ជាតិ
បទវិភាគ
សង្គមជាតិ
កូន​យើង កូន​គេ
24, Mar 2015 , 3:35 pm        
រូបភាព
លិខិតមិត្តអ្នកអាន
ដោយ ធូ វាសនា  រស់នៅ​រតនគិរី
[email protected]

លើ​លោក​នេះ រឿងរ៉ាវ​ដែល​ល្អមើល និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត គឺជា​រឿង​របស់​ប្រភេទ​មនុស្ស​ល្ងង់ខ្លៅ ធ្វើ​រឿង​របស់​អ្នកចេះដឹង ដើម្បី​ឲ្យ​គេ​កោតសរសើរ គោរព​ស្រលាញ់ រាប់អាន និង​ប្រភេទ​អ្នកចេះដឹង ធ្វើជា​ល្ងង់ខ្លៅ​ឲ្យ​គេ​ដឹកច្រមុះ​តាមចិត្ត ដើម្បី​ផលប្រយោជន៍ និង​រស់នៅ។ទាំងនេះ​ជា​បញ្ហា ដែល​យើង តែ​ជួបប្រទះ និង​ដឹងឮ​ជាប្រចាំ ក្នុង​រង្វង់​ការអប់រំ រហូត​បាន​ជះឥទ្ធិពល​ដល់​វិស័យ​អប់រំ​ទាំង​ផ្ទាល់ និង​ប្រយោល។



«ជ្រាយ​ក្បាល កណ្តាល​ខ្សោយ កន្ទុយ​ទន់» គឺជា​បញ្ហា​ចាក់​ស្រែះ រស់​រវើក និង​ជាក់ស្តែង​បំផុត ដែល​មនុស្ស​គ្រប់គ្នា​មើលឃើញ​យ៉ាងច្បាស់​ក្រឡែត​នៅក្នុង​វិស័យ​អប់រំ​រហូតដល់​ការអប់រំ​ប្រចាំ​ថ្ងៃនេះ​តែម្តង។
ការប្រលង​មិនមែនជា​ចំណុច​តូច ហើយក៏​មិនមែនជា​ចំណុច ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការអប់រំ​នោះទេ ប៉ុន្តែ​វា​ជា​ប្រសិទ្ធភាព និង​សមត្ថភាព​នៃ​ការបង្រៀន និង​រៀន​របស់​គ្រូ និង​សិស្ស។ ប៉ុន្តែ​វិស័យ​អប់រំ ត្រូវការ​ធាតុ​ផ្សំ​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់ គឺ​មិនមែន​ត្រូវការ​ត្រឹមតែ​រដ្ឋមន្ត្រី​ពូកែ​ម្នាក់​នោះទេ គឺ​ត្រូវការ ដៃជើង​និង​ខ្លួនប្រាណ ព្រមទាំង​ឆន្ទៈ​ខ្ពស់​ទៀតផង​ទើប​អាច​សម្រេច​ទិសដៅ​សហស​វត្សរ៍ គឺ"ការអប់រំ ដើម្បី​ទាំងអស់គ្នា​ទាំងអស់គ្នា​ដើម្បី​ការអប់រំ»។ មិនតែប៉ុណ្ណោះ​វា​លាយឡំ​ជាមួយ​មតិយោបល់ ចម្រុះ​របស់ ឪពុកម្តាយ អាណាព្យាបាល​សិស្ស រួមទាំង​មហាជន​ទូទៅ ក្នុងការ​ពិនិត្យ តាមដាន និង​វាយតម្លៃ​អំពី លទ្ធផល​ទាំងនេះ​ទៀតផង។ នៅពេល​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ លោកគ្រូ អ្នកគ្រូ​ក៏ត្រូវ​តែ​ខិតខំ​ស្រាវជ្រាវ និង​ស្វែងយល់​បន្ថែម​ដើម្បី​ឆ្លើយតប​សមត្ថភាព​សិស្សពូកែៗក្នុង​ថ្នាក់។ គោលនយោបាយ​ផ្តល់​សន្តិភាព​ផ្លូវចិត្ត​ដល់​គ្រូបង្រៀន និង​អ្នក​អប់​រំជា​ចំណុច​សំខាន់​មួយ ដែល​ត្រូវ​យកចិត្ត ទុក ដាក់​ខ្ពស់ និង​សហការគ្នា​ជាប្រចាំ​ពី​ថ្នាក់​កំពូល ដល់​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ​យ៉ាង​ប្រទាក់ក្រឡា​គ្នា​ជាង សំណាញ់​ពីងពាង​ទៅទៀត។

