ជាតិ
យុវជន​ដ៏​អង់អាច
28, Apr 2015 , 1:59 pm        
រូបភាព
លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត៖ LDP
លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត៖ LDP
លិខិតមិត្តអ្នកអាន
ដោយ ប៉ែន សុ​ជី​វ័​ន្ត
Email: [email protected]


បើ​យើង​បាន​ស្តាប់​សម្តី​លោក​មេបក្ស"អិ​ល​ឌី​ភី"ប្រមាណ១០នាទី​ដំបូង ទាំង​គេ​ទាំង​ខ្ញុំ​គឺ ពិតជា​ពេញចិត្ត​ណាស់ ជាពិសេស​គឺ ពេល​គាត់​និយាយ​ពន្យល់​ពី​ដំណោះស្រាយ​បញ្ហា​សង្គម។
ខ្ញុំ​ពិតជា​មិនអាច មិន​សរសើរ​មិនបាន ពី​សិល្បៈ​នៃ​ការពន្យល់​របស់គាត់ ជាពិសេស​គឺ ការកែច្នៃ​ប្រឌិត គំនិត​វិទ្យាសាស្ត្រ​នយោបាយ និង​យន្តការ៨ចំណុច របស់​គណបក្ស។



សិល្បៈ​ការនិយាយស្តី សិល្បៈ​នៃ​ការទំនាក់ទំនង​របស់​លោក​ខឹម វាសនា អាចធ្វើឱ្យ​យុវជន​រួមទាំង​ខ្ញុំ​ផងដែរ ជឿ​ស្លុង​ទៅលើ​រូបលោក ជាពិសេស​យើង​អាច​និយាយបានថា គាត់​ជា​បុគ្គល​អច្ឆរិយៈ​មួយ ក្នុងចំណោម​មេដឹកនាំ​នយោបាយ​ក្នុងប្រទេស ដែល​ចេះ​ប្រើ​សិល្ប៍​វិធី​ប្រោះព្រំ​ទឹកចិត្ត​យុវជន​ដូចជា​ខ្ញុំ​ដែរ។ បើ​យើង​ក្រលេកមើល​យន្តការ៨ចំណុច​របស់​គណបក្ស"អិ​ល​ឌី​ភី" គ្មាន​ចំណុច​ណាមួយ ដែល​យើង​មិន​ពេញចិត្ត​នោះទេ ជាពិសេស​គឺ ចំណុច«កំណត់ អាណត្តិ​នាយករដ្ឋមន្ត្រី​មក​ត្រឹម២អាណត្តិ និង​នាយករដ្ឋមន្ត្រី​ត្រូវ​មក​រស់នៅ​ផ្ទះ ដែល​ផ្តល់​ដោយ​រដ្ឋ» ឬ ថា៨ចំណុច និយាយ​ជារួម​មក​គឺ បំបែក​អំណាច​ប្រមូលផ្តុំ​របស់​អ្នកកាន់អំណាច ។ តែ​គូរ​ឱ្យ​ស្តាយ​លោក​ប្រធាន​បក្ស​បាន​បណ្តុះ​គំនិត​មួយ​គឺ គំនិត«ជេរ​មនុស្ស ដែល​គួរ​ជេរ»។

បើតាម​ខ្ញុំ​យល់ បើ​គាត់​ជេរ​ជា​លក្ខណៈ​ឯកជន ដូចជា​ជេរ​បងប្អូន កូនចៅ​គាត់​នៅផ្ទះ​គឺ មិន​អី​ទេ តែបើ​គាត់​ឡើង​វេទិកាសាធារណៈ ហើយ​ផ្សព្វផ្សាយ​ជា​សារ​ធារ​ណៈ ហើយ​ប្រើ​ពាក្យអសុរស​នោះ​គឺ ដូច​ជាការ​សាបព្រោះ​វប្ប​ធ​ម៍​ប្រើ​ពាក្យអសុរស​ទាំងនេះ​ក្នុងសង្គម​ខ្មែរ​ទាំងមូល​ដែរ ជាពិសេស​គឺ ជះឥទ្ធិពល​ដល់​យុវជន ដែល​គាំទ្រ​បក្ស​របស់គាត់។
ជាក់ស្តែង​យើង​ឃើញ​យុវជន ដែល​យើង​អាច​កត់សំគាល់​បាន​ថា ជា​យុវជន​បក្ស"អិ​ល​ឌី​ភី"( តាមរយៈ​ពាក្យពេចន៍ និង​កម្រង​រូបភាព​របស់​ក្រប​ទំព័រ​របស់​ពួកគេ ) ចាប់ផ្តើម​ប្រើ​ពាក្យអសុរស​ចំពោះ​នរណា ដែល​គេ​យល់ថា «គួរ​ជេរ»នោះ​ផងដែរ។ គឺមាន​ដូចជា អ្នក​រិះគន់​គោ​លន​យ​បាយ ឬ​យន្តការ៨ចំណុច​របស់ "អិ​ល​ឌី​ភី"ជាដើម។

