អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំពិភពលោក៖ លោក លី ក្វាន់យូ ជា​មនុស្សប្រវត្តិសាស្ត្រមួយរូបដ៏មានឥទ្ធិពល​​នៅ​អាស៊ី​
23, Mar 2015 , 7:07 am        
រូបភាព
ក្រោយ​ការ​ទទួលមរណៈភាព​ភ្លាម​ៗ​របស់បិតា​ស្ថាបនិក​សិង្ហបុរី លោក លី ក្វាន់យូ មេដឹកនាំ​ពិភពលោក​បាន​ផ្ញើ​សារ​រំលែក​មរណៈទុក្ខ​ជាបន្តបន្ទាប់​ជាមួយ​ក្រុមគ្រួសារ​របស់​ លី ស៊ានឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី និង​ជាមួយ​ប្រជាជន​សិង្ហបុរី។



ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា៖
 «ក្នុងនាម​ប្រជាជន​អាមេរិក ក្នុងនាម​ភរិយា និង​រូបខ្ញុំ ខ្ញុំ​សូម​ចែករំលែក​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​លោក​លី និង​សូម​ចូលរួម​ជាមួយ​ប្រជាជន​សិង្ហ​បុរី​ដែល​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​មនុស្ស​ជាទីគោរព​របស់​ពួកគេ។ ទស្សនៈទាន​ដ៏​ជ្រាលជ្រៅ​នៃ​ការ​ការគ្រប់គ្រង​សេដ្ឋកិច្ច​ដ៏​រស់​រវើក​នៅ​អាស៊ី របស់លោក​លី បានទទួល​ការគោរព​មនុស្ស​ក្នុង​ពិភពលោក។ ខ្ញុំ​ផ្ទាល់ខ្លួន​បាន​ស្ញប់ស្ញែង​បញ្ញាញាណ​របស់លោក​លី ពិសេស​ការពិភាក្សា​រវាង​ខ្ញុំ​និង​លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅកាន់​សិង្ហ​បុរី​ក្នុង​ឆ្នាំ២០០៩ ដែល​បាន​ជួយ​ខ្ញុំ​ច្រើន​ក្នុង​ការរៀបចំ​គោលនយោបាយ​ពង្រឹង​តួនាទី​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ លោក​លី គឺជា​យក្ស​ពិតប្រាកដ​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​នឹង​ត្រូវគេ​ចងចាំ​គ្រប់​ជំនាន់»។

អតីត​ប្រធានាធិបតី​អាមេរិក George W Bush ៖

«ឡូ​រ៉ា និង​ខ្ញុំ មានទុក្ខ​ដ៏​ក្រៀមក្រំ បន្ទាប់ពី​បានទទួល​ដំណឹង​អំពី​មរណៈភាព​របស់លោក លី ក្វាន់ យូ។ បិតា​ស្ថាបនិក​សិង្ហ​បុរី​បាន​ផ្លាស់ប្តូរ​ប្រទេស​របស់ខ្លួន ហើយ​បាន​ជួយ​បើកចំហរ​តំបន់​អាស៊ាន​ទៅក្នុង​យុគសម័យ​ទំនើប​មួយ។ ប្រទេស​សិង្ហ​បុរី ដែល​លោក​លី​បានរស់នៅ​ពីក្រោយ គឺជា​ប្រទេស​ដែលមាន​កម្លាំង​ដ៏​មាន​ឥទ្ធិពល​ដើម្បី​ធានា​ស្ថិរភាព និង​ភាពរុងរឿង និង​ជា​មិត្ត​របស់​សហរដ្ឋអាមេរិក»។

អគ្គលេខាធិការ UN បាន គី​មូ​ន៖
«លោក លី ក្វាន់​យូ គឺជា​មនុស្ស​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាស៊ី​មួយរូប ដែល​ត្រូវបាន​គេ​គោរព​តាមរយៈ​ភាពជា​អ្នកដឹកនាំ និង​ជា​ភាពជា​បុរស​រដ្ឋ​របស់លោក។ ក្នុង​រយៈពេល​នៃ​ការដឹកនាំ​ប្រទេស៣ទស្សវត្សរ៍​របស់លោក លោក​បាន​ជួយ​សិង្ហ​បុរី​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ឲ្យ​ក្លាយជា​ប្រទេស​អភិវឌ្ឍ​ខ្លាំងជាងគេ​ក្នុង​ពិភពលោក តាមរយៈ​ការកែប្រែ​សិង្ហ​បុរី​ឲ្យ​ទៅជា​ប្រទេស​ជំនួញ​លក្ខណៈ​អន្តរជាតិ​ដ៏​រីកចម្រើន។ សិង្ហ​បុរី​កំពុង​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ឆ្នាំ​ទី៥០របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ ហើយ​បិតា​ស្ថាបនិក​របស់ខ្លួន​នឹង​ត្រូវគេ​ចងចាំ​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​អាស៊ី»។

នាយករដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី Najib Razak  
« ​ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ជាខ្លាំង​ដែល​ទទួល​បាន​ព័ត៌មាន​ពីការបាត់​បង់​ដ៏​ធំ​ធេង​របស់​ក្រុម​គ្រួសារ​លោក លី​ សៀនឡុង។ ខ្ញុំនិង​ប្រជា​ជន​ម៉ាឡេស៊ីសូមបួងសួង និងចូល​រួម​រំលែក​ទុក្ខជាមួយក្រុមគ្រួសារលោក និងប្រជាជនសិង្ហបុរីទាំងមូល។ ខ្ញុំដឹងថា សមិទ្ធផលរបស់បីតាស្ថាបនិកសិង្ហបុរីសម្រេច​បាន​ពិតជាអស្ចារ្យ ហើយរាល់មរ​តកដែល​លោក​បាន​បន្សល់​ទុក​នឹង​នៅស្ថិត​ស្ថិរជា​អមត»។
នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi 
«លោក​ លិ ក្វាន់យូ ជាបុរសរដ្ឋ​មួយ​រូប​ដែ​លមានចក្ខុ​វិស័យ​វែងឆ្ងាយ និងជាសត្វតោក្នុង​ចំណោម​មេដឹកនាំកំពូលពិភពលោក។​ ខ្សែជិវិតនិងវីរៈភាពរបស់លោកលី ក្វាន់យូ បានបង្រៀនមនុស្សគ្រប់គ្នាពីមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ក្នុងនាមលោកជាមេដឹកនាំ​មួយ​រូប​ ខ្ញុំសូម​​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​និងប្រជាជន​សិង្ហបុរីទាំងមូល​ ហើយសួម​បួងសួង​អោយ​វិញ្ញាណក្ខន្ធលោកលី​ទៅកាន់សុគតិភព។  




© រក្សាសិទ្ធិដោយ thmeythmey.com