ជាការ​ពិតណាស់ គ្មាន​អ្នកណាម្នាក់ គ្មាន​គ្រួសារ​ណាមួយ គ្មាន​ញាតិសន្តាន​ណា ដែល​អាច​កាត់​ផ្តាច់ចេញ ពី​ការអប់រំ​ទាំង​ក្នុង​សាលា​ឬ​ក្រៅ​សាលា​បានឡើយ។ ពិសេស​រឹតតែ​ត្រូវការ​ការអប់រំ​បច្ចេកទេស ជំនាញ​វិជ្ជាជីវៈ និង​ការបណ្តុះបណ្តាល​ផ្នែក​បំ​ណិ​ន​ជីវិត និង​ពង្រឹង​កត្តា​ចិត្តសាស្ត្រ ដើម្បី​បន្ថែម​ចំណេះ ជំនាញ ជំនឿ​ចិត្ត និង​ឆន្ទៈ​ខ្ពស់​សម្រាប់​ផ្តល់​ឲ្យ​សិស្សា នុសិស្ស​គ្រប់​ភូមិ​សិក្សា​ថែមទៀត​ផង។

នេះហើយ​ជាការ​ផ្សាំ​ដើម​អប់រំ​ដើម្បី​ទទួលផល​ទាំងអស់គ្នា។ គឺ​វា​ច្បាស់​ជា​បាន​ផល​លឿន​ជាង​កាប់​ដើម​ចាស់​ចោល រួច​ដាំ​ថ្មី ឬ​ថែ​ដើម ដាក់​ជី​ឲ្យ​ច្រើន ឬ​ថែ​មែក ឬ​ចាប់​ដង្កូវ​ស៊ី​ដើម​ចោល​ទើប​ប្រមូល​ផល...។ គឺ​ពិតជា​យូរយា​ណាស់។ បើ​លោកអ្នក​រង់ចាំ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​សិន រង់ចាំ​កែ​ប្រព័ន្ធ​អប់រំ​សិន រង់ចាំ​ពង្រឹងគុណភាព​ពី​ថ្នាក់​បឋម​សិន រង់ចាំ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្នែក​អប់រំ​សិន...ចាំ ពង្រឹង​ការប្រលង​ជា​បន្តបន្ទាប់...គឺ​ច្បាស់​ជា​កន្ទេល​ធំ​បន្លំ​ដេក​មិន​ខាន។ រាប់រយ​ជំនាន់ រាប់ពាន់​សម័យ ហើយ...!! តើ​អ្នកណា​ហ៊ាន​មើលស្រាល​ការអប់រំ និង​គ្រូបង្រៀន??? ចម្លើយ​គឺ​គ្មាន​អ្នកណា​មើលស្រាល​ឡើយ។

