ជាតិ
ខ្មែរក្រោម​ថតចម្លង​ឯកសារ​បាន​ជាង​ពាក់កណ្តាល​ហើយ តែ​នៅ​ស្វែងរក​ជំនួយ​បន្ថែម
28, Apr 2015 , 10:18 am        
រូបភាព
ដោយ:

 
ភ្នំពេញ៖ គិត​មកដល់ពេលនេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថតចម្លង​ឯកសារ​ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ដែល​រកឃើញ​ជាង ៥ពាន់​ទំព័រ​នោះ បាន​ជាង ២ពាន់​ទំព័រ ហើយ​សហគមន៍ ក៏ត្រូវ​ការ​ថវិកា​បន្ថែ​ម​ជាង ៨ពាន់​អឺរ៉ូ ស្មើ​ជាង ៩ពាន់​ដុល្លារ​អាមេរិក​ទៀត ដើម្បី​បោះពុម្ព​រួចរាល់។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ថាច់ សេដ្ឋា។



សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​បោះពុម្ព​ឯកសារ​ដែល​បាន​រកឃើញ​នៅ​ប្រទេស​បារាំង​ជាង ៥ពាន់​ទំព័រ រួច​ជាង​ពាក់កណ្តាល​ហើយ នៅត្រឹម​ខែមេសា​នេះ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹងថា ក្រុមការងារ​របស់លោក បាន​ថតចម្លង​ឯកសារ​រួច​ជាង ២ពាន់​ទំព័រ​ហើយ ពោលគឺ នៅតែ​ជាង ៣ពាន់​ទំព័រ​ទៀត ប៉ុណ្ណោះ មុននឹង​បញ្ជូន​មកកាន់​កម្ពុជា នាពេលខាងមុខ។ បើតាម​គម្រោង​សហគមន៍​ខ្មែរក្រោម គ្រោង​នឹង​បញ្ចប់​ការបោះពុម្ព​នៅ​អំឡុង​ខែមិថុនា ឆ្នាំ២០១៥ ។

លោក​ថា៖«យើង​បានរៀបចំ​ឯកសារ និង​ថតចម្លង​បាន​ជាង ២ពាន់​ទំព័រ​រួចរាល់ ដោយ​ចំណាយ​ថវិកា​អស់​ជាង ៥ពាន់​អឺរ៉ូ ស្មើ​ជាង ៦ពាន់​ដុល្លារ​អាមេរិក។ ហើយ​យើង​នៅ​ត្រូវការ​ថវិកា​បន្ថែមចំនួន ៨ពាន់​អឺរ៉ូ ស្មើ​ជាង ៩ពាន់​ដុល្លារ​អាមេរិក​ទៀត ដើម្បី​បោះពុម្ព​រួច»។

សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម កន្លងមក បានប្រកាសថា ត្រូវការ​ថវិកា​ចំនួន ១២៥០០អឺរ៉ូ​ស្មើនឹង ១៣០០០ដុល្លារ​អាមេរិក ដើម្បី​ថតចម្លង​ឯកសារសំខាន់ៗដែល​ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ប្រមាណ៥ពាន់​ទំព័រ​នៅក្នុង​ប្រទេស​បារាំង​នោះ។ ប្រធាន​សហគមន៍​ខ្មែរ​បាន បញ្ជាក់​ពី​ការទទួលបាន​ថវិកា​សម្រាប់​ចំណាយ​បោះពុម្ព​ឯកសារ​រួច​ជាង​ពាក់កណ្តាល​នោះ​ថា៖«យើង​បាន​ថវិកា​សប្បុរសធម៌​ពី​បងប្អូន សប្បុរសជន នៅ​ប្រទេស​បារាំង កន្លងមក។ ហើយ​យើង​ក៏ត្រូវ​ថវិកា​បន្ថែមទៀត ដើម្បី​បញ្ចប់»។


ឯកសារសំខាន់ៗទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ជាង ៥ពាន់​ទំព័រ​នោះ ត្រូវបាន​ថតចម្លង​ចេញពី​ឯកសារ​ដើម នៅក្នុង​ប​ណ្ណា​សារ​ដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អេ​អង់​ប្រូ​វ៉ង់ (Aix-en-Provence) ប្រទេស​បារាំង។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់លោក ថាច់ សេដ្ឋា។

ឯកសារ​ទាំង៥ពាន់​ទំព័រ ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​រកឃើញ​រួមមាន​ដូចជា​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​នរោត្តម​ផ្ញើរ​ជូន​រដ្ឋាភិបាល​បារាំង​កិច្ចព្រមព្រៀង​បារាំង​វៀតណាម​នៅ​ឆកសមុទ្រ​ហា​ឡុង នៅ​ដា​ឡា​ត់​និង​នៅ​ហ្វុ​ង​តេន​ណឺ​ប្លូ​ជាដើម។ ក្រៅពីនេះ​ក៏​រកឃើញ​កំណត់ហេតុ​ប្រជុំ​សភា​បារាំង​ក្នុងការ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​ថ្ងៃទី០៤ មិថុនា​ឆ្នាំ១៩៤៩ សន្ធិសញ្ញា​បារាំង​វៀតណាម​និង​កំណត់ហេតុ​ចរចាផ្សេងៗព្រមទាំង​លិខិត​ឆ្លងឆ្លើយ​សម្ងាត់​ជាច្រើន​ដែល​ទាក់ទង​នឹង​ការ​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម។ ឯកសារ​ទាំងនេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ប​ណ្ណា​សា​រដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អេ​អង់​ប្រូ​វ៉ង់ (Aix-en-Provence) ប្រទេស​បារាំង​តាម​ការណែនាំ​របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា។
 
បើតាម​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បន្ទាប់ពី​បញ្ចប់​ការថត​ចម្លង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹងធ្វើ​ការបកប្រែ​ជា​ផ្លូវការ​នូវ​ឯកសារ​ទាំងនោះ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ និង​អង់គ្លេស។បន្ទាប់មក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹងដាក់​ជូនទៅ​កាន់​ក្រសួង​អប់រំ​ដើម្បី​ស្នើសុំ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​តម្កល់​នៅ​រាជ្យ​បណ្ឌិតសភា​កម្ពុជា និង​អង្គការ​យូ​ណេ​ស្តូ​ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ជាតិ។

ជាងនេះទៀត​នោះ លោក​បាន​បញ្ជាក់ថា៖«សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ក៏​នឹង​យក​ឯកសារ​ទៅកាន់​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹកដី​កម្ពុជា​ក្រោម»។

គួរ​បញ្ជាក់ថា កន្លងមក អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​បាន​អះអាង​ជា​សាធារណៈ​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ។ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​សហគមន៍ ខ្មែរ​កម្ពុជា​ក្រោម​ព្យាយាម​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង​ស្រាវជ្រាវ​រក​ឯកសារ​ដើម្បី​បង្ហាញ​ជា​ភស្តុតាង​ថា ទឹក​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ខ្មែរ​ដែល​បារាំង​បាន​កាត់​ប្រគល់​ទៅ​វៀតណាម៕



© រក្សាសិទ្ធិដោយ thmeythmey.com