អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​លាលែង​ពី​តំណែង​ដោយ​ពាក់ព័ន្ធ​រឿង​ពុករលួយ
21, Apr 2015 , 3:47 pm        
រូបភាព

នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​សម្រេច​ប្រកាស​លាលែង​ពី​តំណែង​ជា​ផ្លូវការ ក្រោយពេល​លោក​រង​ការចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​ដោយ​ទទួល​លុយ​ខុសច្បាប់​ពី​អ្នកជំនួញ។ លោកនាយក​រដ្ឋមន្ត្រី​រូបនេះ​បាន​បដិសេធ​ការចោទប្រកាន់ ប៉ុន្តែ​លោក​សុខចិត្ត​លាលែង​ពី​តំណែង​ដើម្បី​បំបាត់​មន្ទិលសង្ស័យ​និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ផង។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



លោកនាយក​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង Lee Wan-koo បានប្រកាស​លាលែង​ពី​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយសារ​រឿងអាស្រូវ​ពុករលួយ។ លោក Lee Wan-kooសុខចិត្ត​ចុះចេញ​ពី​តំណែង បន្ទាប់ពី​លោក​ទាត់ចោល​ការចោទប្រកាន់​ជុំវិញ​ការទទួល​លុយ​សំណូក​ខុសច្បាប់​ពី​អ្នកជំនួញ​ម្នាក់​ដែល​ទើប​ធ្វើអត្តឃាត។ មន្ត្រី​រដ្ឋាភិបាល​បាន​ទទួលស្គាល់ថា ការស្នើ​សុំលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​នេះ​ជាការ​ពិត​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap។

រឿងអាស្រូវ​របស់​នាយ​ក​រដ្ឋមន្ត្រី​កូរ៉េ​រូបនេះ គឺពាក់ព័ន្ធ​នឹង​ការទទួល​លុយ​ខុសច្បាប់​ដែលមាន​ទំហំ​ប្រមាណ ៣០លាន​វ៉ុ​ន ដែល​ស្មើនឹង ២៧៧០០ដុល្លារ​អាមេរិក ពី​អ្នកជំនួញ​ម្នាក់​ឈ្មោះ Sung Wan-jong។ លោក Sun Wan-jongត្រូវបាន​ប្រទះឃើញ​ស្លាប់​បាត់បង់​ជិវិត​ដោយ​ធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​ខែ​នេះ ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ការធ្វើអត្តឃាត​នេះឡើយ។ បើ​តាមរយៈ​អាជ្ញាធរ អ្នកជំនួញ​ម្នាក់នេះ​សម្លាប់ខ្លួន ស្របពេល​ដែល​លោក​ស្ថិតក្រោម​ការស៊ើបអង្កេត​មួយ​ជុំវិញ​បញ្ហា​សំណូក និង​កិបកេង​លុយកាក់​មួយ​ជំ​នួន។

ប៉ុន្តែ​មុន​សម្រេច​ធ្វើអត្តឃាត លោក Sun Wan-jongបានផ្តល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ដោយ​អះអាងថា លោក​បានផ្តល់​វិភាគទាន​នយោបាយ​ទៅដល់​មនុស្ស​ជំនិត​លោកស្រី​ប្រធានាធិបតី Park Geun-hyeនិង​គណបក្ស​របស់លោក​ស្រី​ផងដែរ។ រឿងអាស្រូវ​ពុករលួយ​និង​ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​នេះ ពិតជា​ធ្វើអោយប៉ះពាល់​ដល់​របប​ដឹកនាំ​របស់លោក​ស្រី Park Geun-hyeដែល​កំពុង​ទន់ជ្រាយ​ស្រាប់​នោះ។

 ក្នុងពេលដែល​មានការ​ប្រកាស​លាលែង​ពី​តំណែង​របស់​ប្រមុខ​រដ្ឋាភិបាល ប្រធានាធិបតី​លោកស្រី Park មិន​ស្ថិតនៅ​ក្នុងប្រទេស​ឡើយ លោកស្រី​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​បួន​នៅ​តំបន់​អាមេរិក​ខាងត្បូង​និង​អាមេរិក​កណ្តាល។

បច្ចុប្បន្ននេះ​លោកស្រី Park កំពុងស្ថិត​ក្នុង​ឆ្នាំ​ទី​បី​នៃ​អាណត្តិ​ប្រាំ​ឆ្នាំ ហើយ​គណបក្ស​របស់លោក​ស្រី​នឹងត្រូវ​ប្រឈម​ការបោះឆ្នោត​ដ៏​តឹងតែង​មួយ​នៅក្នុង​ឆ្នាំក្រោយ​ដើម្បី​ដណ្តើម​អាសនៈ​សរុប​ចំនួន៣០០ ។  បញ្ហា​ពុករលួយ​ក្នុង​បរិបទ​នយោបាយ​កូរ៉េខាងត្បូង​នេះ​នឹង​ក្លាយជា​បញ្ហា​ចម្រូងចម្រាស និង ប្រធានបទ​ក្តៅ​បំផុត​មួយ​សម្រាប់​ការឃោសនាបោះឆ្នោត ហើយ​អ្វីដែល​គេ​ព្រួយបារម្ភ​នោះ វា​នឹង​ធ្វើអោយ​គណបក្ស​លោកស្រី Park ធ្លាក់ចុះ​ប្រជាប្រិយ​ភាពខ្លាំង​ថែមទៀត។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ធ្លាប់​ព្រមាន​ជាស្រេច​ហើយ​ថា អ្នកណា​ក៏ដោយ​ដែលជា​ប់​ពាក់ព័ន្ធ​រឿង​បញ្ហា​ពុករលួយ នឹង​មិនអាច​អត់អោន​អោយបាន​នោះឡើយ ហើយ​លោកស្រី​នឹង​ដកតំណែង​រាល់​អ្នកប្រព្រឹត្ត​ខុស​ទាំងនោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com