។ ប៉ុន្តែ ប្រជាជន​សង្ស័យថា អាជ្ញាធរ​ចង់​កេង​ប្រយោជន៍​កាប់​ដើមឈើ​ក្រុង​រាប់ពាន់​ដើម​នេះ យកទៅលក់​យក​ផលចំណេញ​វិញ។

ទីក្រុង​ហាណូយ​ត្រូវបាន​គេ​ស្គាល់គ្រប់ៗគ្នា​ថា សំបូរផ្លូវធំៗដែលមាន​ដើមឈើ មាន​ទេសភាព​ខៀវស្រងាត់​ល្អ ហើយ​ក៏មាន​ទីកន្លែងស្អាតៗបន្សល់ទុក​តាំងពី​ជំនាន់​អាណានិគម​បារាំង​ផងដែរ។ ដើមឈើ​ក្នុង​ក្រុង​ច្រើន​ជា​ប្រភេទ​ឈើ​ល្អ ហើយ​មាន​អាយុ​ចំណាស់​រាប់រយឆ្នាំ​ឯណោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com