អន្តរជាតិ
លី​ក្វាន់​យូ​កែប្រែ​សិង្ហ​បុរី​ពី​ប្រទេស​ក្រ​បំផុត​ទៅជា​ប្រទេស​រីកចម្រើន​បំផុត​លើ​លោក
23, Mar 2015 , 10:40 am        
រូបភាព
ដោយ:

លោក​លី​ក្វាន់​យូ​នាយករដ្ឋមន្ត្រី​ទីមួយ​និង​ជា​បិតា​ស្ថាបនិក​សិង្ហ​បុរី​ដែល​ទើបតែ​ទទួលមរណៈភាព​បា​នប​ន្ស​ល់​ទុក​សមិទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ​សិង្ហ​បុរី​និង​ពិភពលោក។លោក​បាន​កែប្រែ​សិង្ហ​បុរី​ពី​ប្រទេស​ក្រីក្រ​បំផុត​ទៅ​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​លំដាប់​ពិភពលោក​នៅក្នុង​រយៈពេល​ត្រឹមតែ៣១ឆ្នាំ​ប៉ុណ្ណោះ។



លោក​លី​ក្វាន់​យូ​គឺជា​អតីត​និស្សិត​ច្បាប់​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Fitzwilliam  នៅក្នុង​ចក្រភព​អង់គ្លេស។លោក​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទីមួយ​របស់​សិង្ហ​បុរី​នៅក្នុង​ឆ្នាំ១៩៥៩ និង​បញ្ចប់​តំណែង​ពី​នាយករដ្ឋមន្ត្រី​នៅក្នុង​ឆ្នាំ១៩៩០។

ដោយសារតែ​ស្ថានភាព​របស់​ប្រទេស​មាន​លក្ខណៈ​ទន់ខ្សោយ​ពេក​លោក​លី​ក្វាន់​យូ​បានសម្រេច​ដាក់​ប្រទេស​សិង្ហ​បុរី​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហ​ព​ន្ធ័​ម៉ាឡេស៊ី​នៅ​ឆ្នាំ១៩៦៣ ។ដោយឡែក​នៅក្នុង​អំឡុង​ពេលដែល​សិង្ហ​បុរី​ជា​រដ្ឋ​របស់​ម៉ាឡេស៊ី​បញ្ហា​វិវាទ​ជាច្រើន​បានកើត​ឡើង​ធ្វើ​ឲ្យ​លោក​លី​ក្វាន់​យូ​បានសម្រេច​ដកខ្លួន​ចេញពី​ការគ្រប់គ្រង​របស់​ម៉ាឡេស៊ី​នៅក្នុង​ឆ្នាំ១៩៦៥ ។

យ៉ាងណាមិញ​ក្រោយពី​ផ្តាច់ខ្លួន​ចេញ​និង​ទទួលបាន​ឯករាជ្យ​ពី​ម៉ាឡេស៊ី​ឆ្នាំ១៩៦៥សិង្ហ​បុរី​គឺ​នៅតែ​ជា​រដ្ឋ​ដ៏​តូច​និង​ទន់ខ្សោយ​មួយ​ប៉ុណ្ណោះ​នៅក្នុង​តំបន់​អាស៊ី សូម្បីតែ​ទឹក​ក៏ត្រូវ​ទិញ​ពី​គេ​ដែរ។ជាមួយគ្នា​នោះដែរ​យោងតាម​ការដក​ស្រង់​ចេញពី​សៀវភៅ​From Third To First World ដែលជា​កម្រង​សៀវភៅ​និយាយ​សមិទ្ធផល​របស់លោក​លី​ក្វាន់​យូ​សិង្ហ​បុរី​ប្រឈម​នូវ​បញ្ហាធំៗចំនួន​បី​ក្នុង​ឆ្នាំ១៩៦៥រួមមាន៖
+ ទី១បញ្ហា​ការទទួលស្គាល់​អធិបតេយ្យ​ភាព​និង​ការចូល​ជា​សមាជិកភាព​នៅក្នុង​អង្គការសហប្រជាជាតិ។
+ ទី២បញ្ហា​សន្តិសុខ​និង​ការពារជាតិ​ពោលគឺ​មាន​ចលនា​ប្រឆាំង​ដោយ​ក្រុម​មួយចំនួន​បានទាមទារ​ឲ្យ​សិង្ហ​បុរី​ចូល​ជាមួយនឹង​ម៉ាឡេស៊ី​ឡើងវិញ។
+ ទី៣ បញ្ហា​សេដ្ឋកិច្ច​ដែលជា​បញ្ហា​ចម្បង​ព្រោះ​ដោយសារ​សិង្ហ​បុរី​គឺជា​ប្រទេស​ដែល​មិន​អំណោយផល​លើ​ធនធានធម្មជាតិ​នោះទេ។

ដោយឡែក​ក្រោម​ការប្តេជ្ញាចិត្ត​របស់លោក​លី​ក្វាន់​យូ​លោក​បាន​ព្យាយាម​ស្រោចស្រង់​ស្ថានភាព​ដ៏​លំបាក​នេះ​តាមរយៈ​ការសិក្សា​ពី​គំរូ​ដឹកនាំ​របស់​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​នៅក្នុង​តំបន់​និង​ពិភពលោក​រួមមាន​អង់គ្លេស​ចិន​ហុងកុង​ម៉ាឡេស៊ី និង​កម្ពុជា​ផងដែរ។ជា​ចុងក្រោយ​ក្នុង​រយៈពេល៣១ឆ្នាំ (១៩៥៩-១៩៩០) នៃ​ការដឹកនាំ​របស់លោក​លី​ក្វាន់​យូ​សិង្ហ​បុរី​បានក្លាយ​ជា​កូន​នាគ​នៅ​អាស៊ី​និង​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លំដាប់​ទី១របស់​ពិភពលោក៕



© រក្សាសិទ្ធិដោយ thmeythmey.com