ជាតិ
បទវិភាគ
មូលហេតុធំៗ ដែលនាំឱ្យ​ជម្លោះ​មួយ​ពិបាក​ដោះស្រាយ!
12, Apr 2016 , 12:00 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ជាធម្មតា ក្នុងការ​រស់នៅក្នុង​គ្រួសារ​និង​សហគមន៍ និង​ក្នុងការ​បំពេញការងារ​ក្នុង ស្ថាប័ន ក៏ដូចជា​ក្នុងការ​គ្រប់​រដ្ឋ តិច​ឬ​ច្រើន​តែងតែមាន​ជម្លោះ​ដោយ​ចៀស​ពុំរួច។ ដើម្បី​បញ្ចប់ ជម្លោះ ទាំងនោះ ភាគី​ពាក់ព័ន្ធ​បាន​ប្រើ​វិធីផ្សេងៗដូចជា ការជជែក​គ្នា​រវាង​ភាគី​ជម្លោះ តាមបែប ប្រពៃណី​និង​ការយោគយល់​គ្នា ការចរចា​រវាង​ភាគី​ជម្លោះ​ដោយមាន​ការសម្របសម្រួល ពី​អាជ្ញាធរ និង​ការដោះស្រាយ​កាម​ផ្លូវ​តុលាការ​ជាដើម។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ក្នុងការ​ណី​ខ្លះ មាន​ជម្លោះ​មួយចំនួន​នៅតែ​មិនអាច​ដោះស្រាយបាន និង​បន្ត​អូសបន្លាយ​ក្នុង​រយៈពេល​យ៉ាងយូរ។



យោងតាម​ប្រវត្តិសាស្ត្រ បទពិសោធ និង​តថភាព​សង្គម យើង​បានដឹងថា ជម្លោះ​បានកើត​ឡើង​គ្រប់​ក្រិត​ចាប់ពី​កម្រិត​គ្រួសារ​ទៅដល់​កម្រិត​ជាតិ​និង​អន្តរជាតិ។ មូល​ហេតុដែល​នាំឱ្យមាន​ភាពស្មុគស្មាញ​ក្នុងការ​ដោះស្រាយ​ទំនាស់​មាន​ច្រើនណាស់ ដែល​ក្នុងនោះ​យើង​សូម​លើកយក​មូលហេតុធំៗមួយចំនួន​មក​បង្ហាញ​ដូចខាងក្រោម៖   
១) ភាគី​ពាក់ព័ន្ធ​មិន​ព្រម​ទទួលស្គាល់​ការណ៍​ពិត។ ការណ៍​ពិតជា​គន្លឹះ​ក្នុងការ​ដោះស្រាយ​បញ្ហា ប្រសិនបើ​យើង​រក​មិនឃើញ​ការណ៍​ពិត ឬ​មិន​ព្រម​ទទួលយក​ការណ៍​ពិត បញ្ហា​ទាំងឡាយ​ទោះបី​តូចក្ដី ឬ​ធំក្ដី ក៏​ពិតជា​មិនអាច​ដោះស្រាយ​បានឡើយ។

២) ភាគី​ពាក់ព័ន្ធ​មិន​ព្រមស្ដាប់​គ្នា​វិញ​ទៅមក។ ការផ្ដល់​ឱកាស​ឱ្យ​ភាគីនីមួយៗបង្ហាញ​ហេតុការណ៍ ឬ​បកស្រាយ​រឿងរ៉ាវ​ពាក់ព័ន្ធ​គឺជា​មធ្យោបាយ​មួយ​ដែល​ជួយ​ធ្វើឱ្យ​ភាគី​ពាក់ព័ន្ធ អ្នក​ស្រប​សម្រួល និង​អ្នកសម្រេច​ក្ដី​មាន​មូលដ្ឋាន​រឹងមាំ​ក្នុង​ស្វែង​សច្ចភាព និង​ការ​ឈានទៅ​បញ្ចប់​ជម្លោះ​ដោយ​យុត្តិធម៌។ ផ្ទុយទៅវិញ ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​មិន​ព្រមស្ដាប់​គ្នា​វិញ​ទៅមក ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ហើយ​ព្យាយាម​និយាយ​តែ​អ្វីដែល​ខ្លួន​ចង់​និយាយ​នោះ នាំឱ្យ​ខ្វះ​ការយល់​ពីគ្នា​ទៅវិញទៅមក ភាគី​បន្ត​ប្រកាន់​អគតិរៀងៗខ្លួន ដែលនាំឱ្យ​មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ។

