ជាតិ
ប្រធានរដ្ឋសភា​កម្ពុជា នឹង​ទៅ​ចូលរួម​មហាសន្និបាត​លើក​ទី១៣២នៃ​IPUនៅ​វៀតណាម
26, Mar 2015 , 10:01 am        
រូបភាព
 
លោក ហេង សំរិន ប្រធានរដ្ឋសភា នឹង​ដឹកនាំ​គណ៖ប្រតិភូ​ទៅ​ចូលរួម​មហាសន្និបាត​លើក​ទី១៣២នៃ​សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី២៧មីនា​ស្អែក​នេះ ដល់​ថ្ងៃទី១មេសា ឆ្នាំ២១០៥ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ។


«គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព៖ការ​ប្រែក្លាយ​ទ្រឹស្តី​ទៅជា​សកម្មភាព» គឺជា ប្រធានបទ​នៃ មហាសន្និបាត​នេះ ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា របៀបវារៈ​ចំនួន១៤ នឹង​លើក​យកទៅ​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ រួមមាន៖១. កិច្ចប្រជុំ​អាស៊ាន​បូក​បី ២. កិច្ចប្រជុំ​ក្រុម​អាស៊ី-ប៉ាស៊ីហ្វិក ៣. មហាសន្និបាត​លើក​ទី១៣២នៃ​សហភាព​អន្តរ​សភា(IPU) ៤. កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើ​កទ១៩៦ ៥. កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​លើក​ទី១: សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ៦. កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​លើក​ទី២:ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ៧. កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​លើក​ទី ៣: សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ៨. កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​លើក​ទី៤: ស្តីពី​កិច្ចការ​អង្គការសហប្រជាជាតិ ស្តីពី​ការពិភាក្សា​រួម​ពី​គម្រប់​ខួប​លើក​ទី៧០ របស់​អង្គការសហប្រជាជាតិ ៩. កិច្ចប្រជុំ​គណៈកម្មាធិការ​សភា​ជា​ស្ត្រី​លើក​ទី១៩ ១០. វេទិការ​សមាជិកសភា​វ័យក្មេង ១១. កិច្ចប្រជុំ​សមាគម​អគ្គលេខាធិការ​សភា ១២. Slide-Event ស្តីពី​ការធ្វើ​ឲ្យ​បានសម្រេច​ទស្សនវិស័យ​ក្រុង​ប៉េកាំង:ទស្សន​របស់​បុរស ១៣. Slide-Event ស្តីពី​ការ​ផ្តល់យោបល់​លើ​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​ពិភពលោក សម្រាប់​សុខភាព​ស្ត្រី កុមារ និង​មនុស្សពេញវ័យ និង១៤. Slide-Event ស្តីពី​ការលុបបំបាត់​ហានិភ័យ​នៃ​សង្គ្រាម​អាវុធ​នុយក្លេអ៊ែ​កើត​ដោយ​ចៃដន្យ ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត ឬ​កើន​ពី​ជម្លោះ​ដែល​កើន​កាន់តែ​ធំ។

បើតាម​សេចក្តី ប្រកាស​ដដែល លោក ហេង សំរិន និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត​ផងដែរ។
មាន​ទីស្នាក់ការ​នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សហភាព​អន្តរ​សភា(IPU) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៨៨៩ បច្ចុប្បន្ន​មាន​សមាជិក១៦៤ប្រទេស និង​សមាជិក​បម្រុង១០ប្រទេស ។ ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក IPU ក្នុង​ខែមេសា ឆ្នាំ១៩៩៧ ៕


© រក្សាសិទ្ធិដោយ thmeythmey.com