ជាតិ
សេដ្ឋកិច្ច
EU ផ្តល់ជំនួយ​ជិត៣លាន​អឺរ៉ូ ដល់​អង្គការ៥ ដើម្បី​លើកកម្ពស់​សុខុមាលភាព ពលរដ្ឋ​ទន់ខ្សោយ
24, Mar 2015 , 10:42 am        
រូបភាព
សហភាព​អឺរ៉ុប​បានផ្ដល់​ជំនួយឥតសំណង​ថ្មី ចំនួន​៥​គម្រោង​ដែលមាន​ទឹកប្រាក់​សរុប​ជាង ២,៩ លាន​អឺរ៉ូ ទៅឱ្យ​អង្គការក្រៅរដ្ឋាភិបាល​នៅ​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ដែល​មានគោលបំណង​កាត់បន្ថយ​ភាពក្រីក្រ ជំរុញការ​អភិវឌ្ឍប្រកបដោយ​និរន្តរភាព និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ក្នុង​ការលើកកម្ពស់​សង្គមមួយ​ប្រកប ដោយ សេរីភាព និង​ការបើកចំហរ។



លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-François Cautain) ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា៖«ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​យូរអង្វែង​របស់​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប បានធ្វើការ​ជាមួយ​វិស័យ​នានា​នៅក្នុង​សង្គម ដើម្បី​ធ្វើការ​ធានាថា ការគាំទ្រ របស់​យើង​ពិតជា​បានជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ពិតប្រាកដ ជាពិសេស​អ្នក​ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​ឃើញថា យើង​អាច​ផ្តល់​ជា​ជំនួយឥតសំណង​ដល់​គម្រោង​ថ្មី​ទាំងនេះ ហើយ​ខ្ញុំ​សង្ឃឹមថា គម្រោង​ទាំងនេះ​នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​ឱ្យ​កម្ពុជា​អាច​កសាង​បានជា​សង្គម​មួយ​ដែល​ខ្លាំង​ទាំង​ខាង​ផ្នែក​នយោបាយ និង​ទាំង​ខាង​សេដ្ឋកិច្ច»។

