ជាតិ
សង្គមជាតិ
ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្រារព្វ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ប្រមូល​មូលនិធិ​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា
15, Apr 2015 , 6:33 am        
រូបភាព
ដោយ ប្រុញ សុភាណា

កូរ៉េខាងត្បូង៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ត្រូវ​ប្រារព្វ​ឡើងជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ។ ដោយឡែក ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង បានរៀបចំ​ពិធី​ជួបជុំ​ប្រារព្វ​ពិធី​ប្រពៃណីជាតិ​មួយ​នេះ នៅ​បី​តំបន់​ផ្សេងគ្នា​ចាប់តាំងពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ ដោយយោង​តាម​ភាព​មមាញឹក នៃ​ការសិក្សា និង​ការងារ។



កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ សមាគមនិស្សិត​ខ្មែរ​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បានរៀបចំ​ការជួបជុំ​មួយ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ទីធ្លា វិមាន​រដ្ឋសភាជាតិ ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៃ​ប្រទេស​កូរ៉េខាងត្បូង ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់ និស្សិត​ខ្មែរ កូរ៉េ មន្ត្រី​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង និង​ព្រះ​ស​ង្ឈ សរុប​ប្រមាណ ១៥០នាក់។ ក្រៅពី​គោលបំណង​ចូលរួមចំណែក​ថែរក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ ពិធី​នេះ​ក៏ត្រូវ​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាពរ​វា​ង​និស្សិត​ខ្មែរ និង​ជាការ​រួមចំណែក​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ខ្មែរ នៅលើ​ទឹកដី​កូរ៉េ​ខាង​ត្បួ​ង​ផងដែរ។ នៅក្នុង​ពិធី​ជួបជុំ​មួយ​នេះ គេ​ឃើញ​មានការ​សំដែង​របាំ​ប្រពៃណីជាតិ​គោះត្រឡោក រាំ​បង្ហាញ​ចង្វាក់​ប្រពៃណី ការលេង​ល្បែង​ប្រជាប្រិយ ដូចជា​លាក់កន្សែង បោះ​ឈូង​ជាដើម និង​មានការ​បរិ​ភាគ​អាហារ​សាមគ្គី​ជុំគ្នា​ផងដែរ។

ដោយឡែក​នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ សមាគម​កម្ពុជា​ស្ម័គ្រចិត្ត  អ៊ឺ​យ​ចុង​ប៊ូ ក៏មាន​ការរៀបចំ​ពិធី​ដូចគ្នានេះ​នៅក្នុង​ទីក្រុង អ៊ឺ​យ​ចុង​ប៊ូ ចាប់តាំងពី​ម៉ោង ១០ព្រឹក ដល់​ម៉ោង ១៧ល្ងាច ដោយមាន​ការចូលរួម​ពី​សំណាក់​ពលករ និង​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ។ ដោយសារតែ​ពេលវេលា និង​ទីកន្លែង​ឆ្ងាយ​ពីគ្នា ដែល​មិន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្វ​ពិធី​ជួបជុំ​ជាមួយគ្នា​បាន​នោះ នៅ​ថ្ងៃទី ១២ ខែមេសា នេះ​ក៏មាន​ពិធី​ជួបជុំ​ប្រារព្វ​ពិធី​អបអរ​បុណ្យ​ចួ​ល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​មួយ​ផ្សេងទៀត រៀបចំឡើង​ដោយ មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​ខ្មែរ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង ខ្យ​ង់​គី​ដូ ភាគ​ខាងជើង​នៃ​ទីក្រុង​សេ​អ៊ូ​ល ដែលមាន​ពលករ និង​ប្រជាពលរដ្ឋ​ខ្មែរ​អ​ញ្ចើ​ញ​ចូលរួម ប្រមាណ ១០០០នាក់។ ព្រះ​តេជគុណ រិ​ន សារ៉ូ ដែលជា​ប្រធាន​គណៈកម្មការ ដឹកនាំ​រៀបចំ​ប្រារព្វ​ពី​ធី​នេះ បាន​មាន​សង្ឃដីកា អោយដឹងថា គោលបំណង​នៃ​ការរៀបចំ​ពិធី​នេះ​មិន​ខុសគ្នា​ពី​ការរៀបចំ នៅ​កន្លែង​ដទៃ​ទេ គឺ​ដើម្បី​អបអរសាទរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដើម្បី​បង្ហាញ​ពី​ភាតរភាព​រវាង​ខ្មែរ និង​ខ្មែរ ដែល​កំពុងតែ​រស់នៅ​ឆ្ងាយ​ពី​ទឹកដី​កំណើត​របស់ខ្លួន​ផង និង​ដើម្បី​ចូលរួមចំណែក​ថែរក្សា​វប្បធម៌ ប្រពៃណី​ដ៏​ត្រចះត្រចង់​របស់​ខ្មែរ​ផងដែរ។ នៅក្នុង​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​នោះ ក៏​មានការ​រៃអង្គាស​មួល​និ​ធិ​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ។ ព្រះ​តេជគុណ រិ​ន សារ៉ូ បាន​មា​នស​ង្ឈ​ដីកា​ថា មូលនិធិ ដែល​បាន​ពី​ការ​បរិ​ច្ឋា​គ​ពី​ពលករ និង​ប្រជាពលរដ្ឋ​ខ្មែរ សរុប​មាន​ចំនួន​ជាង ៤ពាន់​ដុល្លារ ដែល​ព្រះអង្គ​នឹង​រៀបចំ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅពេល​ដ៏​ខ្លី​ខាងមុខ។

សូមបញ្ជាក់​ផងដែរ​ថា និស្សិត​ខ្មែរ​ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​មាន​ចំនួន​ប្រមាណ ៣០០នាក់ និង​ពលករ​ខ្មែរ​ចំនួន​ជាង ៣៥០០០នាក់ ដែល​កំពុង​បម្រើ​ការងារផ្សេងៗនៅ​ទូទាំង​ប្រទេសមួយ​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com