ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
ការបោះឆ្នោត​អាណត្តិ​ក្រោយ CNRP ហាម​បដិសេធ​លទ្ធផល​បោះឆ្នោត​ទៀត!
15, Apr 2015 , 1:00 pm        
រូបភាព
ដោយ:

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​សាទរ​​ច្បាប់​រៀបចំ​ស្ថាប័ន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថ្មី និង​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្មី ខណៈដែល​សង្គម​ស៊ីវិល​ជាច្រើន​តិះដៀល​គ្មាន​ប្រណី។ មេបក្ស​នេះ និយាយ​ចេញពី​មាត់​ថា ការបោះឆ្នោត​លើក​ក្រោយ​នឹង​អាច​ទទួលយកបាន បន្ទាប់ពី​មានការ​កែទម្រង់​ក្នុង​អាណត្តិ​នេះ។ បើ​មេបក្ស​ប្រឆាំង​ពេញចិត្ត​បែបនេះ ការបោះឆ្នោត​អាណត្តិ​ក្រោយគណ​បក្ស​នេះ​ចាញ់​ឆ្នោត​ លោក សម រង្ស៊ី  ហាម​និយាយថា គ.ជ.ប អយុត្តិធម៌ ហើយ​បដិសេធ​លទ្ធផល​បោះឆ្នោត​ដូច​លើកមុនៗទៀត។



ស្ទើរ​រាល់​អាណត្តិ​គណបក្សប្រឆាំង​តែង​មិន​សុខចិត្ត​ឡើយ​នៅពេលដែល​ខ្លួន​មិនអាច​ទទួល​ជ័យជំនះ​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ គណបក្ស​នេះ តែង​ចោទប្រកាន់​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា ស្ថិតនៅក្រោម​បញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បក្ស​នេះ​ចាត់ទុក​ការបោះឆ្នោត​ថា គ្មាន​ភាពសេរី និង​យុត្តិធម៌​ត្រឹមត្រូវ​ឡើយ។ ការបោះឆ្នោត​អាណត្តិ​ទី ៥ កន្លងទៅនេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត​ដែរ ក្រោម​ហេតុផល​ថា គ.ជ.ប មិន​ឯករាជ្យ លួ​ច​​បន្លំ​សន្លឹកឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ក៏ប៉ុន្តែ​ក្រោយពី​មាន​កិច្ចព្រមព្រៀង​នយោបាយ និង​ទទួលយក​លទ្ធផល និង​ចូល​រដ្ឋសភា​មក គណបក្ស​នេះ បាន​ចូលរួម​កែទម្រង់​ការបោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងសកម្ម​ហើយ​មេដឹកនាំ​បក្ស​នេះ​សុទ្ធតែ​ពេញចិត្ត​ច្បាប់​ថ្មី​នេះ។

ក្នុងចំណោម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុងការ​អនុម័ត​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្មី និង​ច្បាប់​រៀបចំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ថ្មី​កាលពី​កន្លងទៅ គ្មាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ណាមួយ មិន​លើកដៃ​គាំទ្រ​ច្បាប់​ទាំងពីរ​នេះ​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថែមទាំង​បាន​ថ្លែង​សាទរ​ច្បាប់​ថ្មី​នេះ​ថា មាន​ភាពល្អប្រសើរ ដែល​នឹង​អាចធ្វើ​ឲ្យ​ការបោះឆ្នោត​លើក​ក្រោយ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​ពេលដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​ច្បាប់​ថ្មី​នេះ​មិន​សំចៃ។ គណបក្សប្រឆាំង ដែល​នាពេល​កន្លងមក​ធា្ល​ប់​តែ​ស្តាប់​មតិ​សង្គម​ស៊ីវិល​ច្រើន​នោះ តែ​ការបង្កើត​ច្បាប់​ថ្មី​នេះ បក្ស​នេះ មិន​ចាប់អារម្មណ៍​ឡើយ​ចំពោះ​មតិ​រិះគន់​សង្គម​ស៊ីវិល។

ដូច្នេះ​បើ​បំណាច់នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​ពេញ​ចិត្តនឹង​លទ្ធផល​នៃ​ការកែទម្រង់​ការបោះឆ្នោត​របស់ខ្លួន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងនេះ​ទៅហើយនោះ ការបោះឆ្នោត​លើក​ក្រោយ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់ឆ្នោត មេដឹកនាំ​គណបក្ស​នេះ ឈប់​និយាយថា «អ​យុ​ធម៌​ណាស់! គ.ជ.ប មិន​ឯករាជ្យ ស្ថិតក្រោម​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បដិសេធ​លទ្ធផល​បោះឆ្នោត ព្រមទាំង​ដឹក​នាំ​ពលរដ្ឋ​ធ្វើបាតុកម្ម​ដូច​លើកមុនៗទៀត» ៕



© រក្សាសិទ្ធិដោយ thmeythmey.com