ខាងក្រោម​នេះ គឺជា​អង្គការក្រៅរដ្ឋាភិបាល​ទាំង​ប្រាំ​ដែល​បានទទួល​ជំនួយឥតសំណង​ពី​សហភាព​អឺរ៉ុប៖
•    ទីភ្នាក់ងារ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​និង​អភិវឌ្ឍន៍(ACTED)រួមជាមួយ និង​សមាគមន៍​យុវជន​ខ្មែរ (KYA) បានទទួល​ជំនួយឥតសំណង​ចំនួន ៦២៥.០០០ អឺរ៉ូ ដើម្បី​អនុវត្ត​គម្រោង​មួយ​ដែលមាន​រយៈពេល​បី​ឆ្នាំ។ គោលបំណង​នៃ​គម្រោង​នេះ​គឺ ដើម្បី​ពង្រឹងសមត្ថភាព​ស្ថាប័ន​មិនមែន​រដ្ឋ និង​គាំទ្រ​ដល់​យុវជន​កម្ពុជា រួមទាំង សហគមន៍​ក្រីក្រ​នៅ​ខេត្តព្រៃវែង តាមរយៈ​ការផ្តល់​ដល់​ពួកគេ​នូវ​ការបណ្តុះបណ្តាល​ជំនាញ​ផ្នែក​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ការបង្កើត​ប្រាក់ចំណូល។
•    អង្គការ​មាត្រា ១៩ (Article 19) រួមជាមួយ​គណៈកម្មាធិកា​រ​ប្រព្រឹត្តិកម្ម នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) ដែល​បានទទួល​ជំនួយ​ជា​ថវិកា​ចំនួន ៤៩២.៥៧០អឺរ៉ូ ដើម្បី​ដំណើរការ​គម្រោង​រយៈពេល​បី​ឆ្នាំ ដែលមាន​ឈ្មោះថា "សំឡេង​បៃតង​កម្ពុជា" នៅក្នុង​ខេត្ត រតនគិរី ស្ទឹងត្រែង កោះកុង និង​ខេត្ត មណ្ឌល​គី​រី។ គោលដៅ​សំខាន់​នៃ​គម្រោង​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​ដល់ សកម្មជន​ការពារ​បរិស្ថាន និង សិទ្ធិមនុស្ស ក្នុងការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ប្រកប ដោយ​សុវត្ថិភាព​និង​មាន​ប្រសិទ្ធិភាព ដែលជា​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ដើម្បី​ប្រឆាំងនឹង​វប្បធម៌​និ​ទណ្ឌ​ភាព និង​អំពើពុករលួយ​ដែល​កំពុង​កើតមាន។
•    អង្គការ DanChurchAid រួមជាមួយ​នឹង មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯករាជ្យ (CCIM) និង​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ (API) ទទួល បាន​ជំនួយ​ចំនួន ៦៨៦.៧០០អឺរ៉ូ ដើម្បី​អនុវត្ត​គម្រោង​មួយ​ដែលមាន​រយៈពេល​បី​ឆ្នាំ នៅ​ខេត្តពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ និង​ខេត្តកំពង់ធំ។ គោលបំណង​នៃ គម្រោង​នេះ គឺ​ដើម្បី​ចូលរួមចំណែក​ដល់​ការកសាង​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេសមួយ​ដែលមាន​សមធម៌ ភាព​បើកចំហ និង​ប្រជាធិបតេយ្យ​ថែមទៀត ដោយ​បង្កើន​នូវ​ការ ទទួលបាន​ព័ត៌មាន និង​ការជួយ​ពង្រឹងសមត្ថភាព​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​លើ​បញ្ហា​អភិបាលកិច្ច។
•    ក្រុមប្រឹក្សា​ក្រុង​ដូន​កែវ រួម​ជាមួយនិង​អង្គការ​ជំនួយ​អភិវឌ្ឍន៍​និង​សន្តិភាព អង្គការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​កសិករ​កម្ពុជា និង​អង្គការ​ចិត្តធម៌ បានទទួល​ជំនួយឥតសំណង ចំនួន​ជាង ៤៤៩.៩០០ អឺរ៉ូ ដើម្បី​ដំណើរការ​គម្រោង​បី​ឆ្នាំ​នៅ​ខេត្តតាកែវ ព្រៃវែង និង ខេត្តស្វាយរៀង។ គោលបំណង​សំខាន់​របស់​គម្រោង​នេះ គឺ​ដើម្បី​បង្កើន​ការផ្តល់ សេវាសាធារណៈ​និង​ការកែលម្អ​អភិបាលកិច្ច​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​គណនេយ្យភាព​សង្គម និង​បង្កើន​តម្លាភាព ក៏ដូចជា​ការលើកទឹកចិត្ត​ឱ្យមាន​ការចូលរួម ប្រកបដោយ​ប្រសិទ្ធិភាព​ពី​សហគមន៍ មូលដ្ឋាន​ក្នុង​ឃុំ​ចំនួន ៣៧ និង​ខេត្ត​ចំនួន​បី​ខាងលើ ។
•    អង្គការ Plan International (Plan Germany) រួមជាមួយ​នឹង​សមាគមន៍​បណ្តុះ​កុមារ និង ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន​បី បានទទួល​ជំនួយ​ចំនួន ៧០០.០០០ អឺរ៉ូ ដើម្បី​ដំណើរ ការ​គម្រោង​រយៈពេល​បី​ឆ្នាំ​នៅ​ខេត្ត​រតនគីរី។ គម្រោង​នេះ​នឹង​ផ្តល់នូវ​ការកសាង សមត្ថភាព​ក្រុមប្រឹក្សាឃុំ​សង្កាត់​លើ​កម្មវិធី​អភិបាលកិច្ច​ល្អ និង​កម្មវិធី​កុមារ​មេត្រី​នៅ ក្នុង​សហគមន៍។ គម្រោង​នឹង​បង្កើត​ផងដែរ​នូវ​សាលា​មុន​ម​ត្តេ​យ្យ នៅ​សហគមន៍ និង​ចល័ត និង​ជួយ​បណ្ដុះបណ្ដាល បុគ្គលិក និង​បង្កើន ការយល់ដឹង​ក្នុង​ចំ ណោម​ឪពុកម្តាយ​និង​កូន ទៅលើ​សារៈសំខាន់​នៃ​ការថែទាំ​កុមារតូចៗ និង​ការអភិវឌ្ឍន៍៕



© រក្សាសិទ្ធិដោយ thmeythmey.com