ជាតិ
សេដ្ឋកិច្ច
អង្គរសង្ក្រាន្ត៖កុមារតូចៗសប្បាយ​ប្រមូលដបទឹកលក់ ប៉ុន្តែ​ខកចិត្ត​នឹង​ថៅកែអេតចាយ​ទម្លាក់ថ្លៃ​ខុសពី​ថ្ងៃធម្មតា​
16, Apr 2015 , 5:24 pm        
រូបភាព
សៀមរាប៖ សុធី​ អាយុ​៩​ឆ្នាំ​កំពុង​ចាក់ទឹក​ដែលគេផឹកសល់ចេញពីដបអូរ៉ាល់​តូចៗ​​ នៅលើទីលាន​ជល់ដំរី។ សុធី​ និងមិត្តភក្តិ​ក្នុងភូមិ​របស់​គេជាច្រើនទៀត​កំពុង​ប្រមូលសំបក​​ដប​ដាក់ស្បោងខ្មៅធំ ដើម្បី​យកទៅលក់ឲ្យ​ឈ្មួញ (អេតចាយ) នៅ«ក្រៅអង្គរ»។ កុមារមួយក្រុមនេះ​សប្បាយចិត្ត​យ៉ាងខ្លាំងជាងថ្ងៃធម្មតា ​នៅព្រឹកថ្ងៃទី​១៥មេសា ដែលជាថ្ងៃចូលឆ្នាំ​ថ្ងៃទី​២​ ហើយ​នៅមុខទីលានជល់ដំរី​នោះយ៉ាង​ហោចណាស់មាន​មនុស្សជាង​២០០០នាក់​ដែល​ត្រូវរាំ​ចង្វាក់ម៉ាឌីហ្សូន ត្រូវផឹកទឹក និងទឹកក្រូច​យ៉ាងហោចម្នាក់​១ដប។ នេះមិនគិត​ពី​អ្នកពាក់ព័ន្ធនឹង​កម្មវិធី​ជាច្រើន​រយនាក់ និងទេសចរ​ផង។



ម្នាក់ៗប្រមូល​សំបកដប​ទឹកសុទ្ធ សំបកកំប៉ុង​បាន​រាប់រយ។ កុមារា វេត អាយុ​​១១​ឆ្នាំ​ប្រាប់ថា នៅថ្ងៃចូលឆ្នាំ​ដំបូងដែលមានពិធីសម្ពោធបើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះ រូបគេ​ប្រមូល​សំបក​បាន​មួយស្បោងធំ​យកទៅឲ្យ​ឪពុក​លក់ បាន​ប្រាក់ជាង​២ម៉ឺនរៀល​។ វេត​ និយាយថា ប្រសិន​បើ​ថៅកែ​មិនទម្លាក់តម្លៃទិញ​សំបកដប​ទាបជាង​ថ្ងៃធម្មតា​នោះទេ បរិមាណ​សំបកកំប៉ុងទឹកសុទ្ធដែលគេ​រកបាននេះ អាច​លក់បាន​ជាង​៣​ម៉ឺនរៀលឯណោះ៕

ស្រ្តីម្នាក់កំពុងជួយ​ប្រមូលសំបកកំប៉ុង​ទឹកសុទ្ធ​កូនប្រុសគាត់បាន​ប្រាប់ឲ្យដឹងថា ថ្ងៃធម្មតា​ឈ្មួញ​ទិញ​សំបកដបទឹកសុទ្ធ​មួយគីឡូក្រាម​ក្នុងតម្លៃ​៦០០រៀល ប៉ុន្តែ​នៅក្រៅចូលឆ្នាំ​ដែលពួកគេ​រក​សំបកកំប៉ុង​បានច្រើន​យ៉ាង​ដូច្នេះ បែរជាគេទិញ​ក្នុង​តម្លៃ​តែ​៤០០​រៀលក្នុង​មួយ​គីឡូក្រាម​វិញ។ ប៉ុន្តែទោះយ៉ាងណា​ក៏ពួកគេ​មិន​ខ្ជិលឡើយ។ ក្រោម​កំដៅថ្ងៃ​ក្តៅហែង​ ពួកគេ​នៅតែ​ត្រេកត្រអាល​នឹង​ចំនួន​សំបកដបទឹកសុទ្ធ​រាប់ពាន់ដែលគេ​ទុកជាគំនរ​សំរាម៕



© រក្សាសិទ្ធិដោយ thmeythmey.com