ជាតិ
រយៈពេល ៨ ខែ កម្ពុជា​សុំ​ទិ​ដ្ឋា​ការការងារ​ជូន​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ជិត ៧ ម៉ឺន​នាក់
09, Apr 2015 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រោយពី​រដ្ឋាភិបាល​ថៃ បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​រាប់សិប​ម៉ឺន​នាក់មក​កម្ពុជា​វិញ កាល​ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅ ស្ថានទូត​កម្ពុជា បាន​ខ្នះខ្នែង​ស្នើសុំ​ទិ​ដ្ឋាការ​ការងារ​ពី​ស្ថានទូត​ថៃ​ឲ្យ​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់ ។ មកដល់ពេលនេះ កម្ពុជា​សុំ​ទិ​ដ្ឋា​ការ​ដល់​ពលករ​ទៅធ្វើ​ការងារ​ស្របច្បាប់​នៅ​ថៃ បាន​ជិត ៧ ម៉ឺន​នាក់ ។



ចាប់ពី​ខែមិថុនា ឆ្នាំ ២០១៤ ដល់ ខែមីនា ឆ្នាំ ២០១៥ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បញ្ជូន​កំណត់​ទូ​តទៅ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​ទិ​ដ្ឋាការ​ការងារ​ស្របច្បាប់ ដល់​ពលករ​ខ្មែរ បាន​ចំនួន ៦៩៥៩៦ នេះហើយ។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង ។

បើតាម​លោក កុយ គួ​យ ការស្នើសុំ​ទិ​ដ្ឋា​ការ​ការងារ​នេះ បានធ្វើ​ឡើង​ចំនួន ២ លើក។ លើក​ទី ១ ពី​ខែមិថុនា ដល់ ខែធ្នូ ឆ្នាំ ២០១៤ កម្ពុជា​ស្នើសុំ​ទិ​ដ្ឋាការងារ​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ដល់​ពលករ​បាន ៥៣៥១៣ នាក់ ហើយ​លើក​ទី ២ ពី​ខែមករា ដល់​ខែមីនា ឆ្នាំ ២០១៥ បាន ១៦០៨២ នាក់។

ករណី​ដាច់ដោយឡែក​មួយទៀត​ដែល​ទាក់ទង​ពលករ​ចំណាកស្រុក​នេះ​ផងដែរ​ ក្រោយពី​ក្រសួងការបរទេស​កម្ពុ​ជា  បានទទួល​ដំណឹង​ថា មាន​ពលករ​ខ្មែរ ៥៨ នាក់ ត្រូវគេ​ជួញដូរ​យកទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅលើ​កោះ​នៃ​ប្រទេសឥណ្ឌូណេស៊ី លោក ហោ ណាំហុង បាន​បញ្ជា​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេសឥណ្ឌូ​ណេស៊ី ឲ្យ​ពិនិត្យមើល​ករណីនេះ។ លោក កុយ គួង បញ្ជាក់ថា ប្រសិនបើ​ពិតជា​មាន​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន ៥៨ នាក់​មែន​នោះ ស្ថានទូត​កម្ពុជា នឹង​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​និង​អង្គការ​អន្តរជាតិ ដើម្បី​បញ្ជូន​ពលករ​ទាំង ៥៨ នាក់​នោះ មក​កម្ពុជា​វិញ ៕

ដោយ ម៉ៅ សុ​ផា




© រក្សាសិទ្ធិដោយ thmeythmey.com