ពីនេះ ពីនោះ
គន្លឹះទាំង៥ បង្ហាញពីគុណភាពនៃការសម្រេចចិត្តដែលមនុស្ស«ត្រូវការ»
×
មនុស្សគ្រប់គ្នាសប្បាយចិត្តនៅពេលដែលពួកគេសម្រេចចិត្តត្រូវ។ ប៉ុន្តែនៅពេលដែលពួកគេសម្រចចិត្តខុសម្តងៗ គឺតែងតែស្តីបន្ទោសឲ្យខ្លួនឯង ឬអ្នកដែលជួយសម្រេចចិត្តជំនួសពួកគេ។ នេះមានន័យថា ពួកគេមិនដែលចេះទទួលខុសទេ គឺទទួលយកតែអ្វីដែលត្រូវប៉ុណ្ណោះ។ តើគួរធ្វើបែបណា ទើបសម្រេចចិត្តត្រូវ និងមានប្រសិទ្ធភាព?
១. ត្រូវមានគោលជំហរខ្លួនឯងច្បាស់លាស់៖ ត្រូវតែធ្វើការសម្រេចចិត្តដោយឈរលើគោលជំហររបស់ខ្លួនឯងឲ្យបានច្បាស់ ដោយមិនត្រូវធ្វើការសម្រេចចិត្តតាមអ្វីដែលអ្នកដទៃ បង្ខំ ជំរុញ ឬគំរាមកំហែងណាមួយនោះទេ។ ប៉ុន្តែអ្នកត្រូវយកគំនិតពួកគេមកពិចារណា រួចសឹមធ្វើការសម្រេចចិត្តដោយខ្លួនឯង។
២. ធ្វើការសម្រេចចិត្តដោយមិនផ្អែកលើអារម្មណ៍៖ កុំសន្យានៅពេលដែលអ្នកសប្បាយចិត្ត កុំធ្វើការសម្រេចចិត្តនៅពេលដែលអ្នកកំពុងតែខឹងឬមួម៉ៅនឹងគេ។ អ្នកមិនត្រូវធ្វើការសម្រេចចិត្តដោយសារតែ ស្រឡាញ់ ចូលចិត្ត ស្អប់ដោយកំហឹងគុំកួន ឬសម្រេចចិត្តដើម្បីផលប្រយោជន៍នរណាម្នាក់ ឬក្រុមណាមួយនោះទេ។
៣. ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅមុននឹងសម្រេចចិត្ត៖ អ្នកគួរតែគិតពិចារណា វិភាគ វែកជែករកហេតុផល គុណសម្បត្តិ និងគុណវិបត្តិឲ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។
៤. រកប្រភពដែលអ្នកទុកចិត្តដើម្បីជួយពិគ្រោះយោបល់៖ ក្រៅពីគំនិតដែលអ្នកបានគិតស៊ីជម្រៅហើយនោះ អ្នកគួរតែរកមិត្តភក្តិ បងប្អូន គ្រូបង្រៀន ឬអ្នកជំនាញមកពិភាក្សាជួយផ្តល់ជាគំនិត និងយោបល់ ដើម្បីឲ្យការសម្រេចចិត្តនោះកាន់តែមានប្រិសទ្ធភាពខ្ពស់។
៥. អ្នកជាអ្នកសម្រេចចិត្ត ហើយអ្នកក៏ជាអ្នកទទួលខុសត្រូវដែរ៖ អ្នកត្រូវតែទទួលខុសត្រូវដោយខ្លួនឯងចំពោះការគិត និងការសម្រេចចិត្តរបស់អ្នក បើទោះជា អ្នកទទួលបានលទ្ធផលល្អ ឬមិនល្អយ៉ាងណាក៏ដោយ ហើយមិនត្រូវស្តីបន្ទោសខ្លួនឯង ឬនរណាម្នាក់នោះទេ ព្រោះនេះវាជាជម្រើសដែលអ្នកបានជ្រើសរើស៕
© រក្សាសិទ្ធិដោយ thmeythmey.com