ជាតិ
លោក សាយ សំ​អាល់ ជា​តួអង្គ​នៃ​យុទ្ធនាការ​សន្សំសំចៃ​អគ្គិសនី
23, Mar 2015 , 5:51 pm        
រូបភាព
 
លោក​សាយ​សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ធ្វើជា​តួអង្គ​សំខាន់​ម្នាក់​នៅក្នុង​Spot ផ្សព្វផ្សាយ​មួយ​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​សន្សំសំចៃ​ថាមពល​អគ្គិសនី។ Spot ផ្សព្វផ្សាយ​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រសួងបរិស្ថាន ក្នុង​ក្របខណ្ឌ​នៃ​ការចូលរួម​របស់​កម្ពុ​ជា ទៅក្នុង​យុទ្ធនាការ​ទិវា «១ម៉ោង​សម្រាប់​ភពផែនដី»។



នៅក្នុង​វីដេអូ​ពាណិជ្ជកម្ម​មួយ​ដែលមាន​រយៈពេល១នាទី​កន្លះ គេ​នឹង​ឃើញ​រដ្ឋមន្ត្រី​វ័យក្មេង​នៃ​ក្រសួងបរិស្ថាន​របស់​ក​ម្ពុ​ជា​ថ្លែង​សារ​មួយ​ឃ្លា​ថា «យើងទាំងអស់គ្នា​អាច​ចូលរួម​សន្សំសំចៃ​ថាមពល​ដើម្បី​បរិស្ថាន»។ សារ​នេះ​ជាការ​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ខ្មែរ​ទូទាំងប្រទេស ឲ្យ​ពួកគេ​សន្សំសំចៃ​ថាមពល​អគ្គិសនី គ្រប់ពេល គ្រប់​ទីកន្លែង​ដើម្បី​ភពផែនដី​ដែល​ពួកគេ​កំពុង​រស់នៅ។

នៅក្នុង​វីដេអូ​ពាណិជ្ជ​កម្មនេះ ដែលមាន​សារ​របស់លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែល​និយាយថា «ពួកគេ​ចង់បាន​សកម្ម​ភាព​រួមគ្នា​ដើម្បី​បញ្ឈប់​ការប្រែប្រួល​អាកាសធាតុ»នោះ ក៏​មានការ​ទូន្មាន​ដល់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ទីកន្លែង ចូលរួម​បិទ​ភ្លើង (អគ្គិសនី) រយៈពេល១ម៉ោង ដើម្បី​ចូលរួម​ក្នុង​ទិវា១ម៉ោង​ដើម្បី​ភពផែនដី។

ទិវា១ម៉ោង​សម្រាប់​ភពផែនដី​ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ​WWF តាំងពី​ឆ្នាំ២០០៧មក។
ទិវា១ម៉ោង​សម្រាប់​ភពផែនដី​នៅ​ឆ្នាំ២០១៥នេះ​រៀបចំឡើង​ក្រោម​ប្រធានបទ«ប្រើ​ថាមពល​របស់​អ្នក​ដើម្បី​បញ្ឈប់​ការប្រែប្រួល​អាកាសធាតុ»។
នៅ​កម្ពុជា នៅ​ថ្ងៃទី២៨មីនា​ដែលជា​ថ្ងៃ​ប្រារព្ធ​ទិវា​នេះ​នឹងមាន​ការបិទ​ភ្លើង​រយៈពេល១ម៉ោង​នៅ​ម៉ោង៨កន្លះ​ដល់​ម៉ោង៩កន្លះ​យប់។

សាធារណជន​និង​គ្រប់​ស្ថាប័ន​នៅ​ទូទាំងប្រទេស តាមរយៈ​ការបិទ​សម្ភារ​ឬ​ឧបករណ៍ប្រើប្រាស់​ដោយ​ថាមពល​ណា​ដែល​មិនចាំបាច់​ដូចជា​ម៉ាស៊ីនត្រជាក់​ទូទឹកកក​ទូរទស្សន៍​ឬ​កង្ហារ​ជាដើម។នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អ៊ុន​ចក្រី ប្រធាន​ផ្នែក​ព័ត៌មាន និង​កិច្ចការ​សាធារណៈ​នៃ​អង្គការ​WWF។

លោក អ៊ុន​ចក្រី​ធ្លាប់បាន​ប្រាប់​សារព័ត៌មានថ្មីៗថា​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​នេះ​ប្រារព្ធ​ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នៅលើ ភពផែនដី​ទិវា​នេះ​ក៏​សារ​មួយ​បង្ហាញ​ឲ្យ​សាធារណជន​ដឹងថា​ពួកគេ​អាច​ទប់ស្កាត់​ការ​កើន​កំដៅ​ភពផែនដី​តាមរយៈ​ការ​សន្សំសំចៃ​ថាមពល​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ។

សូមបញ្ជាក់ថា​នេះ​គឺ​ឆ្នាំ​ទី៧សម្រាប់​ពិភពលោក​និង​ជា​ឆ្នាំ​ទី៤នៅ​កម្ពុជា​ដែល​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី។ទិវា​នេះ​បានចាប់ផ្តើម​ឡើង​ដំបូង​គេ​នៅ​ក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ២០០៧។មិន​ត្រឹមតែ​កម្ពុជា​នោះទេ​ដែល​ប្រារព្ធ​ទិវា​នេះ​ប្រទេស​ចំនួន១៦២និង​ក្រុង​ជាង៧០០០ផ្សេងទៀត​នៅលើ​ពិភពលោក​ក៏​ចូលរួម​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​នេះដែរ៕

ទស្សនាវីដេអូ

© រក្សាសិទ្ធិដោយ thmeythmey.com