មាន​ពាក្យ​មួយ​គេ​និយាយថា៖«អ្នកណា​យកចិត្ត​គ្រូបង្រៀន​បាន គឺ​យកចិត្ត​សិស្ស​បាន។ យកចិត្ត​សិស្ស​បាន គឺ​យកចិត្ត​ឪពុកម្តាយ ឬ​អាណាព្យាបាល​សិស្ស​បាន។ បើ​យកចិត្ត​ឪពុកម្តាយ ឬ​អាណាព្យាបាល​សិស្ស​បាន គឺ​យកចិត្ត​មនុស្ស​លើ​លោក​បាន​ហើយ។ ឬ​និយាយ​ឲ្យ​ខ្លី បើ​អ្នកណា ឬ​បក្សនយោបាយ​ណា ដែល​អាច​យកចិត្ត យក​បេះដូង យក​ឆន្ទៈ​គ្រូបង្រៀន​បាន គឺ​យកចិត្ត​ទេវតា​បាន​ហើយ។ ប៉ុន្តែ​មានតែ​មនុស្ស​ល្ងង់ខ្លៅ​ប៉ុណ្ណោះ ដែល​ប្រើ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ធ្វើ​ឲ្យ​តម្លៃ​ការអប់រំ និង​គ្រូបង្រៀន​ធ្លាក់ចុះ ឬ​ធ្វើ​ឲ្យ​ការអប់រំ​និង​គ្រូបង្រៀន​មាន​ជំងឺ...ដើម្បី​គ្រប់គ្រង​គ្រូបង្រៀន​ឲ្យ​បាន​ជាប់​ក្នុង​កណ្តាប់ដៃ​នោះ។ ពេលនេះ មហាជន​ច្បាស់​ជា​មើលស្រាល​រហូត​អស់​តម្លៃ​ដោយ​ខ្លួនឯង​មិន​ខាន។ តើ​អ្នកណា​ទទួលបាន​ផលប្រយោជន៍​អស់ទាំង​នេះ​ដោយផ្ទាល់ និង​ដោយ​ប្រយោល??? អ៊ីចឹង​យើង​ត្រូវតែ​វាយលុក​ផ្លូវ​កាត់​បែប​នេះឯង!។

ប៉ុន្តែ​វិស័យ​អប់រំ មិនមែន​ត្រូវការ​ត្រឹមតែ​ការអប់រំ​រវាង​គ្រូ និង​សិស្ស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវការ​ផ្នែក​វប្បធម៌ សិល្បៈ និង​ផ្សព្វផ្សាយ...ផងដែរ។បើមួយថ្ងៃៗ បង្កើត​តែ​វប្បធម៌​ពុករលួយ វប្បធម៌​ផឹកស៊ី...ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្រា​បៀរ គ្រឿង​ស្រវឹង​តាម​ទូរទស្សន៍ តាម​វិទ្យុ​គ្រប់​រូបភាព​អ៊ីចឹង រឿង​អីក្មេងៗវា​មិនចេះ វា​មិន​ចង់​សាក នោះ? បើ​វិទ្យុ ពិធីករ​ខ្លះ​អាន​សារព័ត៌មាន ប្រកាសថា៖"ម៉ោង​រំលោភ ម៉ោង​កាប់​ចាក់"មកដល់​ទៀតហើយ គឺ​រុក​រកតែ​ព័ត៌មាន និង​ផ្សាយ​តែ​រឿង​រំលោភ រឿង​កាប់​ចាក់...អ៊ីចឹង​រឿង​អី​ក្មេង​វា​មិន​គិត មិនមាន​ចិត្ត​ចង់ សាកល្បង សាក​រំលោភ​គ្នា​លេង សាក​ជាប់គុក​លេង?

នេះហើយ​សុទ្ធតែ​ចំណង​ស្លាប់​មុខ ដែលមាន​ចុង​ខ្សែ​ច្រើន គឺ​មិន​ងាយ​ស្រាយ​រួច​ឡើយ។ បើ​មាន​អ្នកណា​សួរ​ខ្ញុំ​ថា៖តើ​ធ្វើយ៉ាងណា​ទើប​ការអប់រំ​រឹងមាំ...?ខ្ញុំ​ច្បាស់​ជា​ឆ្លើយថា៖ «...ត្រូវយក​វត្ត​ដាក់​ក្នុង​សាលា ត្រូវយក​សាលា​ដាក់​ក្នុង​វត្ត...រហូត​ត្រូវយក​ក្រសួង​អប់រំ និង​ក្រសួង​កិច្ចការ​សាសនា ដាក់បញ្ចូល​ឲ្យ​ក្លាយជា​ក្រសួង​តែមួយ» ទើប​ព្រលឹង​ខ្មែរ​មាន​ស្ថេរភាព ទើប​ព្រលឹង​ខ្មែរ​មិន​ខ្ចាត់ខ្ចាយ​ពី​អង្គ​ប្រាណ​របស់​កូនចៅ​ខ្មែរ ដែលមាន​ញើស​ឈាម​ដូនតា​ខ្មែរ​ពូជ​អ្នក​កសាង​អង្គរ​តែម្តង។

