ពីនេះ ពីនោះ
ច្បាប់​មាន​ប្រសិទ្ធិភាព​តិចជាង មនសិការ-សតិសម្បជញ្ញៈ!
02, Apr 2015 , 9:14 am        
រូបភាព

កាលពី​អតីតកាល​ច្រើន​រយ​ពាន់​ឆ្នាំកន្លងមក ប្រទេស​ភាគច្រើន​ដឹកនាំ​តាមរបៀប​កុលសម្ព័ន្ធ។ មេ​កុលសម្ព័ន្ធ​ដែល​ខ្លាំងជាងគេ​ខាង​កម្លាំងបាយ ត្រូវ​ត្រួតត្រា ដឹកនាំ​ក្រុម សហគមន៍ និង​ប្រទេស។ ប៉ុន្តែ​ក្រោយមក ប្រទេសនីមួយៗចាប់ផ្តើម​តាក់តែង​ច្បាប់​ដើម្បី​បង្ខំ​អោយ​មនុស្ស​គោរព​ច្បាប់។ តែ​ច្បាប់ ទោះជា​យ៉ាងណាក៏ដោយ នៅតែមាន​ឥទ្ធិពល​តិចជាង​សតិសម្បជញ្ញៈ។



ឧទាហរណ៍​ថា ច្បាប់​ហាមឃាត់​មិនអោយ​អ្នកធ្វើដំណើរ​ពេល​មាន​ភ្លើង​ក្រហម​នៅ​ផ្លូវបំបែក។ បើ​ត្រឹមតែ​ច្បាប់ មនុស្ស​អាច​បំពាន​បាន​យ៉ាង​ងាយ ប្រសិនបើ​គ្មាន​វត្តមាន​នគ​បាល។ បើទោះជា​ច្បាប់​ហាម​ដាច់ខាត​កុំ​អោយមាន​អំពើពុករលួយ តែ​បុគ្គល​នៅតែ​បំពាន បើ​គ្មាន​នរណា​ដឹង។ បទបញ្ជា​ក្រុមហ៊ុន ស្ថាប័ន អង្គការ កំណត់ថា ការងារ​ចាប់ផ្តើម​នៅ​ម៉ោង៨ព្រឹក តែ​បុគ្គលិក​ខ្លះ​នៅតែ​មក​យឺត​ជា​រៀងរាល់ថ្ងៃ បើ​គ្មាន​ការព្រមាន។ តែបើ​បុគ្គល​មាន​សតិសម្បជញ្ញៈ​វិញ ពួកគេ​មិន​បាក​នឹង​ឆ្លងកាត់​ភ្លើង​ក្រហម ពិបាក​នឹង​ពុករលួយ និង​ពិបាក​មក​ធ្វើការ​ងារ​យឺត​ណាស់។

សរុបសេចក្តី​មក ច្បាប់​ពិបាក​ចង​មនុស្ស​អោយ​ដើរ​តាម​ណាស់ ពីព្រោះ​មនុស្ស​ខ្លាច​ច្បាប់​ដោយសារ​ទណ្ឌកម្ម។ ប៉ុន្តែ​មនសិការ-សតិសម្បជញ្ញៈ​អាច​ចង​មនុ​ស្សបាន​លើសពី​ច្បាប់​ទៅទៀត។ ឧទាហរណ៍​ថា ភ្លើង​ក្រហម​ត្រូវបាន​ច្បាប់​ហាមឃាត់។ ដូច្នេះ ទោះបី​មាន​វត្តមាន​នគ​បាល ឬ​គ្មាន បុគ្គល​មាន​មនសិការ-សតិសម្បជញ្ញៈ​ដាច់ខាត​ត្រូវតែ​ឈប់ ពីព្រោះ​មនសិការ​បញ្ជា​អោយ​ឈប់ ពោលគឺ​មិនមែន​ឥទ្ធិពល​នៃ​វត្តមាន​នគ​បាល​នោះទេ។ តែ​ដើម្បី​បណ្តុះ​មនសិការ-សតិសម្បជញ្ញៈ ការពង្រឹង​វិស័យ​អប់រំ គឺជា​រឿង​ចាំបាច់​ខានមិនបាន។
ប្រទេសមួយ បើទោះជា​មានច្បាប់​គ្រប់គ្រាន់​ក៏ដោយ តែបើ​បុគ្គល​ដែលជា​កោសិកា​នៃ​សង្គម​នោះ ភាគច្រើន ខ្វះ​មនសិការ-សតិសម្បជញ្ញៈ ប្រទេស​នោះ ពិតជា​ពិបាកធ្វើ​អោយមាន​ការគោរព​ច្បាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com