ជាតិ
​​​ន​យោ​បាយ​ជាតិ​
សេចក្តីព្រាងច្បាប់​គ្រប់គ្រង NGO នឹង​ឆ្លង​គណៈរដ្ឋមន្ត្រី​នៅ​ខែឧសភា​ខាងមុខ
05, Apr 2015 , 12:47 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន សែន បានប្រកាសថា នៅពេល​រដ្ឋាភិបាល​រប​ស់លោក បានធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​រួចរាល់​ហើយ ។ លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​នៅ​ខែឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ។ « បន្ទាប់មក​យើង​នឹង​បញ្ជូនទៅ​សភា​អនុម័ត…។ ចង់​អ្នកណា គាំទ្រ ឬ​មិន​គាំទ្រ​ក្តី សំឡេង​សភា ៥០ បូក១ ដែលមាន​សិទ្ធិ​អនុម័ត ក៏​អាច​អនុម័ត​ច្បាប់​នេះ បានដែរ» ។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន ពី​ក្នុង​ពិធី​ជួប​ជាមួយ​កុមារ​ពិការ​នៅ​អង្គការ​គ្រួសារ​ថ្មី​នៅថ្ងៃនេះ។



ជាមួយគ្នានេះដែរ​លោក ហ៊ុន សែន ក៏បាន​រិះគន់​ដល់​មន្ត្រី​អង្គការ​ស៊ីវិល និង​អ្នកវិភាគ​មួយចំនួន ដែល​រារាំង​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះឡើយ។ លោក អំពាវនាវ​ឲ្យ​មន្ត្រី​អង្គការ​ស៊ីវិល និង​អ្នកវិភាគ​ទាំងនោះ កុំ​ឲ្យ​ធ្វើ​ជ្រុល​ហួសហេតុ​ពេក​លើសពី​សិទ្ធិ​របស់ខ្លួន។ លោក ហ៊ុន សែន រដ្ឋាភិបាល​ធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការ​នេះ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​មាត្រា ៤២ ។ 

ស្តាប់​សំឡេង លោក ហ៊ុន សែន 


ទាក់ទង​នឹង​ច្បាប់​នេះ លោក​សឿង សារឿន​ប្រធាន​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា (CCC) ដែល​តែងតែ​ទាមទារ​ឲ្យ​ច្បាប់​គ្រប់គ្រង​ដាក់​ពិគ្រោះ​យ៉ាង​ទូលាយ​តាំងពី​ឆ្នាំ ២០១០មក​នោះ បាន​និយាយថា ច្បាប់​នេះ ធ្វើ​ប៉ះពាល់​ដល់​ការងារ​អនុវត្ត​ការងារ​របស់ NGO យ៉ាងខ្លាំង។ «មាត្រាមួយ​ចំនួន​នៃ​ច្បាប់​នេះ បាន​រារាំង​ក្នុង​ចុះបញ្ជី​របស់ NGO ជាពិសេស​បើកទូលាយ​ឲ្យ​អាជ្ញាធរ​ធ្វើ​អធិការកិច្ច​យ៉ាង​ទូលាយ​ក្នុង NGO ដែល​នេះ​ជាការ​បន្ត​រឹតត្បិត​ក្នុងការ​បង្កើត​សមាគម និង​សិទ្ធិសេរីភាព​បញ្ចេញមតិ​ពលរដ្ឋ ដែល​ផ្ទុយ​ពី​មាត្រា៣៥ និង៣៦នៃ​រដ្ឋធម្មនុញ្ញ»។ នេះ​ជាការ​បញ្ជាក់​របស់លោក សឿង សារឿន៕  

© រក្សាសិទ្ធិដោយ thmeythmey.com