ជាតិ
សង្គមជាតិ
ក្រុមមនុស្ស​ចាស់​នៅ​ស្រុក​ពួក១០០នាក់មក​ឃើញ​អង្គរវត្ត​ជា​លើកដំបូង
22, Mar 2015 , 4:37 pm        
រូបភាព
សៀមរាប៖ អាចជា​រឿង​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ តែ​វា​ជាការ​ពិត។ អ្នកភូមិ​អង្គរ ឫ​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​មិន​ឆ្ងាយ​ពី​ប្រាសាទអង្គរវត្ត​ប៉ុន្មាន តែ​ពួកគាត់​មិន​ធ្លាប់​មកលេង និង​ឃើញ​ប្រាសាទអង្គរវត្ត​ពីមុនមក រហូតដល់​ពួកគាត់​មាន​អាយុ​លើស៦០ ទៅ៧០ឆ្នាំ​ទៅហើយនោះ។ តើ​មាន​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ?



នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដោយមាន​ការឧបត្ថម្ភ​ពី​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ហៅ​កាត់​ថា CCC ក្រុមមនុស្ស​ចាស់ ដែលមាន​គ្នា​ប្រមាណ១០០នាក់ ក្នុងភូមិ​ចំនួន៤ នៅ​ឃុំ​រើ ស្រុក​ពួក ខេត្តសៀមរាប បានមក​ស្គាល់​ប្រាសាទអង្គរវត្ត​ជា​លើកដំបូង។ ក្រុមមនុស្ស​ចាស់​ទាំងនោះ មាន​អាយុ​ចន្លោះ​ពី៦០ ទៅ៧០ឆ្នាំ មកពី​ភូមិ​ក្បាលក្រពើ ភូមិ​សំបួរ ភូមិ​ខ្នារ​ឆ្នាំង និង​ភូមិ​អំពិល។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ គោលបំណង​សំខាន់​ក្នុងការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមមនុស្ស​ចាស់​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេសចាស់ៗ ដែល​ពុំ​ធ្លាប់​ស្គាល់​ប្រាសាទអង្គរវត្ត ដែលជា​អច្ឆរិយ​របស់​ពិភព បានឃើញ​ម្តង​ក្នុង​មួយ​ឆាកជីវិត​របស់​ពួកគាត់។ លោក គឹម ប៊ុន​ថា​ន់ បញ្ជាក់ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​មានគំនិត​រៀប​ចំក​ម្ម​វិធី​នេះ​ឡើង ក្រោយពេល​លោក និង​សមាជិក​ឯទៀត ឧស្សាហ៍​ចុះទៅ​តំបន់​ដាច់ស្រយាល។ ពួកគេ​បាន​សួរ​ក្រុមមនុស្ស​ចាស់​ពី​អង្គរវត្ត ប៉ុន្តែ​ពួកគាត់​ឆ្លើយថា មិន​ធ្លាប់​បានឃើញ​អង្គរវត្ត​ទេ​ពីមុនមក។ លោក ប៊ុន​ថា​ន់៖« វា​បានធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​មែនទែន នៅពេលដែល​ពួកយើង បានឮ​សំដី​ទាំងនោះ»។

លោកយាយ អែម រឿន អាយុ៧២ឆ្នាំ នៅក្នុង​ក្រុមមនុស្ស​ដែល​មក​កម្សាន្ត​អង្គរវត្ត បាន​និយាយថា លោកយាយ​សប្បាយ​ចិត្តជា​ខ្លាំង នៅពេល​បានមក​ជាន់​ទឹកដី​អង្គរវត្ត​របស់​ខ្មែរ។ លោកយាយ រឿន ប្រាប់ថា លោកយាយ ចាប់អារម្មណ៍​នឹង​ព្រះ​ពុទ្ធរូប និង​ក្បួ​រ​ក្បាច់ចម្លាក់​ក្នុង​ប្រាសាទ​អង្គរ​អង្គរវត្ត។ បើទោះជា​មាន​វ័យ​ជរា​ទៅហើយ តែ​រាងកាយ​លោកយាយ រឿន ហាក់​មិនទាន់​ជរា​នោះទេ លោកយាយ​នៅមាន​កម្លាំង ក្រោយពេល​ដើរ​ក្នុង​ប្រាសាទ​រយៈពេល​ប្រមាណ​ជិត៤ម៉ោង​រួចមក។

ក្បែរ​លោកយាយ រឿន គឺ​លោកយាយ ពេជ្រ។ យាយ ពេជ្រ មាន​អារម្មណ៍​មិន​ខុសគ្នា​នឹង​អ្នកឯទៀតៗនោះទេ គឺ​គាត់​រីករាយ នៅពេល​បំណង ដែល​ធ្លាប់​ប៉ង​មកលេង​អង្គរវត្ត​បានសម្រេច។ ពេលវេលា​មាន​សម្រាប់​យាយ ពេជ្រ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អង្គរវត្ត ប៉ុន្តែ​ថវិកា ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​លោកយាយ និង​ក្រុមគ្រួសារ មិនបាន​លទ្ធភាព​ពិតប្រាកដ៕





© រក្សាសិទ្ធិដោយ thmeythmey.com