ជាទូទៅ ទាំង​គេ​ទាំង​ខ្ញុំ​យល់ស្រប​ថា វិធីសាស្ត្រ​របស់​គណបក្ស"អិ​ល​ឌី​ភី" ដោយ​យក​ការពន្យល់​ដល់​រាស្ត្រ ហើយ​ធ្វើឱ្យ​គាត់​យល់​ពី​បញ្ហា​សង្គម​គឺ ជា​រឿង​ត្រឹមត្រូវ។ តែ​មិន​យល់ស្រប​ត្រង់​ថា ៖ ការប្រើ​ពាក្យអសុរស (ជេរ​គ្នា​តាម​បណ្តាញ​ផ្សព្វផ្សាយ) ជាការ​ពន្យល់​ដល់​អ្នក ដែល​មិនទាន់​យល់​នោះទេ។មិន​ត្រឹមតែ​មិនអាច​ពន្យល់​អ្នក​ដែល​មិនទាន់​យល់ តែ​បែរជា​ធ្វើឱ្យ​គាត់​លែង​ចង់​ស្តាប់​ការពន្យល់​ទៅវិញ។ លើសពីនេះ​មិន​ត្រឹមតែ​ពួកគេ​មិន​ចង់​ស្តាប់​សេចក្តីពន្យល់​របស់​សមា​ជិ​កប​ក្ស"អិ​ល​ឌី​ភី"ប៉ុណ្ណោះ​ទេ គឺ ថែមទាំង​មិន​ចង់​ហ៊ាន​ក្បែរ​សកម្មជន និង​អ្នកគាំទ្រ​បក្ស​នេះ​ទៀតផង ដោយ​ខ្លាច​ពួកគេ(អិ​ល​ឌី​ភី)ជេរប្រមាថ​នៅពេលដែល​ពួកគេ​ជជែក​សួរដេញដោល។

មាន​ពាក្យអសុរស​មួយចំនួន ដែល​យើង​អាចនិយាយបាន​ថា​សឹង​ក្លាយជា​កម្មសិទ្ធិបញ្ញា​រប​ស់"អិ​ល​ឌី​ភី "ទៅហើយ​ដូចជា​ពាក្យ «អា​ឈាម​ឆ្កែ អា​ឈាមថោក អា​សំគិស...។ល។ និង។ល»។ ពាក្យ​ទាំងនេះ មិន​សម​នឹង​ថ្នាក់ដឹកនាំ​របស់​គណបក្ស"អិ​ល​ឌី​ភី" មើលរំលង​នោះទេ គួរតែមាន​អន្តរាគមន៍ ឬ​ចេញ​សេចក្តីណែនាំ​ឱ្យ​សមាជិក​បក្ស​របស់ខ្លួន​បញ្ឈប់​ការប្រើ​ពាក្យ​ទាំងនេះ ជាការ​ឆ្លើយតប​ទៅនឹង​អ្នក​មិន​គាំទ្រ​បក្ស​របស់ខ្លួន។ ជាពិសេស​យ៉ាងហោចណាស់​អាច​ចេញ​ត្រឹម​សេចក្តីថ្លែងការណ៍​ជា​សារ​ធារ​ណៈ​ដោយ​និយាយថា៖ ជន​ទាំងឡាយណា ដែល​យកឈ្មោះ អិ​ល​ឌី​ភី ហើយ​ប្រើ​ពាក្យអសុរស គឺជា​ការទទួលខុសត្រូវ​របស់​ជន​នោះ។ ហើយ​ថា៖បើ​បងប្អូន​អ្នកគាំទ្រ"អិ​ល​ឌី​ភី"ពិតជា​ស្រលាញ់ "អិ​ល​ឌី​ភី"មែន ត្រូវតែ​បញ្ឈប់​ការនិយាយ​ពាក្យអសុរស​ទៅ បងប្អូន​ដែល​មិនទាន់​គាំទ្រ​បក្ស"អិ​ល​ឌី​ភី" ព្រោះ​ការនិយាយ​ពាក្យអសុរស​មិន​ត្រឹមតែ​បាត់បង់​តម្លៃ​ផ្ទាល់ខ្លួន​យើង​នោះទេ ថែមទាំង​ធ្វើឱ្យប៉ះពាល់​ដល់​បងប្អូន"អិ​ល​ឌី​ភី"ដទៃទៀត ហើយក៏​រឹតតែ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់"អិ​ល​ឌី​ភី"ផងដែរ។

