អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បេក្ខជន​បក្សប្រឆាំង​នី​ហ្សេ​រី​យ៉ា​បាន​សំឡេង​នាំមុខ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី
31, Mar 2015 , 3:46 pm        
រូបភាព

យោងតាម​ការរាប់​សំឡេងឆ្នោត​បណ្តោះអាសន្ន​បេក្ខជន​ប្រធានាធិបតី​បក្សប្រឆាំង​នី​ហ្សេ​រី​យ៉ា​បានទទួល​សំឡេងគាំទ្រ​នាំមុខ​លោក​Goodluck Jonathan ។ប៉ុន្តែ​យ៉ាងណាក៏ដោយ​សន្លឹកឆ្នោត​នៅសល់​ត្រូវបាន​ចាប់ផ្តើម​រាប់​បន្តទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ដូច្នេះ​គេ​រំពឹងថា​លទ្ធផល​អាច​នឹង​ផ្លាស់ប្តូរ។ការបោះឆ្នោត​ប្រធានាធិបតី​នៅ​នី​ហ្សេ​រី​យ៉ា​លើក​នេះ​ជាការ​បោះឆ្នោត​មួយ​ដ៏​តានតឹង​និង​ប្រកៀក​ប្រកិត​បំផុត​មិន​ធ្លាប់មាន​ចាប់​តាំង​របប​យោធា​ដួលរលំ​ឆ្នាំ១៩៩៩។


មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



គណកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឯករាជ្យ​នី​ហ្សេ​រី​យ៉ា​បានសម្រេច​ផ្អាក​ការរាប់​សន្ធឹក​ឆ្នោត​សិន​នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។យោងតាម​សន្លឹកឆ្នោត​ត្រូវបាន​គេ​រាប់​ហើយ​បេក្ខជន​ប្រធានាធិបតី​ដែល​មកពី​គណបក្សប្រឆាំង​លោក​MuhammaduBuhariបានទទួល​សំឡេងគាំទ្រ​នាំមុខ​បេក្ខជន​ប្រធានាធិបតី​បក្ស​កាន់អំណាច​លោក​Goodluck Jonathan ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ។

យ៉ាងណាក៏ដោយ​នៅ​ថ្ងៃ​អង្គារ​នេះ​គណកម្មការ​ខាងលើនេះ​នឹង​ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត​បន្ត​ន​ទៀត​ដូច្នេះ​លទ្ធផល​អាច​នឹង​ផ្លាស់ប្តូរ​ជាក់​ជាមិនខាន។បើតាម​លទ្ធផល​បណ្តោះអាសន្ន​ការបោះឆ្នោត​លើក​នេះ​ជាការ​បោះឆ្នោត​មួយ​ដែល​តឹងតែង​និង​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​បំផុត​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​ចាប់តាំងពី​របប​យោធា​ដួលរលំ​នៅក្នុង​ឆ្នាំ១៩៩៩មក។

ក្នុងការ​បោះឆ្នោត​លើក​នេះ​គេ​សង្កេតឃើញ​មាន​វត្តមាន​អ្នកសង្កេតការណ៍​របស់​សហភាព​អឺរ៉ុប សហភាពអាហ្វ្រិក ​និង​អង្គការ​សហ​ប្រជាជាតិ​ដែល​ពួកគេ​ជា​អ្នកឃ្លាំមើល​និង​ធានាថា​ការបោះឆ្នោត​មាន​លក្ខណៈ​ត្រឹមត្រូវ​សេរី​និង​យុត្តិធម៌​ផងដែរ។ប៉ុន្តែ​នៅ​តំបន់​ខ្លះ​ប្រជាជន​បានចេញ​មុខ​បាតុកម្ម​តវ៉ា​ថា​ការបោះឆ្នោត​ពោរពេញ​ដោយ​ការកេងបន្លំ​សន្លឹកឆ្នោត​និង​មិនមាន​ភាពត្រឹមត្រូវ​នោះឡើយ។

ត្រលប់មក​ផ្តោតលើ​បេក្ខជន​វិញ​ប្រធានាធិបតី​ដែល​ផុត​អាណត្តិ​Goodluck Jonathan មាន​វ័យ៥៧ឆ្នាំ​ខណៈពេលដែល​ដៃគូ​ប្រជែង​របស់លោក​ជា​អតីត​មេដឹកនាំ​យោធា​លោក​MuhammaduBuhariមាន​វ័យ៧២ឆ្នាំ​ទៅហើយ។ដើម្បី​ឈ្នះ​ការបោះឆ្នោត​ជា​ប្រធានាធិបតី​បេក្ខជន​ត្រូវតែ​រក​សំឡេងគាំទ្រ​ទូទាំងប្រទេស​ប្រទេស​អោយបាន​យ៉ាងតិច៥០ភាគរយ​នៃ​សំឡេងឆ្នោត​ទាំងអស់​រួមជាមួយ​សំឡេងគាំទ្រ២៥ភាគរយ​ផ្សេងទៀត​នៃ​សំឡេងឆ្នោត​សរុប​ក្នុងចំណោម២ភាគ៣នៃ​រដ្ឋ​ទាំងអស់។

យ៉ាងណាក៏ដោយ​ប្រធានាធិបតី​ដែល​ជិត​ផុត​អាណត្តិ​របស់​នី​ហ្សេ​រី​យ៉ា​ប្រឈមមុខ​នឹង​បញ្ហា​ដោយសារតែ​របប​ដឹកនាំ​របស់លោក​មិនអាច​ដោះស្រាយ​បញ្ហា​សន្តិសុខ​បង្កឡើង​ដោយ​ភេរវជន​បូ​កូ​ហា​រ៉ា​ម​បាន​ក្នុងពេល​កន្លងមក។ប្រជា​ជននី​ហ្សេ​រី​យ៉ា​ត្រូវការ​មេដឹកនាំ​ដែល​អាចមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សន្តិសុខ​ដែល​គំរាមកំហែង​សុវត្ថិភាព​និង​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​បាន។

បើទោះជា​ការបោះឆ្នោត​មាន​ភាព​តឹងតែង​បន្តិច​ក្តី​មុន​ការបោះឆ្នោត​បេក្ខជន​ទាំងពីរ​នាក់​បាន​ព្រមព្រៀងគ្នា​ថា​នឹងមិន​មានការ​ប្រឆាំង​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ឡើយ​ហើយ​ពួកគេ​នឹង​ព្យាយាម​ទប់ស្កាត់​មិនអោយ​អំពើហិង្សា​កើតឡើង​ឡើយ​ទោះជា​លទ្ធផល​ចេញមក​បែបណាក៏ដោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com