៣) ភាគី​ពាក់ព័ន្ធ​មិន​ព្រមធ្វើ​សម្បទាន​និង​មិន​ចង់​ចាញ់ គឺ​ចង់តែ​ឈ្នះ។ ជាធម្មតា ជម្លោះ​ដែល​បានកើត​ឡើង​អាច​បង្កឡើង​ដោយ​ភាគី​ម្ខាង ឬ​ដោយ​ភាគី​ទាំងពីរ ដែល​តម្រូវឱ្យ​មានការ​ទទួលយក​ការណ៍​ពិត និង​ការធ្វើសម្បទាន ឬ​ការអត់ឱន​ដើម្បី​បញ្ចប់​ជម្លោះ។ ផ្ទុយទៅវិញ ប្រសិនបើ​ភាគី​ណាមួយ ឬ​ភាគី​ទាំងពីរ​មិន​ព្រម​ទទួលយក​ការណ៍​ពិត មិន ធ្វើ​សម្បទាន និង​មិន​អត់ឱន ហើយ​ចង់តែ​ឈ្នះរៀងៗខ្លួន​ដោយ​មិន​ឈរលើ​ហេតុផល និង​សច្ចភាព​ទេនោះ ជម្លោះ​ពិតជា​មិនអាច​បញ្ចប់​បានឡើយ។

៤) ភាគី​ពាក់ព័ន្ធ មិន​គោរព​ច្បាប់ កិច្ច​ព្រៀម​ព្រៀង និង​គោល​កាណ៍។ ការដោះស្រាយ​ជម្លោះ ត្រូវតែមាន​មូលដ្ឋាន​គតិយុត្ត​ត្រឹ​ត្រូវ និង​ច្បាស់លាស់ ដូចជា ច្បាប់ កិច្ច​ព្រៀម​ព្រៀង និង​គោល​កាណ៍ ជាដើម។ ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​មិន​ព្រម​ផ្អែកលើ​មូល​ទាំងនេះ ហើយ​អាង​តែ​លើ​កម្លាំង ខ្នងបង្អែក និង​ភាព​មានះ​របស់ខ្លួន​នោះ ជម្លោះ​នានា​ពិតជា​មិនអាច​ដោះស្រាយ​បានឡើយ។