បើ​និយាយ​ឲ្យ​ខ្លី​ក្រសួង​អប់រំ​អ្នកអនុវត្ត ក្រុមគ្រួសារ​អ្នក​ពង្រឹង វប្បធម៌ សិល្បៈ និង​សារព័ត៌មាន គឺជា​អ្នក​ជួយ​គាំទ្រ។ ក្បួនសឹក​ពោលថា៖«វាយ​ទៅមុខ ទប់​ពីក្រោយ ពង្រឹង​កណ្តាល» ទើប​អាច​ឈ្នះ​សមរភូមិ និង​សង្គ្រាម​បាន។ វិស័យ​អប់រំ និង​ការអប់រំ គឺ​ខុសគ្នា ដូច​គេ​និយាយថា៖«ក្បួនសឹក និង​សមរភូមិ គឺ​ខុសគ្នា»។ស្ថានភាព​ជាក់ស្តែង គឺ​ស្ថិតនៅលើ​មនុស្ស​មាន​សមត្ថភាព ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់។ ការអប់រំ ត្រូវតែ​ផ្តោតលើ​កិច្ចការ​បី​ចំណុច ដែល​មិនអាច​ខ្វះ​បាន ដូច​ពាក្យ​មួយ​ឃ្លា​ពោលថា៖«ក្បាល​មិន​រឹង កន្ទុយ​ច្បាស់​ជា​មិន​ត្រង់»។គឺ​មានន័យថា៖បើ​ថ្នាក់លើ​ខ្វះ​ការយកចិត្តទុកដាក់ ថ្នាក់ក្រោម​ច្បាស់​គ្មាន លំនឹង​ជាមិនខាន។ គេ​អាច​និយាយបានថា បើ​ថ្នាក់លើ​រវល់​តែ​កិច្ចការ​នយោបាយ ខ្វះ​ការយកចិត្ត ទុកដាក់​លើ​ផ្នែក​បច្ចេកទេស ថ្នាក់ក្រោម​ច្បាស់​ជា​ធូររលុង​ទៅតាម​ហ្នឹង​ដែរ។ រឿង​កិច្ចការ​នយោបាយ​អប់រំ និង​បច្ចេកទេស​អប់រំ គឺជា​រឿង​ពីរ​ផ្សេងគ្នា តែ​មិនអាច​ខ្វះ​គ្នា​បានឡើយ។

សង្ឃឹមថា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ជាមួយ​វិស័យ​អប់រំ រហូតដល់​លោកអ្នក​ជា​មាតាបិតា អាណាព្យាបាល​សិស្ស គួរតែ​រួមចំណែក​ដោយផ្ទាល់ ដោយ​ប្រយោល​ដើម្បី​បង្ខំចិត្ត​គិតគូរ ពិចារណា និង​យល់​ឲ្យ​កាន់តែច្បាស់ ដើម្បី​បញ្ជូន​សារ​បន្ត​ដល់​កូនចៅ និង​សិស្សានុសិស្ស​ឲ្យ​ខំប្រឹង​សិក្សា​រៀនសូត្រ​នៅ​សាលារៀន អប់រំ​បន្ថែម​នៅផ្ទះ និង​ធ្វើជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គមជាតិ មានគុណ​ធម៌ មាន​សីលធម៌ និង​ការ​ទទួលខុស ត្រូវ​ខ្ពស់ ដើម្បី​ចូលរួមចំណែក​កសាង​ប្រទេសជាតិ និង​ធ្វើជា​គំរូ​ល្អ​សម្រាប់​កូន​យើង កូន​គេ ទាំងស្រី ទាំងប្រុស ទាំង​មាន ទាំង​ក្រ ទាំង​ល្អ ទាំង​អាក្រក់... ដែល​សុទ្ធតែជា​កូន​ខ្មែរ រស់​នៅលើ​ទឹកដី​ខ្មែរ មាន​មាតា​អង្គរ​តែមួយ ឲ្យ​មាន​មោទនភាព​ឡើងវិញ​ជានិច្ច​និរន្តរ៍៕




© រក្សាសិទ្ធិដោយ thmeythmey.com