ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម​អនុម័ត​ថវិកា៣៣.៨លាន​ដុល្លារ​សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ២០១៥
22, Apr 2015 , 11:39 am        
រូបភាព

 
ក្រុម​ប្រទេស​ផ្តល់ជំនួយសំខាន់ៗបានអនុម័ត​គម្រោង​ថវិកា​កែសម្រួល​ថ្មី​សម្រាប់​ឆ្នាំ២០១៤-២០១៥របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា(អ.វ.ត.ក)។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម។


សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី២១មេសា​បាន​បង្ហាញថា គម្រោង​ថវិកា​ដែល​បានអនុម័ត​សម្រាប់​ឆ្នាំ២០១៥នេះ​មាន​សរុប​ចំនួន៣៣.៨លាន​ដុល្លារ​ក្នុងនោះ​ថវិកា​ចំនួន២៧.១លាន​ដុល្លារ​សម្រាប់​ភាគី​អន្តរជាតិ និង៦.៧លាន​ដុល្លារ​សម្រាប់​ភាគី​ជាតិ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា​សម្រាប់​គម្រោង​ថវិកា​ឆ្នាំ២០១៤ត្រូវបាន​កែសម្រួល​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​គម្រោង​ចំណាយ​ដែលមាន​ចំនួន២៧,៨លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុងនោះ២១,៧លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ភាគី​អន្តរជាតិ​និង៦,១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ភាគី​ជាតិ។

លោក​នេ​ត​ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​ពុធ​នេះ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​ចំនួន៤.១លាន​ដុល្លារ​សម្រាប់​ផ្តល់​ឲ្យ​ភាគី​ជាតិ​ក្នុង​ឆ្នាំ២០១៥នេះ​ក្នុងនោះ២.៥លាន​ដុល្លារ ត្រូវ​ប្រើប្រាស់​សម្រាប់​ប្រាក់បៀវត្ស​រយៈពេល៦ខែ​និង១.៦លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​ប្រតិបត្តិការផ្សេងៗនៅក្នុង​សាលាក្តី​ខ្មែរក្រហម​ដូចជា ចំណាយ​ទឹក ភ្លើង​និង​ការដឹកជញ្ជូន​ជាដើម​ដូច្នេះ ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ខ្វះ​ថវិកា​ចំនួន២.៦លាន​ដុល្លារ​បន្ថែមទៀត។

អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ដដែល ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​ម្ចាស់ជំនួយ​ទាំងអស់​បន្ត​ផ្តល់ជំនួយ​ជា​បន្តទៀត​អ.វ.ត.ក​ដើម្បី​ធានាថា​ដំណើរការ​នីតិវិធីតុលាការ​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការរអាក់រអួល​សម្រាប់​ឆ្នាំ២០១៥នេះ។

សូមបញ្ជាក់ថា​សាលាក្តី​ខ្មែរក្រហម​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ២០០៦មក។ចាប់តាំងពី​ឆ្នាំ២០០៦ដល់​ឆ្នាំ២០១៤សាលាក្តី​កូនកាត់​មួយ​នេះ​បាន​ចំណាយ​ថវិកា​អស់​ចំនួន២០៤.៥លាន​ដុល្លារ​ក្នុង​ភាគី​អន្តរជាតិ​ចំនួន១៥៤.៩លាន​ដុល្លារ​និង​ភាគី​ជាតិ​ចំនួន៤៩.៦លាន​ដុល្លារ៕



© រក្សាសិទ្ធិដោយ thmeythmey.com