អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ​លើក​ចេញ​ច្បាប់​សឹក តែ​កងទ័ព​នៅតែមាន​អំណាច
02, Apr 2015 , 10:15 am        
រូបភាព
ដោយ:

 
នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ព្រះមហាក្សត្រ​ថៃ​បានសម្រេច​អោយ​លើក​ចេញ​នូវ​ច្បាប់​សឹក​ដែល​បាន ដាក់​ប្រើ​ក្នុងស្រុក ជិត១ឆ្នាំ​មកនេះ។ ជំនួស​ច្បាប់​សឹក​នេះ ថៃ​នឹង​ប្រើ​ក្រឹត្យ​លេខ៤៤ ផ្តល់​អំណាច ពេញទី​ដល់​កងទ័ព​ដដែល។


ម្សិលមិញ ព្រះមហាក្សត្រ​ថៃ ព្រះ​ចៅ​ភូមិបុល បាន​យល់ព្រម​តាម​សំណើ​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​បាន​សុំអោយ​ព្រះអង្គ​អនុញ្ញាតអោយ​លើក​ចេញ​នូវ​ច្បាប់​សឹក​ដែល​ដាក់​ប្រើ ក្នុងប្រទេស​ជិត​មួយឆ្នាំ​មកនេះ។ ថៃ​បានប្រកាស​ប្រើ​ច្បាប់​សឹក​នេះ កាលពី​ថ្ងៃ២០ឧសភា គឺ២ថ្ងៃមុន​មាន​រដ្ឋប្រហារ​ទំលាក់​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់។

កាលពី​ថ្ងៃ​អង្គារ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាសថា ជំនួស​អោយ​ច្បាប់​សឹក​នេះ ថៃ​នឹង​ប្រើ​ក្រឹត្យ​លេខ៤៤វិញ។ ជា​ក្រឹត្យ​អនុញ្ញាតអោយ​លោក​ប្រា​យុទ្ធ​មាន​សិទ្ធិ​សម្រេច​ក្នុង​ផ្នែក ការពារជាតិ ដោយ​មិនចាំបាច់​ឆ្លងកាត់​សភា​ទេ។ ហើយ​ចាប់ពីពេលនេះ​ទៅ គឺ​កងទ័ព​ថៃ​ជា​អ្នក​ជ្រើសរើស​សមាជិកសភា​វិញ​ម្តង។ លោក​ប្រា​យុ​ទ្ទ​ប្រាប់ថា មិនអាច​ទុកអោយ​មនុស្ស​ឆ្លៀត​កេងចំណេញ​ពី​គោលការណ៍​នៃ​ពាក្យ​ថា​សេរីភាព​ទេ បើ​មិន​ដូច្នោះ ថៃ​នឹងរង​បាតុកម្ម ហើយ​រដ្ឋាភិបាល​មិនអាច​ធ្វើការ​បានឡើយ។

ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​បារម្ភ​ខ្លាំង​ចំពោះ​ក្រឹត្យ​លេខ៤៤នេះ។ ពួកគេ​បារម្ភ​ខ្លាច ថៃ​ធ្លាក់​ចូលក្នុង​របប​ផ្តាច់ការ។ សមាគម​ចំនួន៧គិតថា ក្រឹត្យ​លេខ៤៤នេះ​អាច​នឹង​អោយ​លោក​ប្រា​យុទ្ធ មានអំណាច​ពេញទី ទាំង​ក្នុង​ផ្លូវច្បាប់ ទាំង​រដ្ឋបាល និង​តុលាការ។ គួរ​រំលឹក​ឡើងវិញ​ថា កងទ័ព​បាន​កាន់អំណាច​ក្នុង​ខែឧសភា​ឆ្នាំ២០១៤ ក្រោយ​ថៃ​ធ្លាក់​ក្នុង​វិបត្តិ​បាតុកម្ម​រាប់​ខែ មាន​ទាំង​បាតុកម្ម​ប្រឆាំង និង​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់។ កងទ័ព​បានដាក់​ប្រើ​ច្បាប់​សឹក ហាមឃាត់​ការជួប​ជុំគ្នា​លើសពី៥នាក់​ឡើងទៅ។ ច្បាប់​សឹក​នេះ​មាន​ទិសដៅ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុងស្រុក​ឡើងវិញ ជា​ច្បាប់​តឹងតែង​ខ្លាំង​ចំពោះ​សារព័ត៌មាន។ ច្បាប់​នេះ​ក៏បាន​អនុញ្ញាតអោយ​កង​ទ័ព​ចាប់ខ្លួន និង​បញ្ជូន​មនុស្ស​ឡើង​តុលាការ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com