៥)ភាពមិនច្បាស់លាស់​ក្នុង​ខ្លឹមសារ​ច្បាប់ និង​ភាពមិន​ឯករាជ្យ ភាព​ល្អៀង និង​អំពើពុករលួយ​ក្នុងការ​អនុវត្ត​ច្បាប់។ ពេលដែល​ភាគី​ពាក់ព័ន្ធ​ចង់​ដោះស្រាយ​ជម្លោះ ពួកគេ​ត្រូវការ​ច្បាប់​មួយ​ដែល​រឹងមាំ និង​មាន​ខ្លឹមសារ​ច្បាស់លាស់។ លើសពីនេះទៅទៀត គេ​ត្រូវការ​ស្ថាប័ន​មួយ​ដែល​ឯករាជ្យ និង​ត្រូវការ​មន្ត្រី​ដែល​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ មិន​លម្អៀង និង​មិន​ពុករលួយ។ ផ្ទុយទៅវិញ ប្រសិនបើ​ច្បាប់​មួយ​ដែល​ត្រូវគេ​យក​ជា​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​វិវាទ​នោះ មានន័យ​មិន​ច្បាសលាស់ នាំឱ្យ​ភាគី​ជម្លោះ​និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការសម្រេច​ក្ដី បកស្រាយ​ខុសគ្នា​តាម​ការយល់ឃើញ​និង​តាម​ភាពលម្អៀង​ទៅលើ​ផលប្រយោជន៍​របស់គេរៀងៗខ្លួន។ ឧទាហរណ៍​ទីមួយ ការបើកបរ​រថយន្ត​ដោយ​បើកភ្លើង​នៅពេល​ថ្ងៃ អ្នកខ្លះ​យល់ថា​ខុសច្បាប់ អ្នកខ្លះ​ថា​មិន​ខុស​ច្បា់​ទេ។ ឧទាហរណ៍​ទី​ពីរ ក្នុង​ជម្លោះ​នយោបាយ​ដែល​បាន​កើតឡើង​កន្លងមក ដូចជា ការប្រជុំ​សភា​លើកដំបូង​របស់​តំណាងរាស្ត្រមកពី​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​អាណត្តិ​ទី៥នៃ​រដ្ឋសភា​ដែលមាន​សមាជិក​ចូលរួម​មិន​គ្រប់១២០នាក់ អ្នកខ្លះ​បកស្រាយ​ថា​មិន​ត្រឹ​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ទេ ឯ​អ្នកខ្លះ​ទៀតថា ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ។ ឧទាហរណ៍​ទី​បី តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ទី៥ ទាំង៥៥រូប ដែល​មិនទាន់បាន​ចូលធ្វើ​សច្ចាប្រណិធាន អ្នកខ្លះ​បកស្រាយ​ថា មិនទាន់​គ្រប់​លក្ខខណ្ឌ​សមាជិកសភា​ដែលមាន​អភ័យឯកសិទ្ធិ​ទេ ឯ​អ្នក​ខ្លះទៀត​បកស្រាយ​ផ្ទុយ​ពីនេះ ជាដើម។

៦) ភាគី​ណាមួយ ឬ​ភាគី​ទាំងពីរ​នៃ​តួអង្គ​ជម្លោះ ព្យាយាម​ជ្រៀតចូល​ទៅក្នុង​តួអង្គ​សម្រេច​ក្ដី។ ក្នុងករណី​បែបនេះ ជម្លោះ​ពិតជា​មិនអាច​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌​ទេ ពីព្រោះ ភាគី​ជម្លោះ​ខិតខំ​ប្រឹង​ទាញ​ការដោះស្រាយ​ឆ្ពោះទៅរក​ផលប្រយោជន៍​និង​ជ័យជំនះ​របស់ខ្លួន។ ករណីបែបនេះ យើង​សង្កេតឃើញ​កើត​មាននៅ​ប្រទេស​នានា​លើ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ លើ​វិស័យ​នយោបាយ ពាណិជ្ជកម្ម ការគ្រប់គ្រង និង​វិស័យ​ជាច្រើន​ទៀត។

យោងតាម​ការបង្ហាញ​ខាងលើ យើង​អាច​សន្និដ្ឋានបានថា កត្តា​មូលដ្ឋាន​ទាំងនេះ​ពិតជា​បានរួម​ចំណែក​ក្នុង​រារាំង​មិនឱ្យ​ការដោះស្រាយ​ជម្លោះ​នានា ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន​ឡើយ។ ហេតុនេះ ប្រសិនបើ​យើង​ចង់​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​នានា​ដែល​កំពុង​កើតឡើង​ទាំង​នៅ​កម្ពុជា​និង​ពិភពលោក​ទាំងមូល​យើង​ត្រូវតែ​ចៀសឱ្យផុត​ពី​ឧបសគ្គធំៗទាំង​ប្រាំមួយ​នេះ និង​ឧបសគ្គផ្សេងៗទៀត​ដែល​យើង​មិនបាន​រៀបរាប់​នៅទីនេះ បើ​មិន​ដូច្នោះ​ទេ សង្គម​របស់​យើង​នឹង​នៅ​បន្ត​ប្រឈមមុខ​នឹង​ជម្លោះ​ស្មុគស្មាញ​នានា​តទៅទៀត​លើ​គ្រប់​វិស័យ​និង​គ្រប់​ក្រិត ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការស្វែងរក​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​រា​ភាព និង​សុខដុម​នីយកម្ម៕



© រក្សាសិទ្ធិដោយ thmeythmey.com