ជាតិ
សង្គមជាតិ
ក្រុម​អ្នក​ស្រឡាញ់​សត្វ​ នឹង​ដង្ហែ​ក្បួន​ប្រឆាំង​ការបរិភោគ​សាច់​ឆ្កែ​និង​ឆ្មា​នៅ​ភ្នំពេញ
05, Apr 2015 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម ម្ចាស់​សត្វ​ចិញ្ចឹម សកម្មជន​ការពារ​សត្វ នឹង​រៀបចំ​កម្មវិធី​ដើរ​ដង្ហែ​ក្បួន​ជា​លើកដំបូង​នា​រសៀល​ថ្ងៃអាទិត្យ​នេះ នៅ​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់​ឆ្កែ និង​ឆ្មា​នៅ​កម្ពុជា។ នេះ​បើតាម​ការចុះផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក( VOA ) ជា​ខេ​មរ​ភា​សា ដែល​បាន​ដកស្រង់​សម្តី​អ្នករៀបចំ​យុទ្ធនាការ​នេះ។



វិទ្យុ VOA ខ្មែរ បាន​ស្រង់​សម្តី​អ្នកស្រី ម៉ា​រី វែ​ឡាស​ស្កូ (Mary Velasco) ដែលជា​អ្នករៀបចំ​យុ​ទ្ធា​នា​ការដើរ​ដង្ហែ​ក្បួន​យុទ្ធនាការ​នេះ​ថា មូល​ហេតុដែល​អ្នកស្រី និង​សកម្មជន​ការពារ​សត្វ រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ចង់បង្ហាញ​ពី​ការមិនសប្បាយចិត្ត​រប​ស់​អ្នក​ដែល​បាត់​សត្វ​ឆ្កែ​របស់​ពួកគេ និង​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​ផលវិបាក​នៃ​ការបរិភោគ​សាច់​ទាំងនេះ ដោយសារ​វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជាច្រើន ជាពិសេស​ជំងឺ​រមាស់ និង​រាករូស។ 
 
អ្នកស្រី ម៉ា​រី វែ​ឡាស​ស្កូ បានបញ្ជាក់​យ៉ាងនេះ​ថា៖ «វា​មិនមែន​ត្រឹមតែ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​សត្វ​ចិញ្ចឹម ដូចជា​ឆ្កែ និង​ឆ្មា​នោះទេ ក៏ប៉ុន្តែ​វា​ជាការ​ផ្សព្វផ្សាយ​ការណ៍​ពិត និង​បង្ហាញ​ការយកចិត្តទុកដាក់​ដ​ល់​មនុស្សម្នារផ្សេងៗទៀត ព្រោះ​យើង​ខ្វល់​ពី​ពួកគាត់។ ពួកគាត់​យល់ថា ការ​ញ៉ាំ​សាច់​ឆ្កែ​អាចជួយ​ពួកគាត់ ឯកា​រញ៉ាំ​សាច់​ឆ្មា​អាច​ព្យាបាល​ជំងឺ​បាន។ តែ​វា​មិន​ត្រឹមត្រូវ​ទេ។ តាម​ការណ៍​ពិត​សាច់​ទាំងនេះ​និង​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ដល់​ពួកគាត់​ទៅវិញ​ទេ»។

អ្នកស្រី ម៉ា​រី វែ​ឡាស​ស្កូ បាន​បន្ថែម​ប្រាប់​VOAថា វា​មិន​ត្រឹមត្រូវ​ទេ ដែល​ប្រជាជន​នៅ​អាស៊ី​យល់ថា ការបរិភោគ​សាច់​ឆ្កែ​ធ្វើ​ឲ្យ​បុរស​មាន​កម្លាំង​ពិសេស ហើយ​ការ​ពិសារ​សាច់​ឆ្មា​ជួយ​ព្យាបាល​ជំងឺហឺត​នោះ។

សូមបញ្ជាក់ថា ការដើរ​ហែ​ក្បួន​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំងនឹង​ការហូប​សាច់​ឆ្កែ និង​ឆ្មា​ទូទាំង​ពិភពលោក​មួយ ដែល​ឲ្យ​ឈ្មោះថា «Say NO to Dog Meat» មានន័យថា «បដិសេធ​សាច់​ឆ្ក‍ែ» ដើម្បី​ប្រមូល​ការគាំទ្រ​ឲ្យ​មានការ​បង្កើត​ច្បាប់​មួយ និង​ផ្សាយ​ពី​ផលវិបាក​នៃ​ការបរិភោគ​សាច់​ទាំងនោះ ជាពិសេស​សាច់​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ និង​សាច់​ឆ្កែ​អនាថា។  

© រក្សាសិទ្ធិដោយ thmeythmey.com