ជាតិ
Google អាច​ឆ្លើយតបចម្ងល់យើង​បាន​គ្រប់យ៉ាង ប៉ុន្តែ​ព័ត៌មាន​ភាគច្រើន​មិន​ត្រឹមត្រូវឡើយ​
24, Mar 2015 , 9:30 am        
រូបភាព
ហាណូយ-វៀតណាម៖ «នៅលើ Google យើង​អាច​មើលឃើញ​ព័ត៌មានភ្លាមៗទៅតាម​តម្រូវការ ប៉ុន្តែ​ព័ត៌មាន​មួយចំនួនធំ​ត្រឹមត្រូវ​ឡើយ លើកលែងតែ​ព័ត៌មាន​ដែល​សរសេរ​ដោយ​អ្នកកាសែត​អាជីព​ប៉ុណ្ណោះ»។ នេះ​ជាការ​លើកឡើង​របស់លោក Yann Rousseau ប្រធានការិយាល័យ​កាសែត​សេដ្ឋកិច្ច​បារាំង Les Echos ប្រចាំ​ក្រុង​តូ​ក្យូ នា​បទ​បង្ហាញ​មួយ​ដល់​អ្នកកាសែត​វៀតណាម និង​កម្ពុជា ។



លោក Yann Rousseau អាយុ៤១ឆ្នាំ និង​ជា​អតីត​គ្រូបង្រៀន​ផ្នែក​សារព័ត៌មាន​ជា​ភាសា​បារាំង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ពី​ឆ្នាំ១៩៩៧ ដល់​ឆ្នាំ១៩៩៩ ផងដែរ​នោះ បាន​លើកឡើងថា ៖ «បើទោះបីជា​បច្ចេកវិទ្យា​រីកចម្រើន​យ៉ាងណាក៏ដោយ ការផ្តល់​ព័ត៌មាន​បែប​វិជ្ជាជីវៈ នូវតែ​មានតម្លៃ​សម្រាប់​អ្នកអាន និង​អ្នកសិក្សា​ស្រាវជ្រាវ»។

ក្រោម​ការរៀបចំ​របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​ប្រើ​ភាសា​បារាំង (OIF) លោក Yann ចូលរួម​ចែករំលែក​បទពិសោធន៍​ទាក់ទង​នឹង​ជំនាញ​យក​ព័ត៌មាន​សេដ្ឋកិច្ច​ដល់​អ្នកកាសែត​វៀតណាម​ប្រមាណ២០នាក់ និង​កម្ពុជា​ម្នាក់ នៅ​ទីស្នាក់ការ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ Le Courrier du Vietnam ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ពីថ្ងៃ​ទី២៣ ដល់​ថ្ងៃទី២៧ ខែមីនា។

អ្នកកាសែត​បារាំង​ដែលមាន​បទពិសោធន៍​ការងារ​ជាង១៥ឆ្នាំ បាន​លើកឡើងថា៖ «ការងារ​របស់​អ្នកកាសែត​អាជីព​គឺ​ផ្តល់ព័ត៌មាន​ពិតប្រាកដ តាមរយៈ​ការទាក់ទង និង​ដកស្រង់​ប្រភព​ត្រឹមត្រូវ។ យើង​មិនអាច​ពឹង ឬ​ចាំ​ចម្លង​ព័ត៌មានតៗគ្នា​នៅលើ Google នោះឡើយ។ Google ផ្តល់ព័ត៌មាន​សំបូរបែប ប៉ុន្តែ​ខ្ញុំ​ហ៊ាន​និយាយថា ៨០ភាគរយ គឺ​ខុស និង​បំ​ភ្លើ​ស»។


លោក Yann ដែល​ធ្លាប់បាន​បង្ហាត់បង្រៀន​អ្នកកាសែត​ជើងចាស់​មួយចំនួន​នៅ​កម្ពុជា ដូចជា​លោក ប៉ែន បូ​ណា លោក គី សុខ​លីម លោក ខ្វៃ អាទិ​ត្យា និង​លោក រស់ ឌី​ណា ជាដើម​នោះ  ក៏បាន​កត់សម្គាល់​ផងដែរ​នូវ​ការរីកចម្រើន​សារព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លោក​លើកឡើងថា បើទោះបីជា​មានការ​ផ្តល់​ព័ត៌មាន​ដ៏​សំបូរបែប​តាម​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​ក៏ដោយ ប៉ុន្តែ​ស្នាដៃ​របស់​អ្នកយកព័ត៌មាន​អាជីព​នៅតែ​ជា​តម្រូវ​ការចាំបាច់ ហើយ​កាសែត​ជំនាញ​សេដ្ឋកិច្ច​ដែល​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​នោះ មានដូចជា Wall Street Journal, Financial Times, The Economist និង Les Echos ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com