ជាមួយគ្នានេះដែរ បញ្ហា​អសីលធម៌​នេះ​គឺ មិនមែន​គ្រាន់តែ​ជា​កំហុស(អាច​ថា​ដោយ​អ​ចេតនា)របស់​គណបក្ស"អិ​ល​ឌី​ភី"ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កំហុស​របស់ អាណាព្យាបាល(រួមទាំង​ញាតិសន្តាន)យុវជន​ទាំងនោះ បងប្អូន​ជន​រូ​ម​ជាតិខ្មែរ និង​រាជរដ្ឋាភិបាល (ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​វប្បធម៌)ផងដែរ។

ទី១) កំហុស​របស់​អាណាព្យាបាល​គឺ​ត្រង់​ថា៖ មិនបាន​សង្កេតមើល​ពី​សកម្មភាព​និយាយស្តី និង​សកម្មភាព​ចូលរួម​កិច្ចការ​សង្គម ហើយ​ធ្វើការ​ស្តីប្រដៅ បើ​ឃើញ​ខុសឆ្គង​ដល់​យុវជន ដែលជា​កូន ជា​ចៅ​របស់​យើង។ ជាពិសេស​បើ​ពួកគេ​មានការ​សេពគប់​ជាមួយ​យុវជន ឬ​ក្រុម ដែលមាន​ការនិយាយស្តី​គ្មាន​សីលធម៌​ជាដើម។

ទី២) កំហុស​បងប្អូន​ជនរួមជាតិ​របស់​យើង ត្រង់​ថា៖ ពេល​ឃើញ​ពួកគាត់​និយាយ​ពាក្យអសុរស​ហើយ គឺ មិន​ឆ្លើយតប​ដោយ​ពាក្យ​មាន​សុជីវធម៌​វិញ​នោះទេ គឺ​បែរជា​ប្រើ​ពាក្យអសុរស​បក​ទៅវិញ។ដូច្នេះហើយ បានជា​គាត់​និយាយថា៖ ជេរ​មនុស្ស ដែល​គួរ​ជេរ។ នេះ​គេ​ហៅថា យក​កំហឹង​ទល់​កំហល់។ ជាធម្មតា​យើង​សង្កេតឃើញថា ភាគច្រើន​យុវជន​គាំទ្រ​បក្ស"អិ​ល​ឌី​ភី" មាន​អាយុ​មិន​ដល់៣០នោះទេ។ អាយុ​នេះ​យើង​អាច​និយាយបានថា​ជា​អាយុ​ឈាមរាវ អាង​កាប់​អាង​ចាក់។តាមចិត្ត​សាស្ត្រ អ្នក​ក្នុង​អាយុ​នេះ​មិនអាច​ប្រើ«កំហឹង​ទល់​កំហល់​នោះទេ» បើ​មិន​អ៊ីចឹង​គឺ ដូច​ក្របី​ឃើញ​ដើម​ចេក!
តាម​បទពិសោធន៍​របស់ខ្ញុំ ដែល​ធ្លាប់​ពិភាក្សា​ជាមួយ​យុវជន​ទាំងនោះ គឺ​មិនមែន​ពួកគាត់​អត់​ស្តាប់​ហេតុផល​ទេ តែ​មកពី​ពួកគាត់​ទទួលរង​មតិ​រិះគន់​បែប​វាយប្រហារ បែប​ផ្ចាញ់ផ្ចាល ទើប​ពួកគាត់​ប្រតិកម្ម​វិញ​យ៉ាង​ដូច្នេះ ជាពិសេស​គឺ មតិ​រិះគន់​មកពី​អ្នកគាំទ្រ​គណបក្សប្រឆាំង(គណបក្ស​សង្គ្រោះ​ជាតិ)។ ដូច្នេះ បើ​បងប្អូន​ជនរួមជាតិ​គិតគូរ​ដល់​វប្បធម៌​សីលធម៌​សង្គម សូម​ពិចារណា​ពី​វិធីសាស្ត្រ​ប្រតិកម្ម​ទៅ​យុវជន​ទាំងនោះ​ផង។ បើ​ធ្វើជា​កុំ​រវល់​ល្អ​ជាង​ការឆ្លើយតប​ដោយ​របៀប​ផ្ចាញ់ផ្ចាល។

