ជាតិ
ពីនេះ ពីនោះ
គណបក្សនយោបាយ​នៅ​កម្ពុជា​ឈ្លោះ​គ្នា​ច្រើនជាង​គិតពី​ប្រយោជន៍​ជាតិ មិន​យល់…?
26, Mar 2015 , 10:34 am        
រូបភាព

 
ចាប់តាំងពី​ឆ្នាំ១៩៩៣មក គណបក្សនយោបាយ​ខ្មែរ​តែងតែ​ឈ្លោះ​គ្នា​រវាង​បក្សនយោបាយ និង​បក្សនយោបាយ។ បទពិសោធន៍​អតីតកាល​បាន​បង្ហាញថា អ្នកនយោបាយ​កាច់​បំបាក់​គ្នា បំបែក​គណបក្សនយោបាយ​ដែលជា​ដៃគូ​ប្រជែង​ចោល។



ឧទាហរណ៍​ជាក់ស្តែង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ត្រូវបាន​គេ​បំបែក​ទៅជា​គណបក្សតូចៗជាច្រើន រហូតដល់​ចុងក្រោយបង្អស់ គណបក្ស​នេះ គ្មាន​សល់​កៅអី​សូម្បី​តែមួយ​កៅអី​នៅ​រដ្ឋសភាជាតិ។ គណបក្ស​សមរង្ស៊ី គណបក្ស​លោកតា សឺ​ន សាន។ល។ ក៏មាន​វាសនា​មិនសូវ​ខុសគ្នា​ដែរ។ 

មិនមែន​តែ​ជម្លោះ​រវាង​គណបក្សនយោបាយ និង​គណបក្សនយោបាយ​ទេ។ តែ​សូម្បីតែ​ក្នុង​គណបក្ស​ខ្លួនឯងនីមួយៗ ការ​ប្រជែង​កម្លាំង​នយោបាយ​ក៏​កើតឡើង​ដែរ។ កាលពី​ពេលមុន ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បានលើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុមធំ។ ក្រុមទី១ គឺ​ក្រុម​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមទី២ គឺ​ក្រុម​របស់លោក ជា ស៊ីម។

នៅក្នុង​ជួរ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អំណាច​ត្រូវបាន​បែង​ចែកជា​ពីរ​ប្លុក​ដែរ។ ប្លុក​ទី១ គឺ​ក្រុម​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​ក្រុមទី២ គឺ​ក្រុម​របស់ លោក ញឹក ប៊ុនឆៃ។ នៅក្នុង​គណបក្ស​ស​ង្ត្រោះ​ជាតិ​ឯណេះ​វិញ កម្លាំង​នយោបាយ​ក៏​ត្រូវបាន​ចែកចេញជា​ពីរ​ដែរ។ កម្លាំង​នយោបាយ​ទី១ គឺ​ក្រុម​របស់លោក សម រង្ស៊ី និង​កម្លាំង​នយោបាយ​ទី២ គឺ​ក្រុម​លោក កឹម សុខា។

តាមរយៈ​បទពិសោធន៍​នេះ អ្នកបោះឆ្នោត​គិតថា អ្នកនយោបាយ​ខ្មែរ​ប្រហែលជា​គិតពី​ជម្លោះ មិន​ថា​ក្នុង​បក្ស ឬ​ក្រៅ​បក្ស​ទេ ច្រើនជាង​គិតពី​ផលប្រយោជន៍​រួម​របស់​ជាតិ មិន​យល់…?


© រក្សាសិទ្ធិដោយ thmeythmey.com