ជាតិ
ក្រសួង​រ៉ែ កំណត់​យក​វិធានការ​ចំនួន៧ចំណុច ដោះស្រាយ​បញ្ហា​អាជីវកម្ម​ខ្សាច់
25, Mar 2015 , 5:18 pm        
រូបភាព

ក្រសួង​រ៉ែ និង​ថាមពល បានកំណត់​យក​វិធានការ​ចំនួន៧ចំណុច ដើម្បី​ដោះស្រាយ​ជាបន្ទាន់ភាពមិនប្រក្រតី​នៃ​ការធ្វើ​អាជីវកម្ម​ខ្សាច់ និង​អាជីវកម្ម​រ៉ែផ្សេងៗ ដោយ​អនាធិបតេយ្យ​ទូទាំងប្រទេស និង​មិន​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​ក្រសួង​រ៉ែ និង​ថាមពល ។


តាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី២៥មីនា​នេះ ក្រសួង​រ៉ែ និង​ថាមពល​បាន​ឯកភាព និង​សម្រេចបាន​ចំណុច​មួយចំនួន​ជាអាទិ៍​រួមមាន៖ បន្ត​ពន្យារ​អាជ្ញា​បណ្ណ​ដែលមាន​ស្រាប់​នៅក្នុង​តំបន់ ដែល​បាន​សិក្សា​រួចជាស្រេច​ទៅលើ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន។

អាជ្ញាប័ណ្ណ​ថ្មី​ក្នុង​តំបន់​ថ្មី​ត្រូវមាន​ការវាយតម្លៃ និង​សិក្សា​ឲ្យ​បានច្បាស់លាស់​ជាង​មុន​សិន ទៅលើ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ពី​ក្រុម​ជំនាញ​បច្ចេកទេស ដែល​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល។ ដាក់​កងកម្លាំង​ការពារ​ទន្លេ ប្រឆាំង​ការទប់ស្កាត់ និង​ការធ្វើ​អាជីវកម្ម​ខុសច្បាប់  និង​ការរៀបចំ និង​ពិនិត្យឡើងវិញ​នូវ​លក្ខខណ្ឌ​ក្នុង​ការផ្ដល់​អាជ្ញាប័ណ្ណ ដើម្បី​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច ក្នុងការ​ទទួលខុសត្រូវ​ផ្នែក​សង្គម ការត្រួតពិនិត្យ និង​ការអនុលោម​តាម​បទ​ប្បប​ញ្ញត្តិ​ជា​ធរមាន​ជាដើម ។

ជាមួយគ្នានេះ​ក្រសួង​រ៉ែ និង​ថាមពល សម្រេច​បង្កើត​ក្រុមការងារ​អធិការកិច្ច​ចំនួន៣ក្រុម ដែល​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​មួយរូប និង​មន្ត្រី​ជំនាញ​មួយក្រុម ដោយ​ក្រុម​ទីមួយ​ដឹកនាំ​ដោយ​លោក ម៉េង សក្ដិ​ធារ៉ា រដ្ឋលេខាធិការ ទទួលបន្ទុក​ចុះ​ត្រួតពិនិត្យ​នៅ​បណ្ដាល​ខេត្ត​តំបន់​ឥសាន ។ ក្រុមទី​ពីរ​ដឹកនាំ​ដោយ លោក ហូ វិចិត្រ រដ្ឋលេខាធិការ ទទួលបន្ទុក​ចុះ​ត្រួតពិនិត្យ​នៅ​បណ្ដាល​ខេត្ត​តំបន់​ពាយ័ព្យ និង​ក្រុមទី​បី​ដឹកនាំ​ដោយ​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ ទទួលបន្ទុក​ចុះ​ត្រួតពិនិត្យ​នៅ​ភ្នំពេញ ខេត្តកណ្ដាល និង​បណ្ដាល​ខេត្ត​នៅ​តំបន់​ភាគ​និរតី ។

វិធានការ​ទាំងអស់នេះ ជា​កម្មវិធី​អាទិភាព​របស់​ក្រសួង​រ៉ែ និង​ថាមពល នៅក្នុង​ការដោះស្រាយ​បញ្ហា​អាជីវកម្ម​ខ្សាច់​ខុសច្បាប់ ។
ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការធ្វើ​អាជីវកម្ម​ខ្សាច់ រាជរដ្ឋាភិបាល​បានចេញ​សេចក្ដីសម្រេច​ចុះ​ថ្ងៃទី២០ មីនា​កន្លងមក ស្ដីពី​ការកំណត់​គោលការណ៍​ធ្វើ​អាជីវកម្ម​ខ្សាច់ ដោយ​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល និង​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​លើ​ការធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ ៕



© រក្សាសិទ្ធិដោយ thmeythmey.com