ជាតិ
Konrad-Adenauer-Stiftung ថា លោក​ ប៉ែន សមិទ្ធិ លើក​កម្ពស់​គុណភាព​សា​រព័ត៌​មាននៅ​កម្ពុជា
30, Mar 2015 , 4:01 pm        
រូបភាព
ភ្នំពេញ៖ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​តាំងពី​ទសវត្សរ៍៩០មក​ទទួលមរណៈភាព​កាលពី​ព្រឹក​មិញ​ដោយរោគាពាធ។ លោក ប៉ែន សមិទ្ធិ ត្រូវបាន​សហគមន៍​អ្នកកាសែត​នៅក្នុង​ប្រទេស​កម្ពុជា តំបន់ និង​ពិភពលោក​ចាត់ទុកថា គឺជា​ស្មេរ​មួយរូប​ដ៏​មាន​ទេពកោសល្យ​អស្ចារ្យ។ លោក​បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយជីវិត​ដើម្បី​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា។



Denis Schrey, តំណាង​អង្គការ​អាល្លឺម៉ង Konrad-Adenauer-Stiftung ប្រចាំ​នៅក្នុង​ប្រទេស កម្ពុជា បាន​និយាយថា លោក ប៉ែន សមិទ្ធិ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​គុណ​ភាព និង​ក្រមសីលធម៌​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា។ «ការបាត់បង់​លោក ប៉ែន សមិទ្ធិ ធ្វើអោយ កម្ពុជា​បាត់បង់​អ្នកតស៊ូ​មតិ​ដ៏​សំខាន់​ម្នាក់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា»។ នេះ​គឺជា​លើកឡើង​របស់លោក Denis Schrey។ 

Denis Schrey បាន​បន្តទៀតថា កម្ពុជា​បាន​បាត់បង់​មនុស្ស​ដ៏​ល្អ​ម្នាក់ និង​ជា​ឪពុក​ដ៏​ល្អ​ម្នាក់។ សម្រាប់​លោក Denis Schrey លោក ប៉ែន សមិទ្ធិ បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយជីវិត​ក្នុង​អាជីព​ជា​អ្នកកាសែត។ លោក​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​សម្របសម្រួលរ​វាង​បណ្តាញ​ព័ត៌មាន​ក្នុង​បរិបទ​នយោបាយ​មួយ​ដែល​មិនមែន​សាមញ្ញ​ធម្មតា។

លោក Pierre Gillette អ​តី​និពន្ធ​នាយក​កាសែត​បារាំង Cambodge Soir ក្នុង​ទសវត្សរ៍​ឆ្នាំ៩០ និង​ឆ្នាំ២០០០ បាន​សម្តែង​ការសោកស្តាយ​ជា​ពន់ពេក​ចំពោះ​មរណៈភាព​លោក ប៉ែន សមិទ្ធិ។ លោក Pierre Gillette សរសេរ​នៅក្នុង Account Face Book របស់លោក​ថា លោក​សូម​គោរព​ចំពោះ​កម្រិត​ជំនាញ​វិជ្ជាជីវៈ​សារព័ត៌មាន​រប​ស់លោក ប៉ែន សមិទ្ធិ។

លោក គី សុខ​លីម អគ្គនាយក​នៃ​សារព័ត៌មាន​អេ​ឡិច​ត្រូវ​និកថ្មីៗបាន​អត្ថាធិប្បាយ​ថា លោក ប៉ែន សមិទ្ធិ គឺជា​អ្នកកាសែត​មួយរូប​ដែល​គួរអោយ​គោរព​ជាទីបំផុត ពីព្រោះ​លោក​មានចំណេះដឹង​ជំនាញ​សារព័ត៌មាន​ពិតប្រាកដ និង​មានបទពិសោធន៍​សង្គម​គួរ​ជាទី​កោតសរសើរ។

លោក ប៉ែន សមិទ្ធិ ត្រូវបាន​គេ​ស្គាល់​ថា គឺជា​ស្មេរ​មួយរូប​ដ៏​ប៉ិនប្រសប់។ បទ​វិភាគ និង​គំនិត​វិភាគ​របស់លោក​មាន​លក្ខ​ណៈ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ។ លោក បាន​ចំណាយពេល​ស្ទើរ​មួយជីវិត​ធ្វើជា​អ្នកកាសែត។ លោក​បាន​លាចាក​លោក​កាលពី​ព្រឹក​មិញ​ក្នុង​អាយុ៥៤ឆ្នាំ។ លោក ប៉ែន សមិទ្ធិ បាន​បំពេញការងារ​ជា​អ្នកសារព័ត៌មាន​អោយ​កាសែត​ភ្នំពេញ​ពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៩៣ ។ ពី​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០១៥ លោក​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា និង​ជា​ម្ចាស់​គេហទំព័រ​ព័ត៌មាន CEN។ ពី​ឆ្នាំ២០០០ដល់​ឆ្នាំ២០១៥ លោក​គឺជា​ស្ថាបនិក និង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា៕




© រក្សាសិទ្ធិដោយ thmeythmey.com