ទី៣)អ្នក​ដែល​គួរ​បន្ទោស​បន្ទាប់​គឺ រដ្ឋាភិបាល ជាពិសេស​គឺ ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​វប្បធម៌។ មិនគួរ​មិន​យកចិត្តទុកដាក់​ចំពោះ​យុវជន​ទាំង​នោះទេ។ គួរតែមាន​វិធានការណ៍​ឬ ចេញ​សេចក្តីណែនាំ​ដល់​មេដឹកនាំ​បក្ស"អី​ល​ឌី​ភី" ឱ្យ​ពង្រឹង​សីលធម៌​នៃ​ការនិយាយស្តី​របស់​អ្នកគាំទ្រ​ខ្លួន។

អ្វីដែល​ខ្ញុំ និង​បងប្អូន​ខ្មែរ​បារម្ភ​នោះ គឺ​ការប្រើ​ពាក្យអសុរស​ទាំង​នោះ អាច​ក្លាយទៅជា​វប្បធម៌​មួយ ហើយ សាបព្រោះ​ឥទ្ធិពល​ដល់​យុវជន​ទូទៅ​ក្នុងសង្គម​ធ្វើឱ្យ​សីលធម៌​សង្គម​កាន់តែ​ធ្លាក់ចុះ។ ក្នុងសង្គម​ប្រទេស​ណាក៏ដោយ ពលរដ្ឋ​និង ថ្នាក់ដឹកនាំ​ប្រទេស​នោះ​ពិត​ជាមាន​មោទនភាព​ខ្លាំងណាស់ បើ​មាន​យុវជន ដែលជា​ទំពាំង​ស្នង​ឫស្សី​មាន​ភាពក្លាហាន​មោះមុត ហ៊ាន​ប្រឈមមុខ ចូលរួម​ក្នុង​សកម្មភាព​សង្គម។

តែ​ផ្ទុយទៅវិញ វា​ពិតជា​ការឱ្យ​ព្រួយបារម្ភ​ខ្លាំងណាស់​បើសិនជា​យុវជន(អាច​ថា​មួយ​ភាគ​តូច) ខ្វះ​សីលធម៌​ក្នុងការ​និយាយស្តី ហើយ​ប្រើតែ​ពាក្យអសុរស។

បើ​មិនមាន​វិធានការណ៍​ទប់ស្កាត់​ជាបន្ទាន់​ទេ ការនិយាយស្តី​បែប​អសីលធម៌​នេះ​នឹង​ក្លាយទៅជា​មនោ​គន៍​វិជ្ជា ដែល​ដឹកនាំ​យុវជន​ឱ្យក្លាយ​ទៅជា​ក្រុម «ជ្រុលនិយម និង​ដាច់ខាត​និយម» ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​នៅ​ថ្ងៃក្រោយ។

បើ​មានការ​ខុសឆ្គង ឬ​លើសខ្វះ​អ្វី សូមមេត្តា​អភ័យទោស។



© រក្សាសិទ្ធិដោយ thmeythmey.com