ជាតិ
លោក​ហ៊ុន សែន៖ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ថា​អាង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី យក​កូន​គេ​ដាក់គុក
06, Apr 2015 , 2:48 pm        
រូបភាព

 
ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​អ្នក​លឿង​នៅ​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​តុលាការ​កាត់ទោស ស្ត្រី​ដែល​បាន​បើក​រថយន្តបុក​អង្គរក្ស និង​របង​ផ្ទះ​របស់លោក​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​អនុញាត​ឲ្យ​ក្រៅ​ឃុំ ក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ កុំ​ឲ្យ​គេ​ថា​ឬ​អាង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី យក​កូន​គេ​ទៅ​ដាក់គុក។


មានសំឡេង



លោក ហ៊ុន សែន បានលើកឡើង​ទៀតថា៖នេះ​សំណាង​ហើយ នៅពេល​បើក​បុក​អង្គរក្ស និង​របង​ផ្ទះ​របស់លោក អង្គរក្ស​គេ​មិន​បាញ់សម្លាប់ ព្រោះ​ឥឡូវនេះ បញ្ហា​ឡាន​ដាក់​គ្រាប់បែក​អត្តឃាត​មាន​ច្រើនណាស់ ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន នៅ​សេត​វិមាន​របស់​អាមេរិក គ្រាន់តែ​បើករថយន្ត ប៉ូលិស​ឃាត់​មិន​ស្តាប់​គេ​បាញ់​សម្លាប់ចោល​តែម្តង។

សូម​រំលឹក​ផងដែរ​ថា កញ្ញា អ៊ុង កុល​ហ្សា​និ​ច ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​ឃាត់ខ្លួន​កាលពី​ម៉ោង២:១០នាទី​ទៀបភ្លឺ ឆ្លង​ចូល​ថ្ងៃទី១ខែមេសា បន្ទាប់ពី​បើករថយន្ត​បុក​អង្គរក្ស និង​របង​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ កញ្ញា អ៊ុង កុល​ហ្សា​និ​ច ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២ ខែមេសា កន្លងទៅ ក្រោម​បទ​ចោទ​ចំនួន៣ រួមមាន«បើកបរ​ក្នុងស្ថានភាព​ស្រវឹង ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​បង្ក​របួសស្នាម» ៕




© រក្សាសិទ្ធិដោយ thmeythmey.com